កង់បេរ៉ា៖ កសិករចិញ្ចឹមគោនៅប្រទេសអូស្ត្រាលី អាចព្រួយបារម្ភចំពោះផលប៉ះពាល់ពីការសម្រេចចិត្តភ្លាមៗរបស់ប្រទេសចិន ក្នុងការដំឡើងពន្ធនាំចូលសាច់គោអូស្ត្រាលីរហូតដល់៥៥ភាគរយ ដែលជាវិធានការថ្មីមួយធ្វើឱ្យឧស្សាហកម្មសាច់គោរបស់អូស្ត្រាលី មានការព្រួយបារម្ភ និងធ្វើឱ្យពាណិជ្ជកម្មមានតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារប្រឈមនឹងហានិភ័យ។
រដ្ឋាភិបាលចិនបានប្រកាសថា ខ្លួននឹងអនុវត្តវិធានការការពារកសិករក្នុងស្រុក តាមរយៈយកពន្ធបន្ថែមលើការនាំចូលសាច់គោពីប្រទេសនានា រួមទាំងអូស្ត្រាលី នៅពេលសាច់នាំចូលនោះច្រើនលើសពីកូតាកំណត់។ ការសម្រេចចិត្តនេះមានគោលបំណងដើម្បីការពារកសិករ និងអ្នកផលិតក្នុងស្រុករបស់ចិន ប៉ុន្តែក្រុមឧស្សាហកម្មសាច់គោអូស្ត្រាលី បានព្រមានថា ការដំឡើងពន្ធនេះអាចធ្វើឱ្យផលិតកម្មសាច់គោរបស់ប្រទេសអូស្ត្រាលីធ្លាក់ចុះ និងធ្វើឱ្យតម្លៃគោរស់ក្នុងកសិដ្ឋានចុះថោកផងដែរ។
ក្រោមការរៀបចំកូតាថ្មីនេះ ប្រទេសអូស្រ្តាលីបានរៀនចំបែងចែកសាច់គោចំនួន២០៥ ០០០តោន ក្រោមកូតានាំចូលសរុប២,៧លានតោនរបស់ចិនសម្រាប់ឆ្នាំ២០២៦។ ការនាំចេញលើសពីកម្រិតកូតាកំណត់នេះនឹងត្រូវបង់ពន្ធគយរហូតដល់៥៥ភាគរយសម្រាប់រយៈពេលបីឆ្នាំខាងមុខ។ ការប៉ាន់ប្រមាណរបស់ឧស្សាហកម្មសាច់គោបង្ហាញថា ការរឹតបន្តឹងនេះអាចកាត់បន្ថយការនាំចេញសាច់គោរបស់អូស្រ្តាលីទៅកាន់ប្រទេសចិនប្រហែលមួយភាគបី បើធៀបនឹងឆ្នាំ២០២៥ ដែលស្មើនឹងការខាតបង់ពាណិជ្ជកម្មប្រចាំឆ្នាំជាង១ ០០០លានដុល្លារ។
អ្នកផលិតសាច់គោប្រណីតប្រភេទ អែងហ្គឹស (Angus) និងសាច់គោជប៉ុន វ៉ែកគ្យូ (Wagyu) ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ខ្លាំងបំផុត ដែលមានន័យថា កសិករចិញ្ចឹមសាច់គោនៅអូស្ត្រាលីជាច្រើននឹងរងផលប៉ះពាល់។ ប្រទេសចិននៅតែជាទិសដៅនាំចេញសាច់គោដ៏មានតម្លៃបំផុតមួយរបស់អូស្ត្រាលី ជាពិសេសសម្រាប់ការកាត់បន្ថយតម្លៃបន្ថែមខ្ពស់ ហើយការរអាក់រអួលណាមួយ ត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។
វិធានការដំឡើងពន្ធនេះ ក៏បានបង្កឱ្យមានការសង្ស័យចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអូស្ត្រាលី និងចិន ដែលត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១៥។ ខណៈពេលប្រទេសនាំចេញសាច់គោផ្សេងទៀត ក៏ត្រូវជាប់កូតាផងដែរ ក្រុមឧស្សាហកម្ម និងសម្ព័ន្ធបក្សប្រឆាំងនៅក្នុងប្រទេសអូស្ត្រាលី បានអះអាងថា វិធានការការពារនេះបំពានលើស្មារតីនៃកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែ ប្រទេសចិនបានបញ្ជាក់ថា ខ្លួននឹងផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀង ដែលគ្របដណ្ដប់លើសាច់គោ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលី លោក ដុន ហ្វារ៉ែល (Don Farrell) បានមានប្រសាសន៍ថា មន្ត្រីអូស្ត្រាលីបានលើកឡើងពីការព្រួយបារម្ភដោយផ្ទាល់ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង ហើយបានពណ៌នាការសម្រេចចិត្តនេះថា អយុត្តិធម៌។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “យើងបានបញ្ជាក់យ៉ាងច្បាស់ដល់ប្រទេសចិនថា សាច់គោអូស្ត្រាលីមិនមែនជាហានិភ័យដល់វិស័យសាច់គោរបស់ចិនទេ ហើយយើងរំពឹងថា ត្រូវតែគោរពឋានៈរបស់យើងជាដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏មានតម្លៃ។ អូស្ត្រាលី គឺជាប្រទេសធ្វើពាណិជ្ជកម្ម ដែលមានកិច្ចព្រមព្រៀងបណ្តាញពាណិជ្ជកម្មស្ទើរតែ៨០ភាគរយនៃពិភពលោក”។
ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្មអូស្ត្រាលី លោកស្រី ជូលី ខូល្លីន (Julie Collins) បានមានប្រសាសន៍ថា រដ្ឋាភិបាលមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីពន្ធគយ ហើយកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយឧស្សាហកម្មសាច់គោ ដើម្បីវាយតម្លៃផលប៉ះពាល់ឱ្យបានច្បាស់លាស់។
លោកស្រីរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “យើងនឹងក្រោកឈរជានិច្ច ដើម្បីការពារកសិករ និងអ្នកផលិតរបស់យើង រួមទាំងឧស្សាហកម្មសាច់គោដ៏ល្បីល្បាញរបស់យើង”។
រីឯអ្នកកែច្នៃវេចខ្ចប់សាច់គោអូស្ត្រាលី ក៏បានព្រមានពីផលវិបាកផ្នែកពាណិជ្ជកម្មភ្លាមៗផងដែ ដោយលើកឡើងថា ពន្ធគយដ៏ខ្ពស់របស់ចិននឹងប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មរបស់លោក។
លោកបានមានប្រសាសន៍ថា “ប្រហែលមួយភាគបួននៃអាជីវកម្មរបស់យើង ឬស្មើពី២០ ទៅ២៥ភាគរយ ដែលមានទឹកប្រាក់សរុបប្រហែល១០០ដុល្លារ គឺជាអាជីវកម្មនាំចេញទៅប្រទេសចិន”។
លោកបានបន្តថា ការផ្គត់ផ្គង់សាច់គោរបស់លោកអាចបញ្ជូនបន្តទៅកាន់ទីផ្សារនាំចេញផ្សេងទៀត ប៉ុន្តែការផ្លាស់ប្តូរនេះនឹងត្រូវចំណាយអស់ច្រើនណាស់។
នាយកគ្រប់គ្រងក្រុមហ៊ុន សាច់និងសត្វអូស្ត្រាលី (Meat & Livestock Australia-MLA) លោក ម៉ៃឃើល ក្រាវលី (Michael Crowley) បាននិយាយថា ក្រុមហ៊ុនខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចរបស់ប្រទេសចិន ក្នុងការអនុវត្តវិធានការការពារលើការនាំចូលសាច់គោ រួមទាំងសាច់គោអូស្ត្រាលីផងដែរ។
លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុន សាច់និងសត្វអូស្ត្រាលី បានសម្តែងការខកចិត្តជំនួសឱ្យឧស្សាហកម្មសាច់គោអូស្ត្រាលី បន្ទាប់ពីក្រសួងពាណិជ្ជកម្មចិន បានប្រកាសដាក់ចេញវិធានការការពារលើការនាំចូលសាច់គោ រួមទាំងសាច់គោអូស្ត្រាលីផងដែរ។ អូស្ត្រាលីបានចូលរួមយ៉ាងខ្ជាប់ខ្ជួនជាមួយចិន ក្នុងដំណើរការស៊ើបអង្កេត ដោយបញ្ជាក់យ៉ាងច្បាស់នៅគ្រប់ឱកាសថា ការនាំចេញរបស់យើងមិនមែនជាមូលហេតុប៉ះពាល់ដល់វិស័យសាច់គោក្នុងស្រុករបស់ចិននោះទេ។ យើងក៏បានរំលឹកចិនពីជំហររបស់អូស្ត្រាលីក្នុងនាមជាដៃគូពាណិជ្ជកម្មសេរី ដែលគួរឱ្យទុកចិត្ត និងសង្ឃឹមថា ចិននឹងបន្តគោរពកិច្ចព្រមព្រៀងនេះ”។
លោក ម៉ៃឃើល ក្រាវលី បានបញ្ជាក់ថា ប្រទេសចិននៅតែជាទីផ្សារដ៏សំខាន់សម្រាប់សាច់គោអូស្ត្រាលី ប៉ុន្តែលោកបានព្រមានថា ពន្ធគយថ្មីនឹងមានផលវិបាកពិតប្រាកដ។
លោកបានមានប្រសាសន៍ទៀតថា ចិននៅតែជាទីផ្សារដ៏សំខាន់សម្រាប់សាច់គោអូស្ត្រាលី ហើយពន្ធនេះនឹងប៉ះពាល់ដល់អតិថិជនរបស់យើងនៅក្នុងប្រទេសចិនយ៉ាងខ្លាំង។ ក្រុមការងារទីផ្សារប្រចាំក្រុមហ៊ុនរបស់លោកលោកកំពុងធ្វើការជាមួយអ្នកនាំចូលរបស់ចិនរួចហើយ ខណៈវិធានការនេះត្រូវបានដាក់ចេញ។
លោក ម៉ៃឃើល ក្រាវលី បានបញ្ជាក់ថា “ក្រុមហ៊ុន សាច់និងសត្វអូស្ត្រាលី ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការនាំចូលសាច់គោទៅកាន់ទីផ្សារ និងធ្វើទីផ្សារសាច់គោអូស្ត្រាលីនៅលើសកលលោក រួមទាំងការរក្សាវត្តមានដ៏រឹងមាំនៅក្នុងប្រទេសចិន ដើម្បីគាំទ្រដល់ទំនាក់ទំនងពាណិជ្ជកម្ម និងលើកកម្ពស់សាច់គោអូស្ត្រាលី។ ខណៈពេលវិធានការការពាររបស់ចិននេះនឹងជះឥទ្ធិពលដល់អ្នកផ្គត់ផ្គង់សាច់គោធំៗទាំងអស់ទៅកាន់ប្រទេសចិន មិនត្រឹមតែអូស្ត្រាលីប៉ុណ្ណោះទេ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលអូស្ត្រាលី និងដៃគូឧស្សាហកម្ម ដើម្បីដឹងច្បាស់អំពីវិធានការនេះ និងស្វែងរកលទ្ធផលល្អបំផុតសម្រាប់កសិករចិញ្ចឹមគោអូស្ត្រាលី”៕








