ដោយ រស្មី
ភ្នំពេញ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំមួយប្រាប់ដល់ម្ចាស់អគារសត្វត្រចៀកកាំ ត្រូវចេះគ្រប់គ្រងមិនឱ្យចម្លងមេរោគ និងចាក់បំពងសំឡេងហួសកម្រិតបង្កការរំខានណាមួយដល់អ្នកដទៃ។
យោងតាមសេចក្តីណែនាំខាងលើកបានឱ្យដឹងថា បច្ចុប្បន្នការសាងសង់ផ្ទះ ឬអគារថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារមានការកើនឡើងគួរឱ្យកត់សម្គាល់។ ហេតុនេះម្ចាស់ទីតាំង ដែលមានបំណង និងកំពុងថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារត្រូវថែរក្សាសត្វត្រចៀកកាំ ដើម្បីធ្វើយ៉ាងណាការពារនូវហានិភ័យពីការចម្លងជំងឺពីសត្វមកមនុស្ស ហើយការចាក់ និងបំពងសំឡេងឮខ្លាំងហួសកម្រិតច្រើនម៉ោង ដើម្បីទាក់ទាញសត្វត្រចៀកកាំ អាចបង្កឱ្យមានការរំខាន ដល់អ្នកជិតខាង និងប៉ះពាល់ដល់សុខភាពសាធារណៈ។
សេចក្តីជូនដំណឹងដដែល បានណែនាំដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារថែរក្សាសត្វត្រចៀកកាំជា លក្ខណៈគ្រួសារទាំងអស់ ត្រូវអនុវត្តស្របតាមអនុក្រឹត្យ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ស្តីពីការត្រួតពិនិត្យ ការបំពុលខ្យល់ និងការរំខានដោយសំឡេង ដែលក្នុងនេះដូចជាតំបន់ទីតាំងស្ងៀមស្ងាត់។
ក្នុងសេចក្តីណែនាំនេះរដ្ឋបាលព្រៃឈើ បានកំណត់ទីតាំង ពេលវេលា និងកំណត់កម្រិតសំឡេង នីមួយៗផងដែរ ក្នុងនេះដូចជាតាមមន្ទីរពេទ្យ បណ្តាល័យ សាលារៀន មត្តេយ្យសាលា,តំបន់លំនៅឋាន,តំបន់ពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្មជាដើម។
ជាមួយគ្នានេះរដ្ឋបាលព្រៃឈើបានឱ្យអនុវត្តវិធានជីវសុវត្ថិភាព និងធ្វើអនាម័យនៅជុំវិញ និងខាងក្នុងទីតាំងថែរក្សាសត្វត្រចៀកកាំជាប្រចាំ។ ក្រៅពីនេះក៏ត្រូវរាយការណ៍ជាបន្ទាន់នៅពេលសត្វត្រចៀកកាំមានជំងឺ ឬងាប់ ជូនដល់មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធដែលនៅជិតបំផុត។
ជុំវិញបញ្ហានេះ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ ARDB កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បើពិនិត្យទៅលើការកំណត់ម៉ោង និងទីតាំងនៃសំឡេងនីមួយៗ របស់សេចក្តីជូនដំណឹងនេះ គឺមិនជះផលអ្វីច្រើនដល់ម្ចាស់ផ្ទះត្រចៀកកាំទេ គឺអាចទទួលយកបាន។
បើតាមប្រធានសមាគមត្រចៀកកាំកម្ពុជាថា ពេលវេលាម៉ោង៦ល្ងាច គឺជាពេលដ៏សំខាន់បំផុតសម្រាប់ត្រចៀកកាំហើរចូលទ្រនំវិញ ហេតុនេះការចាក់សំឡេងទាក់ទាញសត្វត្រចៀកកាំក្នុងម៉ោងនេះ ជាការសំខាន់បំផុត។ ដោយឡែកចាប់ពីម៉ោង៧យប់តទៅ គឹទោះបីមិនបានចាក់ក៏មិនជះផលអាក្រក់ច្រើនដល់ម្ចាស់អគារសត្វត្រចៀកកាំដែរ។
លោក ស៊ុយ កុកធាន បានពន្យល់បន្ថែមថា ជាទូទៅម្ចាស់អគារចិញ្ចឹមសត្វត្រចៀកកាំពឹងផ្អែកសំខាន់លើសណឡេងសត្វត្រចៀកកាំនេះ ពីព្រោះវាអាចទាក់ទាញឱ្យសត្វចូលមករស់នៅ ហើយបើគ្មានសំឡេងនេះទេ ម្ចាស់អគារថ្មីមិនអាចទាក់ទាញសត្វត្រចៀកឱ្យចូលមករស់នៅច្រើនឡើយ និងម្ចាស់អគារចាស់ក៏មិនអាចរកសត្វត្រចៀកកាំថ្មីៗចូលមករស់នៅបន្ថែមទៀតដែរ។
គួរបញ្ជាក់ថា បើតាមលោក ស៊ុយ កុកធាន បានឱ្យដឹងនាថ្មីៗមកនេះថា ការចិញ្ចឹមសត្វត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់ពី៥ ០០០ ដល់៧ ០០០ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុងមួយឆ្នាំ។
ក្នុងចំណោមនេះ មានផ្ទះត្រចៀកកាំកម្ពុជាជិត១ ០០០កន្លែងបានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនោះក្រសួងកសិកម្មបានជ្រើសរើសក្រុមហ៊ុនចំនួនប្រាំមួយ ដើម្បីសម្របសម្រួលជាមួយគយចិន ក្នុងគោលបំណងនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជាទៅកាន់ទីផ្សារចិន នៅឆ្នាំ២០២៦នេះ៕










