អាំស្ទែដាំ៖ ក្រុមហ៊ុនវេចខ្ចប់ និងលក់រាយបន្លែរបស់ហូឡង់ បាននិយាយថា នៅក្នុងសប្តាហ៍នេះ អ្នករកស៊ីផ្នែកដឹកជញ្ជូនជីនាងវង ត្រូវចាំទុកអំពីភាពមិនច្បាស់លាស់បែបនេះ ដែលរំខានដល់ការផ្គត់ផ្គង់ ការពន្យារពេល និងការលុបចោលជើងហោះហើរ។
ក្នុងរយៈពេលជិតពីរសប្តាហ៍ ឧស្សាហកម្មគ្រឿងផ្សំម្ហូប បានប្រឈមមុខនឹងការរំខានជាច្រើន ដែលបានផ្លាស់ប្តូរលក្ខខណ្ឌធ្វើពាណិជ្ជកម្ម ព្រោះសង្គ្រាមបង្កឡើងដោយ អ៊ីស្រាអែល អាម៉េរិក និងអ៊ីរ៉ង់ បានពង្រីកទៅជាជម្លោះក្នុងតំបន់កាន់តែធំឡើងៗ ចំណែកភ្លៀងធ្លាក់ឥតឈប់ឈរនៅផ្នែកខ្លះនៃទ្វីបអាហ្រ្វិក បានកាត់បន្ថយទិន្នផល និងបង្កផលប៉ះពាល់ដល់គុណភាព ជាពិសេសការពន្យារពេលនៃការហោះហើរ និងការលុបចោលជើងហោះហើរ បានបង្កភាពមិនច្បាស់លាស់បន្ថែមទៀតដល់ទីផ្សារបន្លែ។
ពាណិជ្ជករហូឡង់ម្នាក់ បានមានប្រសាសន៍ថា មានកត្តាជាច្រើនបានកើតឡើងនៅសប្តាហ៍នេះ។ នៅពេលជម្លោះកាន់តែរីករាលដាលដល់តំបន់ផ្សេងទៀតនៅមជ្ឈិមបូព៌ា ធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវអាកាសពីប្រទេសកេនយ៉ា ទៅកាន់ប្រទេសអេមីរ៉ាត អារ៉ាប់រួម និងប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានលុបចោលស្ទើរទាំងអស់។ ការរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ជីនាងវងបង្កឡើងដោយការពិបាកដឹកជញ្ជូនទៅកាន់អឺរ៉ុបជិត បានធ្លាក់ចុះ៥០ភាគរយ។ ចំណែកការផ្គត់ផ្គង់ជីនាងវងពីប្រទេសអ៊ីស្រាអែល ក៏កាន់តែមានការរឹតត្បិត ដោយមានជើងហោះហើរតិចតួចពេក និងកន្លែងដឹកទំនិញចេញក៏កាត់បន្ថយដែរ ព្រោះខ្លាចគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់។
ពាណិជ្ជកររូបនេះ បាននិយាយបន្ថែមថា លក្ខខណ្ឌនៃការដាំដុះនៅប្រទេសកេនយ៉ាក៏រងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុផងដែរ។ ជិតបីសប្តាហ៍កន្លងមក ភ្លៀងបានបន្តធ្លាក់ឥតឈប់ឈរបណ្តាលឱ្យខូចខាត និងនាំឱ្យមានជំងឺដល់ដំណាំជីនាងវង ដែលធ្វើឱ្យការផ្គត់ផ្គង់ជីបាត់បង់ជាង៣០ភាគរយ។
ក្រុមហ៊ុនវេចខ្ចប់ និងលក់រាយបន្លែរបស់ហូឡង់ បានសន្និដ្ឋានថា ដំណើរការផ្គត់ផ្គង់ជីនាងវង ក្នុងសប្តាហ៍នេះ គឺនៅល្អក្រោមពាក់កណ្តាលនៃបរិមាណធម្មតា ដោយសារជើងហោះហើរប្រហែល៥០ភាគរយប៉ុណ្ណោះ ដែលបានហោះចេញពីប្រទេសកេនយ៉ា ឬពីអ៊ីស្រាអែល ហើយបានទៅដល់តំបន់អឺរ៉ុប។ ហេតុដូច្នេះហើយ លទ្ធភាពទទួលបានជីនាងវង នៅអឺរ៉ុប ក្នុងសប្តាហ៍នេះ គឺមានកម្រិតតិចតួចខ្លាំងណាស់ បើប្រៀបធៀបទៅនឹងវិបត្តិដឹកជញ្ជូនបង្កដោយការផ្ទុះភ្នំភ្លើងកោះ អ៊ីស្លង់ កាលពីឆ្នាំ២០១១ ដែលនៅពេលនោះ យ៉ាងហោចណាស់មានការផ្គត់ផ្គង់ជីនាងវងមួយចំនួនមកពីប្រទេសអ៊ីតាលី។
មានការចង្អុលបង្ហាញថា ចាប់ពីពាក់កណ្តាលសប្តាហ៍ក្រោយទៅ ស្ថានភាពអាចប្រសើរឡើងទាក់ទងនឹងគុណភាពជីនាងវង និងដំណើរការជញ្ជូន។ ការព្យាករណ៍នេះដោយផ្អែកលើព័ត៌មានបច្ចុប្បន្ន និងការសន្មតប៉ុណ្ណោះ ខណៈពេលស្ថានភាពភូមិសាស្ត្រនយោបាយនៅតែមានការប្រែប្រួល។
ចំណែកការប្រែប្រួលតម្លៃថាមពល គឺជាកត្តាមួយទៀត ដែលជះឥទ្ធិពលដល់វិស័យដឹកជញ្ជូនជីនាងវងនេះ ហើយក្រុមពាណិជ្ជករនិយាយថា តម្លៃប្រេងឥន្ធនៈកំពុងផ្លាស់ប្តូរក្នុងមួយម៉ោងម្តង។ ការបិទច្រកសមុទ្រ ហ័រមុស (Hormuz) អាចមានផលវិបាកសម្រាប់ថ្លៃដឹកជញ្ជូន។ តម្លៃប្រេងឆៅក្នុងមួយធុងបារ៉ែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ឧទាហរណ៍ ពី៨០ដុល្លារ ទៅ១២០ដុល្លារ ក្នុងរយៈពេលតិចជាងមួយថ្ងៃ។ ការប្រែប្រួលលឿនទាំងនេះធ្វើឱ្យប្រតិកម្មទីផ្សារមិនអាចទាយទុកជាមុនបាន ស្របពេលអ្នកដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនអាកាសចរណ៍ និងកន្លែងស្តុកទុក នឹងគ្មានជម្រើសអ្វីក្រៅពីដំឡើងថ្លៃទេ៕










