កំពង់ធំ-កំពង់ចាម៖ នាថ្ងៃថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តដឹកនាំសហការីចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ទីតាំងប្រមូលទិញស្តុកទុក និងកែច្នៃកសិផលសំខាន់ៗពីរទីតាំង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម។
គោលបំណងនៃបេសកកម្មនេះ គឺដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មឱ្យកាន់តែរឹងមាំ ជាពិសេសធានាឱ្យបាននូវសមត្ថភាពស្តុកទុក និងការកែច្នៃកសិផលក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពកសិករ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
ទីតាំងទាំងពីរ ដែលឯកឧត្ដមបណ្ឌិតបានចុះពិនិត្យរួមមាន សហគ្រាសកែច្នៃស្វាយចន្ទី CSNC Agriculture Co., Ltd. ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាចំណុចយុទ្ធសាស្ត្រក្នុងការប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យមានគុណភាពខ្ពស់។
ចំណែកទីតាំងមួយទៀត គឺឃ្លាំងប្រមូលទិញរបស់លោក ងួន វណ្ណៈ ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាទីតាំងដ៏សំខាន់សម្រាប់ប្រមូលទិញ និងស្តុកទុកគ្រាប់ស្វាយចន្ទី និងដំឡូងមី ពីបងប្អូនកសិករក្នុងតំបន់។
ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់សហគ្រាស និងអាជីវករ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម។
ឯកឧត្ដមក៏បានផ្តល់នូវអនុសាសន៍គន្លឹះៗមួយចំនួនពាក់ព័ន្ធនឹងបច្ចេកទេសស្តុកទុក និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាពកសិផលតាមស្តង់ដារកំណត់។
ការចុះពិនិត្យនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ធនាគារ ARDB ក្នុងការគាំទ្រផ្នែកហិរញ្ញប្បទាន និងបច្ចេកទេស ដល់តួអង្គពាក់ព័ន្ធក្នុងវិស័យកសិកម្ម ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជា “អធិរាជស្វាយចន្ទី” និងពង្រឹងសន្តិសុខស្បៀងក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង៕












