ក្រុងណាននីង-ប្រទេសចិន៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជួបពិភាក្សាការងារជាមួយលោក Liu Shuai អនុប្រធានធនាគារចិន ប្រចាំខេត្តក្វាងស៊ី (Bank of China, Guangxi Province) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្តល់សេវាធនាគារឆ្លងដែន។
ខ្លឹមសារសំខាន់នៃកិច្ចពិភាក្សាបានផ្តោតលើចំណុចយុទ្ធសាស្ត្ររួមមាន៖
1. ការគាំទ្រឥណទានដល់ខ្សែច្រវាក់តម្លៃកសិផលនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលើការផ្តល់ឥណទានដើម្បីគាំទ្រដល់សហគ្រាស ក៏ដូចជាធុរកិច្ចកសិកម្មកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ផ្គត់ផ្គង់ និងការរៀបចំខ្សែច្រវាក់ផលិតកម្មកសិផលមកកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការទីផ្សារ។
2. ការជំរុញការទូទាត់អន្តរជាតិ (Cross-border Settlement)៖ ពង្រឹងយន្តការទូទាត់ប្រាក់ឱ្យកាន់តែឆាប់រហ័ស និងមានតម្លៃទាប រវាងធនាគារ ARDB និងធនាគារចិន ខេត្តក្វាងស៊ី ដើម្បីសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម និងរំហូរហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ។
ជំនួបពិភាក្សានេះ គឺជាការបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើរ និងជាការត្រួសត្រាយផ្លូវឈានទៅរកការចុះអនុស្សរណៈយោគយល់គ្នា (MoU) នៅពេលខាងមុខ ដេីម្បីស្វែងរកដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយ ជូនដល់តួអង្គក្នុងវិស័យកសិកម្ម។ តាមរយៈកិច្ចសហការនេះ ARDB នឹងបន្តតួនាទីជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់រំហូរទុនតាមរយៈការផ្តល់ឥណទានជាទុនបង្វិល និងទុនវិនិយោគ ក៏ដូចជាសេវាធនាគារនានា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជនបទ និងជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចិរភាព។
ចំណែកនៅរសៀលថ្ងៃដដែលនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានបន្តដឹកនាំសហការីចុះទស្សនកិច្ចនៅរោងចក្រកៃច្នៃផលិតផលស្វាយចន្ទី Guang Kang និងជួបពិភាក្សាការងារជាមួយ លោក Pang Chunchao អភិបាលរងទីក្រុងប៉ៃសឺ និងលោក Chen Huaide អភិបាលរងក្រុងជីងស៊ី លេីវិស័យស្វាយចន្ទី។
កិច្ចពិភាក្សាផ្តោតសំខាន់លើចំណុចអាទិភាពចំនួន៖
១- ការគាំទ្រពីធនាគារ ARDB លេីខ្សែចង្វាក់ផលិតកម្មស្វាយចន្ទីកម្ពុជា
២- ការពង្រឹង និងរក្សាគុណភាពគ្រាប់ស្វាយចន្ទីកម្ពុជា និងធានានិរន្តរភាពនៃផ្គត់ផ្គង់
៣- ការពិនិត្យលិទ្ធភាពចុះអនុសារណៈយោគយល់គ្នារវាងក្រុមហ៊ុននាំចេញពីកម្ពុជា និងក្រុមហ៊ុននាំចូលមកប្រទេសចិន
៤- ការដឹកជញ្ជូនមកកាន់ប្រទេសចិនដោយផ្ទាល់
៥- ការគាំទ្រ និងជម្រុញផ្សព្វផ្សាយផលិតផលកសិកម្មកម្ពុជាមកទីក្រុងប៉ៃសឺ និងក្រុងជីងស៊ី៕
លុះដលព្រឹកថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុញ្ញាតឱ្យក្រុមហ៊ុនចិនចំនួនប្រាំ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយមានការសម្របសម្រួលរបស់ស្ថានអគ្គកុងសុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងណាននីង ដែលមានក្រុមហ៊ុន៖
១- ZhongJing Cheng Tou (Guangxi) Industrial Investment Group Co.,Ltd.
២- Fangchenggang Baoneng New Materials Co.,Ltd.
៣- Guangxi Luhai International Supply Chain Co.,Ltd.
៤- Nanning Nayingda Digital Industry Co.,Ltd.
៥- Zhongyue (Guangxi) Supply Chain Management Co.,Ltd.
កិច្ចពិភាក្សាបានផ្តោតសំខាន់លើចំណុចសំខាន់ៗមួយចំនួន៖
- ការគាំទ្ររបស់ធនាគារ ARDB លើខ្សែចង្វាក់ផលិតកម្មស្វាយចន្ទីកម្ពុជា
- ការស្នើសុំការសម្របសម្រួលការបញ្ជាទិញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ប្រទេសចិន តាមរយៈការទូទាត់អន្តរជាតិ LC (Cross Border Settlement-L/C)
- ការដឹកជញ្ជូនគ្រាប់ស្វាយចន្ទីកម្ពុជាមកកាន់ប្រទេសចិនដោយផ្ទាល់ និងបេីករោងចក្រកៃច្នៃផលិតផលស្វាយចន្ទីផ្ទាល់នៅប្រទេសកម្ពុជា៕




















