ទីក្រុងអូក្លិន៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក អេរិក លី (Erik Ly) ប្រធានក្រុមហ៊ុន អេកលី (Ecly Ltd.) នៅទីក្រុងអូក្លិន ប្រទេសនូវែលហ្សេឡង់។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។
ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សាផ្តោតលើវឌ្ឍនភាពនៃផលិតផលខ្មែរ៖ ក្រុមហ៊ុន អេកលី ដែលមានឃ្លាំងស្តុកទំនិញ និងបណ្តាញចែកចាយដ៏រឹងមាំ បាននិងកំពុងនាំចូលចែកចាយផលិតផលសក្តានុពលពីកម្ពុជា រួមមាន អង្ករខ្មែរ និង ស្រាបៀរហនុមាន (Hanuman Beer) ទៅក្នុងទីផ្សារណូវែលហ្សេឡង់។
យុទ្ធសាស្ត្រពង្រីកការនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីផែនការបន្តសិក្សានាំចូលផលិតផលកសិកម្មផ្សេងៗទៀត ពីកម្ពុជាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងពង្រីកវត្តមានទំនិញខ្មែរឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសណូវែលហ្សេឡង់
ឯកឧត្តមបណ្ឌិត អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានវាយតម្លៃខ្ពស់ និងកោតសរសេីចំពោះអ្នកវិនិយោគិនខ្មែរកាត់ចិន ព្រមទាំងបានថ្លែងអំណរគុណ និងកោតសរសេីដល់លោក អេរិក លី ដែលបានដើរតួនាទីជាស្ពានសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការនាំយកផលិតផលខ្មែរមកកាន់ទីផ្សារអន្តរជាតិ តាមរយៈហេដ្ឋារចនាសម្ព័ន្ធឃ្លាំងទំនិញ និងបទពិសោធន៍ចែកចាយផលិតផលចំណីអាហារប្រកបដោយវិជ្ជាជីវៈ៕












