ដោយ ញឹក សំអូន
កំពង់ឆ្នាំង៖ សហគមន៍អភិវឌ្ឍន៍កសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង មានឈ្មោះថា ទឹកហូតមានជ័យក្ដីសង្ឃឹម បានកៀរគរយុវជន និងកសិករចូលរួមសិក្សាស្វែងយល់ពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល តាមរយៈទូរស័ព្ទស្មាតហ្វូន ដើម្បីផ្សព្វផ្សាយពីផលិផលកសិកម្ម និងការប្រើប្រាស់ប្រព័ន្ធស្មាតហ្មូតសម្រាប់ស្រោចស្រពដំណាំ។
អ្នកស្រី រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍អភិវឌ្ឍន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម បានឱ្យដឹងថា សហគមន៍របស់អ្នកស្រីបានទទួល និងអនុវត្តន៍គម្រោង ស៊ីដ (SEED) ចាប់តាំងពីឆ្នាំ២០២៤មក ដោយមានការគាំទ្រពីគម្រោង ស៊ីដ នៃសមាគមភាពជាដៃគូកម្ពុជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅជនបទ (CamboDHRRA)។ គម្រោងនេះ បានផ្ដោតសំខាន់ទៅលើការចុះបណ្ដុះបណ្ដាលយុវជន និងកសិករ ឱ្យចេះប្រើប្រាស់ប្រព័ន្ធឌីជីថលតាមរយៈទូរស័ព្ទដៃ។
យុវជន និងកសិករ ក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្មទឹកហូតមានជ័យក្ដីសង្ឃឹម បានចូលរួមវគ្គបណ្ដុះជាង៤០០នាក់ ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍។
តាមការសង្កេតរបស់អ្នកស្រីបានឱ្យដឹងថា បច្ចុប្បន្ននេះ យុវជន និងកសិករ ភាគច្រើនបានប្រើប្រាស់ទូរស័ព្ទដៃដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មរបស់ខ្លួននៅតាមប្រព័ន្ធបណ្ដាញសង្គម ដែលអាចរកចំណូលបានបន្ថែមទៀតតាមការផ្សព្វផ្សាយរបស់ពួកគេឱ្យអតិថិជននៅទូទាំងប្រទេស បានស្គាល់ពីផលិតផលរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ក្រៅតែពីការដាក់លក់តាមតូប និងលក់តាមផ្សារដោយផ្ទាល់។ បន្ថែមពីនេះ កសិករក៏បានប្រើប្រាស់ស្មាតហ្វូតដើម្បីបញ្ជាប្រព័ន្ធស្រោចស្រប់ដំណាំពីចម្ងាយផងដែរ។
ចំណែកកញ្ញា ព្រឿង សំអាត ជាយុវជននៅឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បច្ចុប្បន្នយុវជន និងកសិករ បាននឹងកំពុងអនុវត្តន៍ក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីផ្សព្វផ្សាយពីផលិតផលកសិកម្មរបស់ខ្លួនឱ្យមានគេស្គាល់កាន់តែទូលំទូលាយថា ក្នុងចម្ការរបស់ខ្លួនមានដំណាំបន្លែអ្វីខ្លះ ពោលគឺប្រើប្រព័ន្ធឌីជីថលក្នុងការធ្វើទីផ្សារលើបណ្ដាញសង្គម។
កញ្ញាបានលើកឡើងថា គម្រោង ស៊ីដ នេះពិតជាល្អសម្រាប់យុវជន ក៏ដូចជាកសិករ ដែលបានសិក្សាស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធឌីថីថល។ កន្លងមកពួកគេប្រើប្រាស់ទូរស័ព្ទដៃផុសតែរូបភាព ឬគ្រាន់តែមើលជាការកម្សាន្តភ្នែកប៉ុណ្ណោះ មិនបានប្រើឱ្យមានប្រយោជន៍សម្រាប់ខ្លួនឯងនោះទេ៕


















