ហ្សាកាតា៖ ក្រសួងកិច្ចការសមុទ្រ និងនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសដាក់ចេញយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ ដើម្បីជំរុញ និងពង្រឹងការនាំចេញគ្រឿងសមុទ្រ តាមរយៈការជួយអាជីវករក្នុងស្រុកឱ្យអនុវត្តតាមតម្រូវការវិញ្ញាបនបត្រថ្មីៗរបស់សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប និងការពង្រីកទីផ្សារទៅក្រៅប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក។
ប្រធានផ្នែកទីផ្សារនៃអគ្គនាយកដ្ឋានពង្រឹងភាពប្រកួតប្រជែងផលិតផលសមុទ្រ និងជលផល បានឲ្យដឹងថា ក្រសួងនឹងជួយសម្របសម្រួលអ្នកនាំចេញ ដើម្បីឱ្យអនុលោមតាមវិញ្ញាបនបត្របញ្ជាក់ប្រភពត្រី (Catch Certification) របស់សហភាពអឺរ៉ុប និងក្រមប្រតិបត្តិនេសាទ ព្រមទាំងលក្ខខណ្ឌវិញ្ញាបនបត្រនាំចូលរបស់សហរដ្ឋអាម៉េរិក។
លោកបានថ្លែងថា «យើងកំពុងលើកទឹកចិត្តឲ្យអាជីវកម្មគ្រឿងសមុទ្ររក្សាគុណភាព និងសុវត្ថិភាពផលិតផលឲ្យបានខ្ពស់ ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ»។។
លោកសង្កត់ធ្ងន់ទៀតថា ជាមួយគ្នានេះក្រសួងក៏កំពុងចរចាជាមួយភាគីសហរដ្ឋអាម៉េរិកឱ្យមានការអនុម័តយល់ព្រមសម្រាប់ការនាំចេញក្តាមពីប្រទេសឥណ្ឌូណេស៊ី ក្រោមសេចក្តីសម្រេចអំពីភាពអាចប្រៀបធៀបបាន របស់រដ្ឋបាលជាតិមហាសមុទ្រ និងបរិយាកាសអាមេរិក (NOAA) ដើម្បីបញ្ជៀសការពន្យារពេលនាំចេញក្រោមបទប្បញ្ញត្តិថ្មី។
លោកប្រធានផ្នែកទីផ្សារនៃអគ្គនាយកដ្ឋានពង្រឹងភាពប្រកួតប្រជែងផលិតផលសមុទ្រ និងជលផល បានឱ្យដឹងថា គម្រោងផ្សេងៗទៀត ដែលក្រសួងបាននឹងកំពុងគិតគូរួមមាន ការរៀបចំបេសកកម្មពាណិជ្ជកម្ម ការផ្សព្វផ្សាយផលិតផលនៅលើឆាកអន្តរជាតិ និងការរៀបចំព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្ម (Business Matching)។ ជាមួយគ្នានេះ អ្នកនាំចេញត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់អត្ថប្រយោជន៍ពន្ធអត្រាសូន្យភាគរយ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងឥណ្ឌូណេស៊ី និងជប៉ុន សម្រាប់ផលិតផលត្រីធូណាទំហំតូច និងធំ ដែលនឹងមានប្រសិទ្ធភាពចាប់ពីត្រីមាសទី១ ឆ្នាំ២០២៦ តទៅ។
លោកបន្ថែមថា ជាមួយគ្នានេះ កិច្ចពិភាក្សាអំពីការកាត់បន្ថយពន្ធក៏កំពុងបន្តធ្វើជាមួយដៃគូពាណិជ្ជកម្មនៅតំបន់អាម៉េរិកខាងជើង អាស៊ីខាងត្បូង មជ្ឈិមបូព៌ា អឺរ៉ាស៊ី និងអាម៉េរិកឡាទីន។
ក្នុងឆ្នាំ២០២៥ ការនាំចេញគ្រឿងសមុទ្ររបស់ប្រទេសឥណ្ឌូណេស៊ីមានតម្លៃសរុប៦,២៧ពាន់លានដុល្លារ កើនឡើង៥,២ភាគរយ បើធៀបនឹងឆ្នាំមុន។ សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារធំបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី ដោយមានតម្លៃនាំចេញ១,៩៩ពាន់លានដុល្លារ ក្នុងនោះផលិតផលបង្គាឈានមុខគេ មានតម្លៃ១,៨៧ពាន់លានដុល្លារ។
យោងតាមទិន្នន័យរបស់ទីភ្នាក់ងារស្ថិតិជាតិឥណ្ឌូណេស៊ី បានឱ្យដឹងថា អតិរេកពាណិជ្ជកម្មវិស័យនេសាទរបស់ប្រទេសឥណ្ឌូណេស៊ីសម្រេចបាន៥,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើងបីភាគរយធៀបនឹងឆ្នាំមុន៕








