រដ្ឋកាណាតាកា៖ ប្រទេសឥណ្ឌា បានសម្រេចដឹកជញ្ជូនតាមផ្លូវអាកាសលើកដំបូងនូវផលិតផលផ្លែចេក ដែលបានដាក់ស្លាកសញ្ញាសម្គាល់ភូមិសាស្ត្រ ពីរដ្ឋកាណាតាកា (Karnataka) ទៅកាន់ប្រទេសម៉ាល់ឌីវ ដែលការនាំចេញនេះ គឺជាលើកទីមួយហើយសម្រាប់ផលិតផលសាកវប្បកម្មរបស់រដ្ឋនេះ។
ការដឹកជញ្ជូន រួមមានចេក ណានចាងឌូ រ៉ាសាបាល (Nanjangudu Rasabale) និងក្រូចឆ្មារឥណ្ឌា ដែលផលិតផលទាំងនេះ ត្រូវបានចុះបញ្ជីក្រោមប្រព័ន្ធសម្គាល់ភូមិសាស្ត្ររបស់ប្រទេសឥណ្ឌា ហើយត្រូវបានភ្ជាប់ទៅនឹងតំបន់ដាំដុះជាក់លាក់ណាមួយ នៅក្នុងរដ្ឋកាណាតាកា ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា។
ការនាំចេញនេះ ត្រូវបានសម្របសម្រួលដោយអាជ្ញាធរអភិវឌ្ឍន៍ការនាំចេញផលិតផលស្បៀងអាហារកែច្នៃ និងកសិកម្ម ដោយមានការសម្របសម្រួលជាមួយក្រសួងសាកវប្បកម្ម រដ្ឋាភិបាលនៃរដ្ឋ កាណាតាកា និងក្រុមប្រឹក្សាស្រាវជ្រាវកសិកម្មឥណ្ឌា។ ការនាំចេញនេះត្រូវបានរៀបចំឡើងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រដល់ការចូលរួមរបស់កសិករនៅក្នុងបណ្តាញនាំចេញ និងដើម្បីកែលម្អលទ្ធភាពចូលទៅកាន់ទីផ្សារអន្តរជាតិ សម្រាប់ផលិតផលជាក់លាក់ក្នុងតំបន់។
ការដឹកជញ្ជូនតាមផ្លូវអាកាសត្រូវបានបញ្ជូនពីប្រទេសឥណ្ឌា ទៅកាន់ប្រទេសម៉ាល់ឌីវ ដែលឆ្លុះបញ្ចាំងពីភាពសមស្របនៃផលិតផលទាំងនេះ សម្រាប់ផ្លូវនាំចេញឆ្លងកាត់រយៈពេលខ្លី។ ការដឹកជញ្ជូននេះ រួមមានផលិតផលបន្លែ និងផ្លែឈើស្រស់ៗ ដែលនឹងចែកចាយទៅកាន់ទីផ្សារដោយផ្ទាល់តែម្តងបន្ទាប់ពីដឹកទៅដល់គោលដៅប្រទេសនាំចូល។
យោងតាមដៃគូគម្រោង បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះត្រូវបានបង្កើតជាផ្នែកមួយនៃការងារកាន់តែទូលំទូលាយ ដែលមានគោលបំណងផ្សារភ្ជាប់ផលិតផលសម្គាល់ភូមិសាស្ត្រ ដែលបានចុះបញ្ជីជាមួយនឹងតម្រូវការក្រៅប្រទេស។ កិច្ចសហការនេះ ផ្តោតលើការអនុលោមតាមពិធីសារនាំចេញ ការសម្របសម្រួលនៅទូទាំងស្ថាប័ន និងអនុលោមតាមតម្រូវការទីផ្សារគោលដៅ។
រដ្ឋកាណាតាកា ដែលស្ថិតភាគខាងត្បូងប្រទេសឥណ្ឌាមានព្រំដែនជាប់សមុទ្រ ផ្តល់ជូននូវផលិតផលសាកវប្បកម្ម ដែលជាផលិតផលសម្គាល់ភូមិសាស្ត្រជាច្រើនប្រភេទ ហើយការនាំចេញបង្ហាញពីការប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់ទំនិញមានបរិមាណតិច និងប្រើពេលវេលាខ្លី ជាពិសេសការនាំចេញផ្លែចេកនេះ ក៏បង្ហាញពីសក្តានុពលនៃវិញ្ញាបនបត្របញ្ជាក់ផលិតផលសម្គាល់ភូមិសាស្ត្រ ដែលចូលរួមគាំទ្រតាមដានការចរាចរណ៍ និងសម្គាល់លក្ខណៈប្លែកខុសគេ នៅក្នុងពាណិជ្ជកម្មបន្លែ និងផ្លែឈើ ដាំដុះនៅក្នុងតំបន់៕












