កសិករបួនគ្រួសារនៅស្រុកសន្ទុក ខេត្តកំពង់ធំ ចាប់អាជីពចិញ្ចឹមបង្កងក្នុងស្រែ ដើម្បីបានចំណូលបន្ថែម

photo_2026-02-16_09-50-37

ដោយ នៅ ស៊ីវុត្ថា

កំពង់ធំ៖ បន្ទាប់ពីទទួលបានការគាំទ្រថវិកា និង បច្ចេកទេសចិញ្ចឹមបង្កងពីអង្គការក្រៅប្រទេសប្រចាំកម្ពុជាមួយ កសិករ ៤គ្រួសារ ស្ថិតនៅភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បាននឹងកំពុងចាប់អាជីពចិញ្ចឹមបង្កងក្នុងស្រែ ដើម្បីបានចំណូលបន្ថែមក្នុងការជួយសម្រួលជីវភាពគ្រួសារ។

លោកស្រី ង៉ោក សេងហុង គ្រូបង្កោលលើការចិញ្ចឹមបង្កងក្នុងស្រែ បានប្រាប់ទូរទស្សន៍អនឡាញ ARDB កាលថ្មីៗនេះ ឱ្យដឹងថា  លោកស្រី បានចាប់ផ្តើមអាជីពចិញ្ចឹមបង្កងក្នុងស្រែនេះ កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ខណៈកសិករបី គ្រួសារទៀត ក៏បានចាប់ផ្តើមចិញ្ចឹមនៅឆ្នាំ ២០២៥ ។

លោកស្រីបន្តថា ការចិញ្ចឹមបង្កងក្នុងស្រែនេះ លោកស្រីទទួលបានកូនពូជពីខេត្តតាកែវ និង ការបណ្តុះបណ្តាលបច្ចេកទេស ព្រមទាំងមានការគាំទ្រថវិកា ពីអង្គការ World Fish ប្រចាំកម្ពុជា ។

លោកស្រីបន្ថែមថា ការចិញ្ចឹមកាលពីលើកដំបូង គឺជាការសាកល្បង ក្រោមការជួយជ្រោមជ្រែងទាំងបច្ចេកទេស និងថវិកា ពីអង្គការ World Fish  ប៉ុន្តែសម្រាប់ឆ្នាំនេះ ទាំងលោកស្រី និង កសិករ ៣ គ្រួសារទៀតបានចំណាយថវិកាផ្ទាល់ខ្លួនមួយចំនួនទិញកូនពូជបង្កងពីខេត្តតាកែវយកមកចិញ្ចឹមប្រមាណ ៤ ម៉ឺនកូន។ ជាលទ្ធផល សម្រាប់លោកស្រី បានលក់ជិតអស់ហើយ ។ ប៉ុន្តែកសិករ ៣ គ្រួសារទៀត មិនលក់អស់នៅឡើយទេ ទាំងលោកស្រី និងអ្នកពាក់ព័ន្ធកំពុងអំពាវនាវ និងធ្វើទីផ្សារជូនពួកគាត់ ។

លោកស្រីសង្កត់ធ្ងន់ទៀត នៅឆ្នាំបន្តបន្ទាប់ទៀត លោកស្រី និងកសិករ ៣ គ្រួរសារទៀត ត្រៀមចងក្រងទៅជាសហគមន៍ ដើម្បីបន្តចិញ្ចឹមថែមទៀត ព្រោះ ទីផ្សារសម្រាប់ឆ្នាំនេះ បានចាប់ផ្តើមមានច្រើន ក្រោយមានការជួយផ្សព្វផ្សាយពីអាជ្ញាធរ និង ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ព្រមទាំងដៃគូពាក់ព័ន្ធ ។ ប៉ុន្តែ ទីផ្សារប្រភេទនេះ មិនទាន់ទូលំទូលាយ និងឆ្លើយតបនៃការផ្គត់ផ្គង់នោះទេ ព្រោះការបញ្ជាទិញ មានតែប្រជាពរលដ្ឋធម្មតា ដែលពួកគាត់ទិញយកទៅបរិភោគប៉ុណ្ណោះ ខណៈភោជនីយដ្ឋាន ផ្សារទំនើប និង ការបោះដុំផ្សេងៗនៅមិនទាន់មាននៅឡើយ ។

លោកស្រី សង្ឃឹមថា ក្រោយការចិញ្ចឹមទទួលបានផលនៅឆ្នាំបន្តបន្ទាប់ នឹងមានការបោះដុំ ទៅឱ្យឈ្មួញ ដើម្បីយកទៅលក់ និងចែកចាយនៅលើទីផ្សារបន្ត ជាពិសេសនឹងទទួលបានគាំទ្រ និងការបញ្ជាទិញពីភោជនីយដ្ឋាន សណ្ឋាគារ និងផ្សារទំនើប នៅក្នុងប្រទេស ។

ទាក់ទិននឹងបច្ចេកទេសនៃការចិញ្ចឹមបង្កងនេះវិញ លោកស្រី ថា មានការលំបាកខ្លះ ពីព្រោះទាំងលោកស្រី និង កសិករ៣ គ្រួសារទៀត មិនទាន់យល់ដឹងច្បាស់នោះទេ  នៅពេលជួបបញ្ហាប្រឈមអ្វីមួយ លោកស្រី តែងតែបានទាក់ទងទៅអ្នកបច្ចេកទេស ដែលមានបទពិសោធន៍ចិញ្ចឹមបង្កងនៅខេត្តតាកែវ ជួយ ជាមតិយោបល់ និងដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យការចិញ្ចឹមបង្កងក្នុងស្រែនេះ មានបច្ចេកទេសត្រឹមត្រូវ និង គុណភាពល្អ។

បើតាមលោកស្រី ង៉ោក សេងហុង មុនពេលដែលលោកស្រី មិនទាន់ចាប់អាជីពចិញ្ចឹមបង្កង ជីវភាពរបស់លោកស្រីមានការលំបាកយ៉ាងខ្លាំង ព្រោះលោកធ្វើតែស្រូវប្រាំង ព្រមទាំងមានការខូចខាតជារៀងរាល់ឆ្នាំ ប៉ុន្តែ នៅពេលលោកស្រីចាប់ផ្តើមចិញ្ចឹម  និងប្រមូលផល បានធ្វើឱ្យជីវភាពគ្រួសាររបស់លោកស្រី មានភាពល្អប្រសើរ ។ជាក់ស្តែង កាលពីឆ្នាំ ២០២៥ លោកស្រី លោករកចំណូលបានពីការលក់បង្កងចំនួន ២០៧៤ ដុល្លារសហរដ្ឋអាមេរិក និងនៅឆ្នាំ ២០២៦ នេះ លោកស្រីរកចំណូលបានជាង ៣០០០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់យកមកផ្គត់ផ្គង់គ្រួសារ។

ជាមួយគ្នានេះ លោកស្រី ង៉ោក សេងហុង តំណាងឱ្យកសិករ ៣ គ្រួសារផ្សេងទៀត បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងអ្នកធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ធំ ស្រុកសន្ទុកទាំងអស់មេត្តាជួយផ្សព្វផ្សាយ និងគាំទ្រផលិតផលប្រជាកសិករក្រុមផលិតបង្កង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមាន រសជាតិឆ្ងាញ់មិនចាញ់ខេត្តតាកែវ ដើម្បីលើកកម្កើងផលិតផលកសិកម្មនៅក្នុងប្រទេស ផ្តល់ប្រាក់ចំណូល និងការងារដល់ពលរដ្ឋកម្ពុជា។

អង្គការ World Fish នៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងអនុវត្តសាកល្បង កម្មវិធី CGIAR Multifunctional Landscapes នៅក្នុងខេត្តចំនួន ២ គឺខេត្តកំពង់ធំ និងព្រៃវែង នូវប្រព័ន្ធរួមគ្នា ដែលមានទាំងការធ្វើស្រូវនិងការចិញ្ចឹមបង្កង ព្រមទាំងបន្លែ ដើម្បីពង្រឹងប្រាក់ចំណូល អាហារូបត្ថម្ភ និងភាពធន់នឹងអាកាសធាតុ ជូនដល់កសិករ៕

 


indonesia-cattle-beef-bali-8925968
ឥណ្ឌូណេស៊ី ស្វែងរកអ្នកវិនិយោគកសិដ្ឋានចិញ្ចឹមគោធំៗ នៅខេត្តកាលីម៉ាន់តាន់

ហ្សាការតា៖ ក្រសួងកសិកម្មឥណ្ឌូណេស៊ី  កំពុងស្វែងរកការវិនិយោគ ដើម្បីអភិវឌ្ឍកសិដ្ឋានចិញ្ចឹមគោខ្នាតធំ នៅខេត្តកាលីម៉ាន់តាន់ភាគកណ្តាល (Kalimantan)  ដោយកំណត់គោលដៅបង្កើនសត្វគោរហូតដល់២០០ ០០០ក្បាល ដែលជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីអាជីវកម្មរួមបញ្ចូលគ្នា ដើម្បីធានាបាននូវការផ្គត់ផ្គង់សាច់គោនៅក្នុងប្រទេស។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី លោក អានឌី អាំរ៉ាន់ ស៊ូឡៃម៉ាន (Andi Amran Sulaiman) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា ផែនការនេះ គាំទ្រដល់ការជំរុញរបស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការទទួលបានភាពគ្រប់គ្រាន់ខាងសាច់ និងទឹកដោះគោ ខណៈពេលកំពុងសាងសង់មជ្ឈមណ្ឌលផលិតកម្មបសុសត្វដ៏ទំនើប ដែលពឹងផ្អែកទាំងស្រុកលើភាពជាដៃគូវិនិយោគ។ គម្រោងនេះនឹងបង្កើតនៅខេត្តកាលីម៉ាន់តាន់ ដែលកសិដ្ឋានចិញ្ចឹមគោចម្រុះ នឹងត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រហែល៤០ ០០៦ហិកតា។ ចំនួនគោក្នុងស្តុកដំបូងនឹងចាប់ផ្តើមប្រហែល១ ០០០ក្បាល ដោយពង្រីកបន្តិចម្តងៗតាមគ្រោងទុក។ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានប្រសាសន៍ថា គម្រោងនេះអនុវត្តតាមគំរូឧស្សាហកម្មចិញ្ចឹមគោរួមបញ្ចូលគ្នា ដែលរួមមានគោយកសាច់ គោះយកទឹកដោះ និងឧស្សាហកម្មកែច្នៃឡើងវិញ ក្នុងតំបន់ផលិតកម្មតែមួយ។ គំរូនេះ ក៏បានរួមបញ្ចូលការចិញ្ចឹមគោនៅតាមចម្ការដូងប្រេង ដោយលែងគោឱ្យដើរស៊ីស្មៅនៅក្នុងចម្ការ ដើម្បីកាត់បន្ថយបញ្ហាខ្វះខាតចំណី ព្រមទាំងបង្កើតឱ្យមានជីសរីរាង្គ និងបង្កើននិរន្តរភាពផងដែរ។ ការអភិវឌ្ឍនឹងពឹងផ្អែកលើប្រព័ន្ធស៊ីស្មៅបែបទំនើប គាំទ្រដោយការស្រាវជ្រាវលើពូជស្មៅ ដែលសមស្របនឹងស្ថានភាពដី រួមទាំងកន្លែងកែច្នៃសាច់ និងផលិតផលទឹកដោះគោ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឥណ្ឌូណេស៊ី […]

653706483_1230878022499524_6174133222840981641_n
ក្រុមនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង ទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីស្វែងយល់ និងរៀនពីបទពិសោធន៍កសិកម្ម

បាត់ដំបង៖ក្រុមនិស្សិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្មីៗនេះ បានធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ដើម្បីស្វែងយល់ និងរៀនពីបទពិសោធន៍កសិកម្ម និងការអភិវឌ្ឍអាជីវកម្មកសិកម្ម។ លោក ណុប នុន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មតាសីសាមគ្គី និងជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ ផ្លែឈើ និងសត្វក្នុងកសិដ្ឋាន បាននិងកំពុងរៀបចំ «គម្រោងបង្កើតបណ្តាញផ្សារបន្លែទំនើបខ្នាតតូចនៅកម្ពុជា។ ក្រុមនិស្សិតធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍កសិកម្មតាសីសាមគ្គី ផ្តោតសំខាន់លើការស្វែងយល់ពីបច្ចេកទេសឆ្លាតវៃក្នុងការសាំដុះបន្លែនៅក្នុងផ្ទះសំណាញ់ ស្វែងយល់ពីខ្សែច្រវាក់ផលិតកម្ម និងទីផ្សារ ព្រមទាំងស្វែងយល់ពីនីតិវិធីធ្វើកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យា និងស្វែងយល់ពីប្លង់កសិដ្ឋានគំរូលើផ្ទៃដីមួយហិកតា។ សហគមន៍កសិកម្មតាសីសាមគ្គីបានបង្ហាញពីសកម្មភាពលេចធ្លោជាច្រើនលើការអនុវត្តកសិកម្មរួមផ្សំ រួមទាំងការផលិតបន្លែសុវត្ថិភាព ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការផលិតជីធម្មជាតិ និងការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនចំណូល និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងសហគមន៍។ សហគមន៍សូមអរគុណដល់អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា ដែលបានជ្រើសរើសសហគមន៍តាសីសាមគ្គី ជាគោលដៅសម្រាប់ទស្សនៈកិច្ចសិក្សានេះ និងសង្ឃឹមថា ការចែករំលែកបទពិសោធន៍នេះ នឹងជួយជំរុញការអភិវឌ្ឍសហគមន៍កសិកម្មឲ្យកាន់តែរីកចម្រើនក្នុងពេលអនាគត៕

image_2026-03-24_07-15-26
ភូមាគ្រោងនាំចូលជី និងថ្នាំសម្លាប់សត្វល្អិតជិតពីរលានតោន សម្រាប់រដូវបង្កបង្កើនផលខាងមុខនេះ

ណៃពិដោ៖ រដ្ឋមន្ត្រីសហភាពសហគមន៍ និងអភិវឌ្ឍន៍ជនបទភូមា ដែលដើរតួជាប្រធានគណៈកម្មាធិការដឹកនាំ បានបញ្ជាក់កាលពីពេលថ្មីៗកន្លងមកនេះថា រដ្ឋាភិបាលកំពុងត្រៀមខ្លួនបញ្ជាទិញជី និងថ្នាំសម្លាប់សត្វល្អិតសរុបជិតពីរលានតោនពីបរទេស សម្រាប់បង្កបង្កើនផលរបស់កសិករ នៅក្នុងរដូវវស្សាចូលមកដល់ខាងមុខនេះ។ យោងតាមគណៈកម្មាធិការដឹកនាំបញ្ជាទិញ និងចែកចាយជី របស់ប្រទេសភូមា បានឱ្យដឹងថា សម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២៥-២០២៦ រដ្ឋាភិបាលភូមា មានបំណងនាំចូលជីចំនួន១,៦លានតោន និងថ្នាំសម្លាប់សត្វល្អិតចំនួន៣២ ០០០ តោន ដោយគណៈកម្មាធិការបានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុននាំចូលជី​ត្រូវប្រឹងប្រែងសុំអាជ្ញាប័ណ្ណនាំចូល។ របាយការណ៍របស់សមាគមសហគ្រិនផលិតជី ពូជ និងថ្នាំសម្លាប់សត្វល្អិតរបស់ភូមា បានបង្ហាញថា ប្រទេសភូមាបាននាំចូលជីពីបរទេសជាង១,១លានតោន ក្នុងចន្លោះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីបានចែកចាយជីអស់ជាង៩៨៣ ៥៦០តោន សម្រាប់ការបង្កបង្កើនផលនាពេលកន្លងមក ហើយនៅសល់ជីក្នុងស្តុកជាង៣០០,០០០តោន។ រដ្ឋមន្ត្រីសហភាពសហគមន៍ និងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យមន្ទីរកសិកម្មពិភាក្សាអំពីតម្រូវការជីប្រចាំខែ ដើម្បីទទួលបានធាតុចូលសម្រាប់រដូវវស្សានាពេលខាងមុខ ព្រមទាំងត្រៀមលក្ខណៈដើម្បីទទួលបានអាជ្ញាប័ណ្ណនាំចូលផងដែរ។ លោកបានបញ្ជាក់បន្ថែមថា កន្លងមកជីត្រូវបានចែកចាយដល់កសិករតាមប្រព័ន្ធឥណទានរបស់រដ្ឋ ដោយត្រូវសងប្រាក់ក្រោយប្រមូលផល រវាងខែសីហា និងខែកញ្ញា ជារៀងរាល់ឆ្នាំ។ លោកក៏បានសម្តែងការកោតសរសើរចំពោះអ្នកបានសហការក្នុងគម្រោងនេះ ដោយផ្តល់ឱកាសដល់កសិករអាចទិញជីក្នុងតម្លៃទាបជាងតម្លៃទីផ្សារ។ ជាពិសេស គម្រោងនេះពិតជាបានជួយកសិករភូមាក្នុងការបង្កើនទិន្នផល និងរក្សាគុណភាពដំណាំកាន់តែល្អប្រសើរឡើង។ លើសពីនេះទៀត តម្លៃយោងសម្រាប់ខែមីនា ឆ្នាំ២០២៦ ត្រូវបានកំណត់តម្លៃត្រឹម៩៤ […]

photo_2026-03-23_14-18-31 (2)
ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ  ARDB រួមនិងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦។ ពិធីនេះរៀបចំឡើងនៅវិមានពិភពថ្មី សែន សុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧, លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ព្រមទាំងមានការចូលរួមពីផ្នែកពាក់ព័ន្ធសរុបចំនួន៤៥០នាក់។ នៅក្នុងកិច្ចប្រជុំកំពូលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានដាក់តាំងបង្ហាញអំពីផលិតផលនិងសេវាកម្មនិងធ្វើបទបង្ហាញជូនដល់ភ្ញៀវកិត្តិយសចូលរួមទស្សនា។ ព្រឹត្តការណ៍ដ៏ធំឆ្នាំនេះ នឹងជួយពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន ស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍន៍នានានៅក្នុងវិស័យចិញ្ចឹមសត្វ ហើយបន្តជំរុញយន្តការចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនជាបទពិសោធន៍ថ្មីៗបន្ថែមទៀត និងភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម សម្រាប់កសាងវិស័យឧស្សាហកម្មចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព៕

កាលវិភាគផ្សព្វផ្សាយ