ដោយ ឡុង សារេត
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសជូនដំណឹងរួមរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានសុខមាលភាព និងផលិតកម្មសត្វបានបង្ហាញថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលមុខទំនិញសាច់បង្កក រាជរដ្ឋាភិបាលបានកំណត់ក្រុមហ៊ុនមានគុណវុឌ្ឍិនាំចូលមុខទំនិញសាច់បង្កកជំហានទី៥ចំនួនប្រាំពីក្រុមហ៊ុនបន្ថែមទៀត។
ពាក់ព័ន្ធនិងការបង្កើនក្រុមហ៊ុននាំចូលសាច់បង្កកមកពីខាងក្រៅប្រទេសស្របច្បាប់នេះ ត្រូវបានអ្នកជំនាញក្នុងវិស័យចិញ្ចឹមសត្វ ចាត់ទុក និងវាយតម្លៃថា វាមិនបានធ្វើឱ្យប៉ះពាល់ដល់កសិករក្នុងស្រុក ដូចការលួចនាំចូលដោយខុសច្បាប់នោះទេ។
លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថា ការអនុញ្ញាតឱ្យមានក្រុមហ៊ុនចំនួនប្រាំពីរទៀតអាចនាំចូលសាច់បង្កកពីបរទេសមកផ្គត់ផ្គង់នៅស្រុកខ្មែរ ប្រជាកសិករប្រាកដជាពិតជាសម្លឹងឃើញនូវចំណុចអវិជ្ជមាន ព្រួយបារម្ភអំពីការប្រកួតប្រជែង។
ប៉ុន្តែសម្រាប់សមាគម គឺគាំទ្រឱ្យមានអ្នកនាំចូលកាន់តែច្រើន ពីព្រោះក្រុមហ៊ុនទាំងនោះ គឺនាំចូលស្របច្បាប់ ហើយមានការបំពេញលក្ខខ័ណ្ឌបានគ្រប់គ្រាន់។ ដូច្នេះសម្រាប់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គិតថាជាផ្លូវវិជ្ជមាន ក្រុមហ៊ុននាំចូលមានកាន់តែច្រើន គឺកាន់តែល្អ ដើម្បីកុំឱ្យមានការលួចនាំចូលដោយខុសច្បាប់។
លើសពីនេះរាជរដ្ឋាភិបាលងាយស្រួលក្នុងការគ្រប់គ្រងបរិមាណនាំចូលសាច់បង្កកបានកាន់តែច្បាស់ តាមយៈក្រុមហ៊ុននាំចូលមានច្បាប់នីមួយៗ ដែលត្រូវស្នើសុំនាំចូលជាក់លាក់។ ដូច្នេះរាជរដ្ឋាភិបាលច្បាស់ថា យើងចិញ្ចឹមសត្វ មានចំនួនប៉ុន្មាន និងអាចផ្គត់ផ្គង់បានចំនួនប៉ុន្មាននៅក្នុងមួយថ្ងៃ ហើយខាងសមាគមក៏ងាយស្រួលធ្វើការជាមួយរាជរដ្ឋាភិបាល ជាមួយក្រសួងពាក់ព័ន្ធ។
បើតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានសង្កេតឃើញថា នៅប៉ុន្មានឆ្នាំកន្លងមកនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានអនុញ្ញាតឱ្យមានការនាំចូលសាច់មកពីខាងក្រៅប្រទេសនៅមានកម្រិត ហើយការនាំចូលភាគច្រើនជាប្រភេទសាច់បង្កក ដែលមានគុណភាពខ្ពស់ ចំណាយថ្លៃដឹកជញ្ជូនខ្ពស់ ហើយលក់ក្នុងតម្លៃខ្ពស់ទើបបានប្រាក់ចំណេញ។ ដូច្នេះ វាមិនបានធ្វើប៉ះពាល់ដល់ទីផ្សារសត្វក្នុងស្រុកទាំងស្រុងនោះទេ៕








