ភ្នំពេញ៖ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន សូមជូនព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនា ខាងមុខនេះ។
ក្រុមហ៊ុន CICC មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម និងសេវាកម្មទេសចរណ៍ អ្នកលក់កាហ្វេ អ្នកផ្គត់ផ្គង់គ្រឿងសម្ភារកាហ្វេ អ្នកជំនាញឆុងកាហ្វេ អ្នកចូលចិត្តទទួលទានកាហ្វេ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ព្រឹត្តិការណ៍ប្រកួត សិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ រៀបចំឡើងដោយអង្គការ CICC, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាព្រឹត្តិការណ៍លើសពីការប្រកួតធម្មតា ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាយុទ្ធសាស្ត្រសម្រាប់ការ តភ្ជាប់ទីផ្សារកាហ្វេ ដែលកំពុងមានការរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងធនធានឧស្សាហកម្មកាហ្វេសកល។
ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមប្រធានបទ“Coffee United Us”ក្នុងគោលបំណងលើកកម្ពស់ ការផ្លាស់ប្តូរវប្បធម៌ ចំណេះដឹង និងរបៀបទទួលទានកាហ្វេលក្ខណៈអន្តរជាតិលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍ តាមរយៈការពង្រឹងសមត្ថភាពរបស់អ្នកជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជាបង្កើនឱកាសវិនិយោគ និងការពង្រីកម៉ាកយីហោកាហ្វេក្នុងស្រុកឱ្យកាន់តែល្បីល្បាញ។
កម្មវិធីនេះ ដោយមានការគាំទ្រនិងឧបត្ថម្ភថវិកាពីធនាគារ ARDB និងសមាគមឧស្សាហកម្ម ព្រឹត្តិការណ៍ ICLA ឆ្នាំ២០២៦ នឹងប្រមូលផ្តុំអ្នកជំនាញឆុងកាហ្វេ ម៉ាកកាហ្វេក្នុងស្រុកល្បីៗ វិនិយោគិន និងអ្នកចូលចិត្តទទួលទានកាហ្វេមកពីទូទាំងតំបន់៕








