ណៃពិដោ៖ រដ្ឋមន្ត្រីសហភាពសហគមន៍ និងអភិវឌ្ឍន៍ជនបទភូមា ដែលដើរតួជាប្រធានគណៈកម្មាធិការដឹកនាំ បានបញ្ជាក់កាលពីពេលថ្មីៗកន្លងមកនេះថា រដ្ឋាភិបាលកំពុងត្រៀមខ្លួនបញ្ជាទិញជី និងថ្នាំសម្លាប់សត្វល្អិតសរុបជិតពីរលានតោនពីបរទេស សម្រាប់បង្កបង្កើនផលរបស់កសិករ នៅក្នុងរដូវវស្សាចូលមកដល់ខាងមុខនេះ។
យោងតាមគណៈកម្មាធិការដឹកនាំបញ្ជាទិញ និងចែកចាយជី របស់ប្រទេសភូមា បានឱ្យដឹងថា សម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ រដ្ឋាភិបាលភូមា មានបំណងនាំចូលជីចំនួន១,៦លានតោន និងថ្នាំសម្លាប់សត្វល្អិតចំនួន៣២ ០០០ តោន ដោយគណៈកម្មាធិការបានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុននាំចូលជីត្រូវប្រឹងប្រែងសុំអាជ្ញាប័ណ្ណនាំចូល។
របាយការណ៍របស់សមាគមសហគ្រិនផលិតជី ពូជ និងថ្នាំសម្លាប់សត្វល្អិតរបស់ភូមា បានបង្ហាញថា ប្រទេសភូមាបាននាំចូលជីពីបរទេសជាង១,១លានតោន ក្នុងចន្លោះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបានចែកចាយជីអស់ជាង៩៨៣ ៥៦០តោន សម្រាប់ការបង្កបង្កើនផលនាពេលកន្លងមក ហើយនៅសល់ជីក្នុងស្តុកជាង៣០០,០០០តោន។
រដ្ឋមន្ត្រីសហភាពសហគមន៍ និងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យមន្ទីរកសិកម្មពិភាក្សាអំពីតម្រូវការជីប្រចាំខែ ដើម្បីទទួលបានធាតុចូលសម្រាប់រដូវវស្សានាពេលខាងមុខ ព្រមទាំងត្រៀមលក្ខណៈដើម្បីទទួលបានអាជ្ញាប័ណ្ណនាំចូលផងដែរ។
លោកបានបញ្ជាក់បន្ថែមថា កន្លងមកជីត្រូវបានចែកចាយដល់កសិករតាមប្រព័ន្ធឥណទានរបស់រដ្ឋ ដោយត្រូវសងប្រាក់ក្រោយប្រមូលផល រវាងខែសីហា និងខែកញ្ញា ជារៀងរាល់ឆ្នាំ។
លោកក៏បានសម្តែងការកោតសរសើរចំពោះអ្នកបានសហការក្នុងគម្រោងនេះ ដោយផ្តល់ឱកាសដល់កសិករអាចទិញជីក្នុងតម្លៃទាបជាងតម្លៃទីផ្សារ។ ជាពិសេស គម្រោងនេះពិតជាបានជួយកសិករភូមាក្នុងការបង្កើនទិន្នផល និងរក្សាគុណភាពដំណាំកាន់តែល្អប្រសើរឡើង។
លើសពីនេះទៀត តម្លៃយោងសម្រាប់ខែមីនា ឆ្នាំ២០២៦ ត្រូវបានកំណត់តម្លៃត្រឹម៩៤ ០០០លុយខ្យ៉ាតភូមា ឬប្រហែលនិង៤៥ដុល្លារ ក្នុងជីនៃជីអ៊ុយរ៉េគ្រាប់ធំមួយបាវទម្ងន់៥០គីឡូក្រាម និងកំណត់តម្លៃត្រឹម១១៥ ០០០លុយខ្យ៉ាតភូមា ឬប្រហែលនិង៥៥ដុល្លារ សម្រាប់ជីឌីអាម៉ូញ៉ូមផូស្វាត មួយបាវទម្ងន់៥០គីឡូក្រាម។ ប៉ុន្តែ បញ្ហាសង្គ្រាមកំពុងកើតឡើងនៅតំបន់មជ្ឈិមបូព៌ា អាចជំរុញឱ្យតម្លៃជីកើនឡើងខានពេលខាងមុខ។
លោករដ្ឋមន្ត្រីបានជំរុញឱ្យអ្នកនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ត្រូវរក្សាស្ថិរភាពតម្លៃសម្រាប់ជីនាំចូលក្រោមអាជ្ញាប័ណ្ណចាស់។ លោកក៏បានណែនាំដល់ក្រសួងពាក់ព័ន្ធ ឱ្យតាមដានទីផ្សារ ដើម្បីធានាថា មិនមានការកេងប្រវ័ញ្ចតម្លៃ ឬការប្រមូលទិញទុក។
ចំណែកសមាគមជីរបស់ភូមា ក៏ត្រូវត្រួតពិនិត្យមើលក្រុមហ៊ុនមានអាជ្ញាបណ្ណ ដើម្បីធ្វើឱ្យការនាំចូល និងការចែកចាយជាក់ស្ដែងពិតជាត្រឹមត្រូវ ហើយលោកបានលើកទឹកចិត្តដល់មន្ទីរជំនាញ ត្រូវសហការគ្នា ដើម្បីសម្រេចបាននូវគោលបំណងរបស់គណៈកម្មការតម្រង់ទិស គឺជីអាចរកបានគ្រប់ពេល មានតម្លៃសមរម្យ និងមានគុណភាពល្អ៕












