អ្នកជំនាញចន្ទីរម្លឹកថា អាកាសធាតុត្រជាក់អូសបន្លាយ និងមានភ្លៀងកក់ខែបណ្តាលឱ្យចន្ទីខូចផ្កាច្រើននាឆ្នាំនេះ

477074633_1164134468434579_2079853197922058452_n

ដោយ រស្មី

ភ្នំពេញ៖ អ្នកជំនាញផ្នែកចន្ទីបាន​​រម្លឹកថា អាកាសធាតុត្រជាក់យូរ លាយឡំជាមួយភ្លៀងកក់ខែផង គឺជាកត្តាចម្បងបង្កឱ្យផ្កាស្វាយចន្ទីក្រៀមខ្មៅ គាំង និងជ្រុះក្ដឹប មិនកាន់ផ្លែ ពោលកសិករអ្នកដាំចន្ទីឆ្នាំនេះបានជួបប្រទះនូវបញ្ហានេះពីរដងមកហើយ គឺចាប់តាំងតែពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទីពីរនេះ កើតឡើងចុងខែកុម្ភៈ ឆ្នាំ២០២៦ នេះម្តងទៀត។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា ក្នុងឆ្នាំនេះ ផ្លែស្វាយចន្ទីបានជួបនូវបញ្ហាអាក្រក់បន្តិចដោយសារតែបញ្ហាធំៗពីរ គឹអាកាសធាតុត្រជាក់យូរ ហើយតំបន់ខ្លះមានភ្លៀងកក់ខែ ម្ល៉ោះហើយធ្វើឱ្យផ្កាចន្ទីខូចមិនសូវកាន់ផ្លែ។

លោកបានពន្យល់ប្រាប់ថា នៅពេលមេឃចុះត្រជាក់ ចាប់ពីក្រោម២០អង្សាសេទៅនាំឱ្យដើមស្វាយចន្ទីផ្អាកស្រូបជី និងទឹក ដែលឥទ្ធិពលនេះនឹងជះផលអាក្រក់ដល់ ផ្កាក្រពុំមិនព្រមរីក ហើយវានឹងជ្រុះមិនចេញក្តិបបង្កឱ្យស្វាយចន្ទីពុំមានផ្លែ ហើយនេះ គឺជាបញ្ហាប្រឈមរបស់កសិករ។ ចំណែកភ្លៀងកក់ខែ នឹងធ្វើឱ្យផ្ការលាក និងស្អុយ ដោយសារជាតិអាស៊ីតក្នុងទឹកភ្លៀង និងសំណើមខ្ពស់ លាងជម្រះលម្អងផ្កាអស់ ធ្វើឱ្យផ្កាចេញមកច្រើនតែមិនជាប់ផ្លែច្រើន ដោយសារតែផ្កាឡើងខ្មៅហើយខូច។

បើតាមលោក អួន ស៊ីឡុត ឱ្យដឹងដែរថា ក្នុងឆ្នាំនេះនៅតំបន់ភាគច្រើន ផ្កាចន្ទីចេញផ្កាច្រើនណាស់ តែដោយសារអាកាសធាតុត្រជាក់អូសបន្លាយពេលយូរបង្កឱ្យក្តិបស្វាយចន្ទីគាំងមិនចេញផ្លែ ហើយតំបន់ខ្លះចេញផ្លែមិនដល់ប្រាំភាគរយទេ។ ចំពោះស្ថានភាពអាក្រក់បែបនេះ គឺទៅតាមតំបន់ហើយស្ថានភាពទទួលរងខូចខាតក៏ខុសគ្នាដែរពោលគឺទៅតាមអាកាសធាតុ បើតំបន់ណាអាកាសធាតុត្រជាក់ ឬមានភ្លៀងកក់ខែនោះការប្រឈមនឹងចន្ទីខូចផ្កាមានខ្ពស់ តែបើពុំមានភ្លៀងកក់ខែទេ ទំហំខូចផ្កាក៏តិចទៅតាមនោះដែរ។

ជុំវិញដើមចន្ទីទទួលរងខូចផ្កាច្រើន គេក៏មានការព្រួយបារម្ភចំពោះទិន្នផលគ្រាប់ចន្ទីមិនអាចផ្គត់ផ្គង់លើទីផ្សារគ្រប់គ្រាន់នោះ ត្រូវបានលោក អួន ស៊ីឡុត បញ្ជាក់ប្រាប់ថា រហូតមកដល់ពេលនេះគេមិនទាន់អាចវាយតម្លៃទំហំផលប៉ះពាល់ទេ ត្រូវរង់ចាំដល់ខែមេសាសិន។ ទោះបីជាយ៉ាងណា លោករំពឹងថា ការប៉ះពាល់អាចមិនអាក្រក់ពេកដែរពីព្រោះបញ្ហានេះកើតឡើងមិនទូទៅទេ គឺទៅតាមតំបន់ប៉ុណ្ណោះ។

លោក អួន ស៊ីឡុត ឱ្យដឹងបន្ថែមថា មកដល់ពេលនេះតម្លៃគ្រាប់ចន្តីនៅល្អ គឺក្នុងចុង ខែកុម្ភៈ ឆ្នាំ ២០២៦កន្លងមក ឃ្លាំងធំៗទិញគ្រាប់ចន្ទីស្រស់ក្នុងតម្លៃ៦២០០រៀល ក្នុងមួយគីឡូក្រាម គឺជាតម្លៃល្អ ដោយសារតែចំនួនគ្រាប់ចន្ទីពុំសូវសម្បូរ។

ប្រធានសមាគមន៍ស្វាយចន្ទីកម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា ដំណាំស្វាយចន្ទីនៅកម្ពុជាប្រមាណ៧០ភាគរយហើយ ដាំក្នុងលក្ខណៈទ្រង់ទ្រាយតូចពោល គឺកសិករដាំជាលក្ខណៈគ្រួសារ និងមានតែប្រមាណ៣០ភាគរយប៉ុណ្ណោះដាំជាលក្ខណៈដីសម្បទានរបស់រាជរដ្ឋាភិបាល។ គិតមកដល់ពេលនេះគ្រាប់ស្វាយចន្ទី ដែលបានចុះបញ្ជីការពារពូជនៅក្រសួងកសិកម្ម មានចំនួនបួនប្រភេទ ដូចជា M-23, ពូជ M-10 ពូជ IM-4 និងពូជ H-09។

គួរបញ្ជាក់ថា បើតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបាន១,៥ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួនមួយលានតោន កើនឡើង២៧ភាគរយ ធៀបនឹងឆ្នាំ២០២៤។  ប្រទេសកម្ពុជាមានផ្ទៃដីស្វាយចន្ទីជាង៦៨ម៉ឹនហិកតា ហើយខេត្តកំពង់ធំ មានផ្ទៃដីដាំដុះច្រើនជាងគេ គឺប្រមាណ ១៤៧ ៧០០ហិកតា បន្ទាប់មកមានខេត្តក្រចេះ ប្រមាណជា១០២ ៥០០ហិកតា និងខេត្តរតនគិរី ប្រមាណជា៩៧ ២០០ហិកតា។

បើតាមក្រសួងកសិកម្ម បានឱ្យដឹងថា ផ្ទៃដី ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ បើធៀបនឹងប្រទេសដាំដំណាំស្វាយចន្ទីនៅលើពិភពលោក ដោយក្នុងនេះប្រទេស ដែលមានស្វាយចន្ទីច្រើនជាងគេ គឺប្រទេសកូឌីវ័រ ដែលមានផ្ទៃដីដាំដុះជាងមួយលានហិកតា និងលេខ២ បានទៅប្រទេសឥណ្ឌា៕


cover image
ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារវៀតណាម ដាក់ចេញគំនិតផ្តួចផ្តើមនូវថវិកាពីរលានដុល្លារសម្រាប់អភិវឌ្ឍសមត្ថភាពធនាគារបៃតង

ហាណូយ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (Asia Development Bank) និងធនាគាររដ្ឋវៀតណាម (State Bank of Vietnam) កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើមនូវមូលនិធិចំនួនពីរលានដុល្លារ សម្រាប់ការអភិវឌ្ឍសមត្ថភាពធនាគារបៃតង ដើម្បីជួយឱ្យប្រទេសវៀតណាមពង្រីកហិរញ្ញប្បទានបៃតង និងហិរញ្ញវត្ថុអាកាសធាតុ។ បើតាមការចុះផ្សាយតាមបណ្តាញព័ត៌មានវៀតណាម​ បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃគម្រោងជំនួយផ្នែកបច្ចេកទេស ស្តីពី “ហិរញ្ញវត្ថុបរិយាបន្ន និងហិរញ្ញវត្ថុអាកាសធាតុ» ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិជប៉ុនសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ប្រកបដោយវិបុលភាព និងភាពធន់។ ប្រភពដដែលបានបន្តថា គម្រោងនេះមានគោលបំណងពង្រឹងការអនុវត្តធនាគារបៃតង និងបង្កើនសមត្ថភាពវិស័យធនាគាររបស់ប្រទេសវៀតណាម ដើម្បីពង្រីកហិរញ្ញវត្ថុបៃតង និងហិរញ្ញវត្ថុអាកាសធាតុ ឱ្យកាន់តែទូលំទូលាយ។ ឆ្លើយតបទៅនឹងគម្រោងខាងលើនេះ វៀតណាមបានរៀបចំសិក្ខាសាលានៃការចាប់ផ្តើមអនុវត្តថវិកាពីរលានដុល្លារនេះ ដោយមានអ្នកចូលរួមជាង៨០នាក់ មកពីធនាគាររដ្ឋរបស់ប្រទេសវៀតណាម ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ធនាគារពាណិជ្ជ និងសមាគមធុរកិច្ច។ សិក្ខាសាលានេះ បានពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន ការវាយតម្លៃហានិភ័យអាកាសធាតុ ផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចនៃការកំណត់តម្លៃកាបូន តួនាទីរបស់ស្ថាប័នឥណទានក្នុងការអភិវឌ្ឍទីផ្សារកាបូន និងការចេញមូលបត្របំណុលបៃតង។ តាមរយៈសិក្ខាសាលាខាងលើនេះ ក្រុមអ្នកចូលរួមក៏បានផ្លាស់ប្តូរទស្សនៈអំពីគោលនយោបាយពន្ធបៃតងរបស់វៀតណាម និងបានកំណត់ជំហានបន្ទាប់ ដើម្បីជួយវិស័យធនាគារក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព […]

image_2026-03-05_11-07-43
ឡាវផ្តល់អាទិភាពលើសន្តិសុខស្បៀង និងធ្វើទំនើបកម្មកសិកម្មសម្រាប់អនាគត

វៀងច័ន្ទន៍៖ នាយករដ្ឋមន្ត្រីឡាវ លោក សូនិសៃ ស៊ីផាន់ដន (Sonexay Siphandone) បានអំពាវនាវឱ្យខិតខំប្រឹងប្រែង ដើម្បីពង្រឹងសន្តិសុខស្បៀង ព្រមទាំងធ្វើទំនើបកម្មផលិតកម្មកសិកម្ម និងកែលម្អការគ្រប់គ្រងដីធ្លី ព្រៃឈើ និងធនធានទឹក។ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានឡាវ បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ លោក សូនិសៃ ស៊ីផាន់ដន បានថ្លែងសារបែបនេះក្នុងអំឡុងកិច្ចប្រជុំមួយ ដែលធ្វើឡើងកាល ដើម្បីពិនិត្យឡើងវិញនូវវិស័យកសិកម្ម និងព្រៃឈើរបស់ឡាវ នៅឆ្នាំ២០២៥។ ថ្លែងក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ផលិតកម្មកសិកម្មរបស់ឡាវត្រូវតែដើរតាមមាគ៌ាសេដ្ឋកិច្ច ដែលពឹងផ្អែកលើខ្លួនឯង ដោយផ្តល់អាទិភាពដល់ការពង្រឹងសមត្ថភាពក្នុងស្រុក ក្នុងការបង្កាត់ពូជរុក្ខជាតិ និងសត្វ នវានុវត្តន៍ និងធាតុចូលផលិតកម្មសំខាន់ៗ។ លោកបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះការកែលម្អដី ការការពារដីស្រែ មានជីជាតិ និងការអភិវឌ្ឍតំបន់ផលិតកម្មប្រមូលផ្តុំ ដែលគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធសមស្រប។ ការពង្រីកផលិតកម្មក្នុងស្រុកផ្នែកចំណីសត្វ ជី ថ្នាំសម្លាប់សត្វល្អិត និងឱសថព្យាបាលសត្វ ក៏ត្រូវបានសង្កត់ធ្ងន់ផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ ការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាព ត្រូវបានគូសបញ្ជាក់ថាមានសារៈសំខាន់ក្នុងការបង្កើនទិន្នផល រួមទាំងពង្រីកការដាំដុះស្រូវរដូវវស្សា និងការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើដំណាំរដូវប្រាំង ដែលមានតម្លៃខ្ពស់។ ការពង្រឹងផ្នែកកែច្នៃស្បៀងអាហារ ស្តង់ដារអនាម័យ ចរាចរពាណិជ្ជកម្ម ធនាគារពូជ […]

photo_2026-03-06_08-59-44
ស្ត្រីចូលរួមបង្កើតអាជីវកម្មការកែច្នៃផលិតផលមានកាន់តែច្រើននៅក្នុងប្រទេស

ដោយ ឡុង សារេត ភ្នំពេញ៖ ស្ថាបនិកក្រុមហ៊ុនលីលីហ្វូត លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ដែលមហាជនស្គាល់ថា ជាសហគ្រិនស្ត្រីឆ្នើមម្នាក់នៅក្នុងប្រទេស បានសង្កេតឃើញថា មកដល់ពេលបច្ចុប្បន្ននេះ ស្ត្រីគឺមានសក្តានុពលកាន់តែច្រើននៅក្នុងគ្រួសារ ក្រៅពីមានតួនាទីធ្វើជាស្ត្រីមេផ្ទះ មើលរក្សាកូនចៅ និងស្វាមី។ ពោលស្ត្រីបានចូលរួមបង្កើនប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចគ្រួសារ តាមការបង្កើតអាជីវកម្មកែច្នៃផលិតផលមានកាន់តែច្រើនសម្រាប់ផ្គត់ផ្គង់តម្រូវការនៅក្នុងប្រទេស។ លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ មានប្រសាសន៍ថា “ចំពោះប្រជាជនខ្មែរយើង ដែលជាស្ត្រី យើងឃើញថា ម្ចាស់អាជីវកម្មជាអ្នកលក់ដូរ ស្ត្រីធ្វើជាម្ចាស់អាជីវកម្មមានច្រើន។ ចំណែកខ្នាតឧស្សាហកម្មស្ត្រីបានចូលរួមជាច្រើននៅក្នុងដំណើរការនៃការកែច្នៃ ឬបង្កើតផលិតផលក្នុងស្រុកផ្សេងៗ ព្រោះស្ត្រីចូលចិត្តធ្វើអ្វី ដែលមានការច្នៃប្រឌិតផលិតផលមានគុណភាពល្អ ស្អាត និងមានរសជាតិឆ្ងាញ់។ ដូចនេះផ្អែកលើការកែច្នៃផលិតផលរបស់ស្ត្រី បានជំរុញឱ្យគាត់មានផែនការផលិតកាន់តែច្រើនសម្រាប់ឆ្លើយតបទៅនិងតម្រូវការនៅក្នុងប្រទេសកម្ពុជា”។ លោកជំទាវបានគូសបញ្ជាក់ថា “យើងមើលឃើញថា បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ម្ចាស់សិប្បកម្ម ម្ចាស់ឧស្សាកម្មទាំងខ្នាតតូច មធ្យមភាគច្រើនគឺជាស្ត្រី រហូតដល់ជាង៦០ភាគរយ”។ ស្ថាបនិកក្រុមហ៊ុនលីលីហ្វូត បានបន្តទៀតថា ក្រៅពីបានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងនៃការរួមចំណែកសម្រាប់ផ្គត់ផ្គង់ និងជួយទ្រទ្រង់ដល់សុខភាពនៅក្នុងគ្រួសារជាច្រើន។ ស្ត្រីបច្ចុប្បន្នបាននិងកំពុងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិបានច្រើនតាមរយៈការគិតល្អិតល្អន់ ហ្មត់ចត់ ច្បាស់លាស់ សច្ចធម៌ គុណធម៌ សុជីវធម៌។ បើតាមលោកជំទាវឧកញ៉ាបណ្ឌិត កែវ […]

image_2026-03-05_09-50-42
ម៉ាឡេស៊ីមានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការបានរយៈពេលប្រាំខែប៉ុណ្ណោះ

គូឡាឡាំពួរ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង ម៉ាឡេស៊ី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីមានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានប្រមាណជាងប្រាំខែប៉ុណ្ណោះ នៅពេលមានគ្រោះអាសន្នកើតឡើង។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀង លោក ម៉ូហាម៉ាដ សាប៊ូ (Mohamad Sabu) បានមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានស្តុកអង្ករសរុបជាងមួយលានតោន ដែលក្នុងនេះមានអង្ករស្តុកបម្រុងសម្រាប់ផ្គត់ផ្គង់តម្រូវការបន្ទាន់ចំនួន២០០ ០០០តោន និងអង្ករស្តុកសម្រាប់ធ្វើពាណិជ្ជកម្មចំនួន ៨៨៩ ២៨៥តោន។ លោកបានមានប្រសាសន៍ថា នេះបង្ហាញឱ្យឃើញថា ត្រូវវិធានការណ៍ចាំបាច់ ដើម្បីធានាឱ្យបាននូវការផ្គត់ផ្គង់ស្បៀងអាហារឱ្យបានគ្រប់គ្រាន់ក្នុងករណីមានគ្រោះមហន្តរាយ។ ចំណែកវិធានការផ្សេងទៀត រួមមានការធ្វើគម្រោងសាកល្បងដាំស្រូវលើផ្ទៃដីទំហំ៣ ០០០ហិកតា ក្នុងដំណាក់កាលចាប់ផ្តើម នៅឆ្នាំ២០២៤ តាមតំបន់គ្រប់គ្រងដោយអាជ្ញាធរអភិវឌ្ឍន៍កសិកម្ម ម៉ាឡេស៊ី។ លោករដ្ឋមន្ត្រីបានលើកឡើងថា ព្រមជាមួយគ្នានេះដែរ ក៏មានកិច្ចខិតខំប្រឹងប្រែងជាដំណាក់កាល ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវប្រព័ន្ធគ្រប់គ្រងទឹកក្នុងវិស័យកសិកម្ម តាមរយៈកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដែលជាមធ្យោបាយមួយ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទឹក ពេលមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។ លោកក៏បានលើកឡើងពីគម្រោងបង្កបង្កើនផលដំណាំស្រូវ ដែលផ្តល់ការការពារសម្រាប់ក្រុមកសិករខ្នាតតូច ដែលងាយរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ ដោយអាចទទួលបានសំណងរហូតដល់៣ ០០០រីងហ្គីត ឬប្រហែលនឹង៧៦៥ដុល្លារ ក្នុងមួយហិកតា […]

កាលវិភាគផ្សព្វផ្សាយ