ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងនាំចូលពូជមាន់សាច់កម្រិតខ្ពស់ចំនួន៥៨០ ០០០ក្បាល ដែលត្រូវបានគេស្គាល់ថា ជាពូជមាន់ធំ (Grand Parent Stock-GPS) ដែលមានតម្លៃជាទឹកប្រាក់ប្រហែល២០លានដុល្លារពីសហរដ្ឋអាម៉េរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មវាងប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខា នាពេលថ្មីៗកន្លងមកនេះ។
អ្នកនាំពាក្យក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ច បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ការនាំចូលពូជមាន់ពងនេះក្នុងគោលបំណងបំពេញតម្រូវការបន្ទាន់ដល់កសិករក្នុងម៉ាឡេស៊ី សម្រាប់ហ្សែនសត្វមាន់ដ៏ល្អឥតខ្ចោះ ដែលបច្ចុប្បន្នមិនទាន់មាននៅក្នុងប្រទេសឥណ្ឌូណេស៊ីឡើយ។
អ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កសិករម៉ាឡេស៊ីត្រូវការពូជមាន់ធំ ជីភីអេស (GPS) យ៉ាងខ្លាំង ដើម្បីចិញ្ចឹមនៅក្នុងស្រុក ដែលជាប្រភពចម្បងនៃស្តុកហ្សែន ហើយប្រទេសឥណ្ឌូណេស៊ី មិនទាន់មានកន្លែងសម្រាប់បង្កាត់ពូជមាន់ជីភីអេស នៅឡើយទេ។
ក្រៅពីការទិញនាំចូលពូជមាន់ធំ ប្រទេសឥណ្ឌូណេស៊ីក៏នឹងបើកទីផ្សារសម្រាប់ផលិតផលសាច់ជាច្រើនប្រភេទផ្សេងទៀតរបស់សហរដ្ឋអាម៉េរិកផងដែរ ដែលរួមមាន ការបង្កាត់ពូជគោ ចំណីគោ និងគោសាច់ ជ្រូក សេះ ចៀម និងពពែផងដែរ។
ប្រទេសឥណ្ឌូណេស៊ីក៏បានប្តេជ្ញានាំចូលផលិតផលសាច់សុទ្ធជាទៀងទាត់ចន្លោះពី១២០ ០០០តោន ទៅ១៥០ ០០០តោន ក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មកែច្នៃម្ហូបអាហារ រួមទាំងផលិតផលដូចជាសាច់ក្រក និងប្រហិតសាច់ជាដើម។
អ្នកនាំពាក្យខាងលើបានសង្កត់ធ្ងន់ថា ការពង្រីកការនាំចូលក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងមិនធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមមាន់ក្នុងស្រុកនោះទេ ដោយសាររដ្ឋាភិបាលនៅតែប្តេជ្ញារក្សាស្ថិរភាពតម្លៃ និងធ្វើឱ្យការផ្គត់ផ្គង់នៅក្នុងប្រទេសមានតុល្យភាពល្អ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបន្តផ្តល់អាទិភាពដល់ការការពារកសិករក្នុងស្រុក និងការពារតុល្យភាពនៃការផ្គត់ផ្គង់ស៊ុតមាន់ សាច់ាមន និងតម្លៃលើទីផ្សារ ដោយមិនមានគោលនយោបាយណាមួយ ដែលនាំឱ្យខូចឧស្សាហកម្មក្នុងស្រុកឡើយ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីក៏បានប្តេជ្ញាផងដែរថា នឹងទិញទំនិញពីសហរដ្ឋអាម៉េរិក ដែលមានតម្លៃជាទឹកប្រាក់រាប់ពាន់លានដុល្លារ រួមមានសំឡីកប្បាស សណ្តែកសៀង សាច់គោ យន្តហោះ និងថាមពល។ ក្នុងនេះដែរ ប្រទេសឥណ្ឌូណេស៊ីនឹងជួយសម្រួលដល់ក្រុមហ៊ុនអាម៉េរិកក្នុងការរុករលរ៉ែកម្រក្នុងប្រទេសឥណ្ឌូណេស៊ី ដែលនឹងជួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពង្រីកការផ្គត់ផ្គង់រ៉ែសំខាន់ៗ។
អ្នកនាំពាក្យបានមានប្រសាសន៍ទៀតថា កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានក្នុងរយៈពេល៩០ថ្ងៃ ហើយការផ្លាស់ប្តូរនៅតែអាចធ្វើឡើងតាមលក្ខខណ្ឌណាមួយ ប្រសិនបើប្រទេសទាំងពីរយល់ព្រម។
កាលពីសប្តាហ៍មុន ក្រុមហ៊ុនឥណ្ឌូណេស៊ី និងសហរដ្ឋអាម៉េរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនដែលមានតម្លៃជាទឹកប្រាក់ធ្វើពាណិជ្ជកម្មចំនួន៣៨,៤ពាន់លានដុល្លារ សម្រាប់ភាពជាដៃគូក្នុងវិស័យរ៉ែ បច្ចេកវិទ្យា វាយនភ័ណ្ឌ និងឧស្សាហកម្មផ្សេងៗទៀត។
លោកប្រធានាធិបតីឥណ្ឌូណេស៊ី បានបញ្ជាក់ថា កិច្ចព្រមព្រៀងទាំងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងពន្ធគយ ហើយវានឹងជួយឥណ្ឌូណេស៊ីក្នុងការកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក ដោយលោកបានមានប្រសាសន៍ថា “ខ្ញុំមានសុទិដ្ឋិនិយមខ្លាំងណាស់អំពីអនាគតនៃទំនាក់ទំនងរបស់យើង”៕












