ហ្សាការតា៖ ទីភ្នាក់ងារទំនាក់ទំនងរដ្ឋាភិបាលនៃប្រទេសឥណ្ឌូណេស៊ី បានបង្ហាញការជឿជាក់ថា ឥណ្ឌូណេស៊ីនឹងរក្សាអត្រាពន្ធសូន្យភាគរយលើផលិតផលសំខាន់ៗមួយចំនួន នៅក្នុងទីផ្សារសហរដ្ឋអាម៉េរិក ចំពេលមានការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។
អ្នកជំនាញជាន់ខ្ពស់នៅទីភ្នាក់ងារទំនាក់ទំនងរដ្ឋាភិបាល បាននិយាយថា “រដ្ឋាភិបាលនៅតែមានទំនុកចិត្តក្នុងការរក្សាពន្ធសូន្យភាគរយ”។ លោកបានពន្យល់ថា ការផ្តល់ពន្ធសូន្យភាគរយ ត្រូវបានចែងក្រោមបទប្បញ្ញត្តិដាច់ដោយឡែក ខុសពីអត្រាក្នុងពន្ធបដិការ។
គោលនយោបាយពន្ធគយរបស់សហរដ្ឋអាម៉េរិក បានផ្លាស់ប្តូរនាពេលថ្មីៗនេះ បន្ទាប់ពីតុលាការកំពូលបានលុបចោលគោលការណ៍ច្បាប់ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ប្រើប្រាស់ដើម្បីដាក់ពន្ធគយពាណិជ្ជកម្មមួយចំនួន ជំរុញឱ្យមានការប្រែប្រួលគោលនយោបាយ ដែលប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មខ្លះ រួមទាំងប្រទេសឥណ្ឌូណេស៊ីផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ជំហររបស់ឥណ្ឌូណេស៊ី នៅតែមានសុវត្ថិភាព ដោយសារតែការចរចា និងការប្រាស្រ័យទាក់ទងគ្នាជាប់ជានិច្ចជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ កាលពីលើកមុន រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច លោក អ៊ែឡាំងការ ហារតាតូ (Airlangga Hartarto) បានមានប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ី បានស្នើសុំឱ្យអត្រាពន្ធបដិការមកនៅត្រឹមសូន្យភាគរយ ទោះបីជាមានការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការដាក់ពន្ធបដិការថ្មីក៏ដោយ។
លោកបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានសម្របសម្រួលជាមួយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ហើយការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រីនឹងត្រូវចេញ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
លោកបានមានប្រសាសន៍នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ថា “ឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ យើងបានស្នើសុំឱ្យផលិតផល ដែលទទួលបានអត្រាពន្ធសូន្យភាគរយ នៅតែមិនផ្លាស់ប្តូរ ខណៈពេលផលិតផលផ្សេងទៀត ត្រូវបានកំណត់ពន្ធត្រឹមតែ១០ភាគរយ។”
លោក អ៊ែឡាំងកា ហារតាតូ បានបន្ថែមថា ទំនិញកសិកម្មមួយចំនួន រួមទាំងកាហ្វេ និងកាកាវ នៅតែរក្សាអត្រាពន្ធសូន្យភាគរយ ក្រោមបទប្បញ្ញត្តិដាច់ដោយឡែកមួយទៀត ហើយមិនរងផលប៉ះពាល់ដោយសេចក្តីសម្រេចនេះទេ។
ក្រៅពីវិស័យកសិកម្ម ឥណ្ឌូណេស៊ី ក៏បានស្នើសុំបន្តអនុវត្តពន្ធសូន្យភាគរយសម្រាប់ផលិតផលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក ប្រេងដូងឆៅ វាយនភ័ណ្ឌ និងស្បែកជើង។ គេរំពឹងថា សេចក្តីសម្រេចនេះនឹងចូលធរមានក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ៕










