កូឡាឡាំពូរ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកចំនួន១១៤កន្លែង នៅក្នុងរដ្ឋសេឡាំងគ័រ (Selangor) ប្រទេសម៉ាឡេស៊ី កំពុងសម្តែងការភ័យខ្លាចចំពោះអនាគតដ៏អាក្រក់បំផុតសម្រាប់អាជីវកម្មរបស់ខ្លួន ស្របពេលរដ្ឋាភិបាលមូលដ្ឋានកំពុងពន្លឿនសកម្មភាពបិទចោលកសិដ្ឋានចិញ្ចឹមជ្រូកឱ្យអស់ពីក្នុងរដ្ឋនេះ។
សារព័ត៌មានរបស់ម៉ាឡេស៊ី បានចេញផ្សាយថា កសិដ្ឋានចិញ្ចឹមជ្រូកទាំងនេះ ភាគច្រើនមានទីតាំងនៅក្បែរតំបន់ឆ្នេរសមុទ្រម៉ាឡាកា និងមានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានីគូឡាឡាំពួរ ត្រូវបានព្រះចៅស៊ុលតង់អ្នកគ្រប់គ្រងរដ្ឋសេឡាំងគ័រ ព្រះនាម ហ្សារ៉ាហ្វូឌីន អ៊ីទ្រីស ហ្សាស (Sultan Sharafuddin Idris Shah) ចេញព្រះរាជក្រឹតបង្គាប់ឱ្យបិទចោលទ្រុងទាំងអស់ ដោយលើកហេតុផលធំក្លិនមិនល្អមកលើប្រជាជនប្រកាន់សាសនាឥស្លាម។
កសិដ្ឋានចិញ្ចឹមជ្រូក ដែលប្រឈមនឹងការបិទចោលទាំង១១៤កន្លែងនេះ គឺជាកម្មសិទ្ធិរបស់សហគមន៍ម៉ាឡេ ដើមកំណើតចិន នៅក្នុងប្រទេសម៉ាឡេស៊ី។
ម្ចាស់កសិដ្ឋានម្នាក់ បានត្អូញត្អែរថា ការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការដំឡើងរោងចក្រប្រព្រឹត្តកម្មលាមកជ្រូក នឹងក្លាយជាការចំណាយឥតន័យ បន្ទាប់ពីគាត់បានទទួលប្រាក់កម្ចីពីធនាគារចំនួនមួយលានរីងហ្គីត ឬស្មើនឹង២៥៥ ៩៦០ដុល្លារអាមេរិក។
បុរសវ័យ៤០ឆ្នាំរូបនេះ បាននិយាយកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ថា “រដ្ឋាភិបាលបាននិយាយថា យើងអាចខ្ចីប្រាក់សម្រាប់ផលិតកម្មស្បៀងអាហារ។ យើងគិតថា រដ្ឋាភិបាលកំពុងគាំទ្រការចិញ្ចឹមជ្រូក។ ឥឡូវនេះយើងនឹងលែងមានអាជ្ញាប័ណ្ណសម្រាប់ការចិញ្ចឹមជ្រូកទៀតហើយ។ ប្រសិនបើខ្ញុំមិនអាចសងប្រចាំខែចំនួន៣០ ០០០រីងហ្គីត ឬស្មើនឹង៧ ៦៩២ដុល្លារទេ ខ្ញុំអាចនឹងក្ស័យធនហើយ”។
បច្ចុប្បន្នកសិកររូបនេះ រស់នៅដោយពឹងផ្អែកលើមុខរបរដាំបន្លែបង្ការ បន្ទាប់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏កាចសាហាវបានបំផ្លាញមុខរបរចិញ្ចឹមជ្រូករបស់គាត់ និងបានបង្ខំឱ្យគាត់សម្លាប់ចោលជ្រូករបស់គាត់អស់ចំនួន១ ០០០ក្បាល កាលពីដើមឆ្នាំ២០២៥។
បុរសរូបនេះ គឺជាកសិករម្នាក់ក្នុងចំណោមកសិករបីនាក់ ដែលបានយល់ព្រមផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន។ ប៉ុន្តែ អ្នកទាំងបីបានស្នើសុំមិនឱ្យបញ្ចេញអត្តសញ្ញាណច្បាស់លាស់ឡើយ ដោយសារតែជាករណីរសើបក្នុងការចិញ្ចឹមជ្រូកនៅក្នុងប្រទេស ដែលមានប្រជាជនមូស្លីមច្រើន។
ដើម្បីឱ្យប្រាកដថា កសិដ្ឋានចិញ្ចឹមជ្រូក គឺជាបញ្ហាចម្រូងចម្រាសនៅក្នុងប្រទេសម៉ាឡេស៊ី។ យោងតាមគោលការណ៍នៃសាសនាអ៊ីស្លាម សត្វជ្រូកត្រូវបានគេចាត់ទុកថា មិនបរិសុទ្ធ ហើយការទទួលទានសាច់ជ្រូក គឺមានបាប ឬខុសច្បាប់សម្រាប់ប្រជាជនម៉ូស្លីម។
ព្រះអង្គម្ចាស់ស៊ុលតង់ ហ្សារ៉ាហ្វូឌីន អ៊ីទ្រីស ហ្សាស បានមានព្រះបន្ទូលនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយការិយាល័យរាជវាំងរដ្ឋ សេឡាំងគ័រ កាលពីថ្ងៃទី១០ ខែកុម្ភៈថា ព្រះអង្គម្ចាស់មិនយល់ព្រមចំពោះការចិញ្ចឹមជ្រូក នៅក្នុងតំបន់ណាមួយនៃក្នុងរដ្ឋសេឡាំងគ័រនោះទេ។
ព្រះអង្គបានបន្ថែមថា បញ្ហាការចិញ្ចឹមជ្រូកនេះ គួរតែត្រូវបញ្ឈប់ និងបញ្ចប់ត្រឹមហ្នឹង ព្រោះវាបញ្ហាគួរឱ្យធុញណាស់គ្រប់ភាគី និងប៉ះពាល់ដល់សន្តិភាព និងសុខដុមរមនាក្នុងសង្គម។
គិតត្រឹមក្នុងឆ្នាំ២០២៤ ឧស្សាហកម្មចិញ្ចឹមជ្រូកនៅរដ្ឋសេឡាំងគ័រ គឺជាឧស្សាហកម្មធំជាងគេទីបី នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីរដ្ឋប៉េរ៉ាក់ (Perak) និងរដ្ឋ សារ៉ាវ៉ាក់ (Sarawak) ហើយនៅដើមខែមករា ឆ្នាំ២០២៦នេះ បានទទួលរងការស្តីបន្ទោសចំពោះទឹកស្អុយ និងចំហាយក្លិនស្អុយចេញកសិដ្ឋាន។
ផែនការរបស់រដ្ឋាភិបាលរដ្ឋ សេឡាំងគ័រ ដែលដំបូងឡើយត្រៀមផ្លាស់ប្តូរទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកទាំងអស់ទៅកាន់តំបន់ភាគខាងជើងក្រុង សេឡំាងគ៏រ ដែលជាតំបន់មានប្រជាជនរស់នៅតិច ត្រូវបានលុបចោលទៅវិញ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍របស់ព្រះចៅស៊ុលតង់។
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន៉វា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានធ្វើអន្តរាគមន៍ដោយស្នើឱ្យបញ្ឈប់គម្រោងចិញ្ចឹមជ្រូកនៅតំបន់ថ្មីនោះ។
បីសប្តាហ៍ក្រោយមក បន្ទាប់ពីព្រះរាជក្រឹត្យរបស់ព្រះចៅស៊ុលតង់ ជាប្រធានរដ្ឋ សេឡាំងគ៍រ កាលពីថ្ងៃទី១០ ខែកុម្ភៈ សមាជិកសភាប្រចាំរដ្ឋនេះ ក៏បាននិយាយថា រដ្ឋាភិបាលរដ្ឋ សេឡាំងគ័រ បានលុបអាជ្ញាប័ណ្ណចិញ្ចឹមជ្រូក និងពន្លឿនការបិទកសិដ្ឋានទាំងអស់តែម្តង។
សមាជិកសភារូបនេះ បានអះអាងថា បច្ចុប្បន្ននេះ៧០ភាគរយនៃតម្រូវការសាច់ជ្រូកសម្រាប់ជនមិនមែនជាមូស្លីម គឺមានប្រភពមកពីរដ្ឋផ្សេងទៀត។
ចំណែកកសិករចិញ្ចឹមជ្រូកម្នាក់ទៀត បាននិយាយថា គាត់វង្វេងវង្វាន់អស់ហើយចំពោះគោលនយោបាយរបស់រដ្ឋសេឡាំងគ័រ ដោយសារមានការប្រែក្រឡាស់ច្រើនដងពេកមកលើទីតាំងថ្មីសម្រាប់កសិដ្ឋានចិញ្ចឹមជ្រូក។
គាត់និយាយត្អូញត្អែថា “ខ្ញុំបានវិនិយោគអស់លយរាប់លានរីងហ្គីត ដើម្បីសាងសង់កសិដ្ឋានចិញ្ចឹមជ្រូកដ៏ទំនើបមួយ ដែលមានជ្រូករាប់រយក្បាល មានចំណី និងសម្ភារៈសំណង់រោងចក្រកែច្នៃលាមកជ្រូក សុទ្ធតែទើបចាប់ផ្តើមដំណើរការទាំងអស់។
សារព័ត៌មានម៉ាឡេស៊ី បានសរុបសេចក្តីថា អ្នកគ្រប់គ្រងរដ្ឋ សេឡាំងគ័រ បានប្រកាសថា កសិដ្ឋានចិញ្ចឹមជ្រូកទាំង១១ ត្រូវកន្លែង ត្រូវតែបិទចោលទាំងអស់ ដោយសារតែការបំពុលបរិស្ថាន និងការព្រួយបារម្ភអំពីភាពសុខដុមរមនាក្នុងសង្គម។ ចំណែកកសិករប្រឈមនឹងការក្ស័យធន បន្ទាប់ពីវិនិយោគអស់លុយរាប់លានរីងហ្គីតសម្រាប់បង្កើតកសិដ្ឋានដ៏ទំនើប ព្រមទាំងជំពាក់បំណុលធនាគារ ហើយឧបករណ៍មិនអាចលក់បានលុយវិញឡើយ។
ការបិទកសិដ្ឋានចិញ្ចឹមជ្រូកទាំងនេះ បង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកបោះឆ្នោតជនជាតិចិន ទាក់ទងនឹងសិទ្ធិមិនមែនជាអ្នកកាន់សាសនាឥស្លាម និងបញ្ហានយោបាយប្រកាន់ជាតិសាសន៍៕
















