ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករ បានជំរុញឲ្យមានការផ្គត់ផ្គង់បន្លែស្រស់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋខ្មែរ
ការលើកឡើងរបស់លោកបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី “ការផ្គត់ផ្គង់បន្លែស្រស់”កាលពីថ្ងៃសុក្រទី២៧ខែកុម្ភៈឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម យក់ ចំរើនឫទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte ព្រមទាំងសមាជិកសមាគម វិនិយោគិន និងតំណាងក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្មប្រមាណជាង ៥០នាក់។
លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោបានបង្ហាញនូវគុណតម្លៃស្នូលចំនួន ៣ យ៉ាងសំខាន់៖
– ការបង្កើតបណ្តាញទីផ្សារនវានុវត្តន៍ទំនើប (Innovative Marketplace): សមាគមបានដើរតួនាទីជាអ្នកសម្របសម្រួលបង្កើត “ម៉ូដែលទីផ្សារថ្មី” ដែលតភ្ជាប់ពីចម្ការកសិករមកដល់ម អ្នកប្រើប្រាស់ចុងក្រោយផ្ទាល់។ នេះជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលជួយឱ្យកសិករលក់ផលិតផលបានស្រួល និងអ្នកបរិភោគទទួលបានបន្លែដែលមានតម្លៃទាបសមរម្យតាមរយៈកាត់ចេញទីផ្សារកណ្តលចំនួន២ឬ៣ថ្នាក់ចេញ។
– ការគិតគូរពីសុខុមាលភាពសាធារណៈ (Public Health): លើសពីការលក់ដូរធម្មតាគឺ សមាគមផ្ដោតសំខាន់ សម្របសម្រួលអោយមាន”សុវត្ថិភាពចំណីអាហារ”។ ការជំរុញឱ្យមានការផលិត និងផ្គត់ផ្គង់បន្លែ ផ្លែឈើ ដែលមានគុណភាព និងសុវត្ថិភាព គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋខ្មែរ។
– ការផ្សារភ្ជាប់ទីផ្សារ: សមាគមបានក្លាយជាវេទិកាតភ្ជាប់ដ៏រឹងមាំរវាង អ្នកផលិត (កសិករ) អ្នកបច្ចេកទេស និងអ្នកវិនិយោគ ដើម្បីបង្កើតខ្សែចង្វាក់ផលិតកម្មមួយដែលមានការប្រកួតប្រជែងខ្ពស់ និងមាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ, លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ គម្រោងនេះមិនត្រឹមតែជួយដោះស្រាយបញ្ហាទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការទទួលខុសត្រូវផ្នែកសង្គម (Social Responsibility)។ កសិករ និងអ្នកផលិត ត្រូវតែគិតគូរជាចម្បងលើគុណភាព និងសុវត្ថិភាព ដើម្បីសុខភាពអ្នកទទួលទាន។”
លោកបណ្ឌិតក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តសហការគ្នាយ៉ាងជិតស្និទ្ធតាមរយៈ បណ្តាញកសិករតេជោ ដើម្បីអភិវឌ្ឍបច្ចេកទេសថ្មីៗ និងបង្កើនលទ្ធភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារ៕
















