ភ្នំពេញ៖ សមាគមវារីវប្បករនៅកម្ពុជា បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន និងសិក្ខាសាលាស្តីពីការជំរុញអនុវត្តវារីវប្បកម្មល្អ ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការជជែកស្វែងយល់ពីអាជីវកម្ម ការកសាងបណ្តាញ និងយុទ្ធសាស្រ្តអាជីវកម្ម និងផែនការប្រចាំឆ្នាំ២០២៦ ធ្វើបច្ចុប្បន្នភាពរបស់សមាគម លើកទិសដៅ និងនិរន្តភាព ដែលមានការចូលរួមពីតំណាងសមាគមប្រចាំខេត្ត និងសមាជិកក្រុមបច្ចេកទេសចំនួន១៨០នាក់។
សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនេះ បានជំរុញការអនុវត្តវារីវប្បកម្មល្អ ដោយមានមតិស្វាគមន៍ និងបទបង្ហាញផ្សេងៗពីអ្នកចូលរួមមានលោក ថាយ សុមុនី ជាប្រធាននាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម លោក យន់ សុវណ្ណារិទ្ធិ ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករនៅកម្ពុជា លោក សាក់ សម្បត្តិ តំណាងសមាគមសណ្ដែកសៀងអាម៉េរិក នៅកម្ពុជា (ASA) និងលោក ឡែមផូរ សុថាវរិទ្ធិ នាយកប្រតិបត្តិសមាគមវារីវប្បករនៅកម្ពុជា។
នៅក្នុងកិច្ចប្រជុំមានរយៈពេលពីរថ្ងៃនេះដែរ ក៏មានការដាក់ស្តង់របស់សមាគមវារីវប្បករ ដើម្បីបង្ហាញពីសមិទ្ធផល និងផលិតផលត្រីងៀតរបស់សមាគមដល់អ្នកចូលរួម ក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏មានស្តង់ដាក់បង្ហាញពីផលិតផលសំខាន់ៗរបស់ធនាគារផងដែរ៕












