ដោយ អៀវ ឈៀងនី
ភ្នំពេញ៖ ក្រោយបង្កើតឡើងក្នុងឆ្នាំ២០១៣ ឡា ផ្លេនថេសិន (La Plantation) បានប្រែក្លាយពីគម្រោងចម្ការម្រេចលក្ខណគ្រួសារទៅជាតំបន់ កសិទេសចរណ៍កសិកម្មដ៏មានប្រជាប្រិយភាព នាំទេសចរណ៍ចូលដល់ក្នុងចម្ការផ្ទាល់ជារៀងរាល់ថ្ងៃ ជាង ៣០០នាក់ ។ កសិទេសចរណ៍នេះ បានចូលរួមជំរុញដល់ការលក់ផលិតផលកសិកម្មកែច្នៃ បង្កើតបានការងារ និងគាំទ្រដល់សហគមន៍។
លោក យុត លីណា មគ្គុទ្ទេសក៏ទេសចរណ៍ប្រចាំនៅ ឡា ផ្លេនថេសិន បានឱ្យដឹងថា ឡា ផ្លេនថេសិន មានទីតាំងស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ជាធម្មតា មគ្គុទ្ទេសក៏ទេសចរណ៍ បាននាំភ្ញៀវទេសចរបរទេសពី១៥០នាក់ ទៅ២០០នាក់ ធ្វើដំណើរទេសចរណ៍ចូលចម្ការផ្ទាល់ ខណៈមានភ្ញៀវទេសចរក្នុងស្រុកជាច្រើនទៀត ក៏ចូលមកសម្រាក ទទួលទានភេសជ្ជៈ និងរីករាយនឹងទេសភាពចម្ការម្រេចនេះផងដែរ។
លោកបានឱ្យដឹងទៀតថា ក្នុងមួយឆ្នាំៗ ឡា ផ្លេនថេសិន បានទាក់ទាញចំនួនភ្ញៀវចូលមកដល់ចម្ការចំនួនប្រមាណជាង ៤ម៉ឺននាក់ឡើងទៅ។ ចម្ការនេះ បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកពីអឺរ៉ុប និងអាស៊ី ហើយកន្លងទៅ ក៏បានស្វាគមន៍ភ្ញៀវទេសចរបារាំង អង់គ្លេស អេស្ប៉ាញ អ៊ីតាលី និងហូឡង់ ក៏ដូចជាភ្ញៀវទេសចរមកពីកូរ៉េ ចិន និងជប៉ុនផងដែរ។
សូមជម្រាបជូនថា បច្ចុប្បន្ន ឡា ផ្លេនថេសិន មានផលិតផលម្រេចបៃតង, ម្រេចក្រហម, ម្រេចស, ម្រេចខ្មៅ និងម្រេចជ្រក់ ហើយនៅក្នុងចំណោមផលិតផលទាំងប្រាំប្រភេទនេះ សម្រាប់ម្រេចខ្មៅទទួលបានការគាំទ្រច្រើនជាងគេពីភ្ញៀវជាតិនិងអន្តរជាតិ។
ទាក់ទងនិងកសិទេសចរណ៍នេះដែរ លោក ស៊ីម សុធីម ប្រធានសមាគមន៍ម្រេចកំពត បានឱ្យដឹងថា ក្រៅពីផ្តល់អត្ថប្រយោជនដោយផ្ទាល់ ឡា ផ្លេនថេសិន ក៏បានផ្តល់អត្ថប្រយោជន៍ដល់កសិករក្នុងសហគមន៍ផ្សេងទៀត ក្នុងការទទួលបានតាមរយៈមុខរបរលក់ដូរ លក់ភេសជ្ជៈ លក់សេវាកម្មផ្សេងៗ ឬលក់បាយលក់ម្ហូប តាមស្រុកភូមិរបស់គាត់។
លោកបានមានប្រសាសន៍បន្តថា កន្លងមក សហគមន៍របស់លោកធ្លាប់បានជោគជ័យ ក្នុងការរកទីផ្សារឱ្យកសិកររួចហើយ។ ដូច្នេះ ការនាំទេសចរណ៍ចូលដល់ចម្ការ ជាគម្រោងដ៏ធំមួយដែរ ដែលសមាគមន៍បានគិតគូរ ដើម្បីដាក់ចូលក្នុងទិសដៅរុញទេសចរណ៍ចូលដល់ចម្ការផ្ទាល់ ដែលមានន័យថា កសិករណាមានរទេះអូស ឬរទះគោ គឺគាត់អាចដឹកភ្ញៀវទេសចរចូលដល់ចម្ការម្រេចផ្ទាល់ ជំរុញដល់ការលក់ម្រេចយ៉ាងសំខាន់ផងដែរ។
បើយោងតាមប្រធានសមាគមន៍ម្រេចកំពត បានឱ្យដឹងទៀតថា បច្ចុប្បន្នសមាគមន៍ម្រេចកំពត មានកសិករជាសមាជិកចំនួន៣៤៧នាក់ ដាំដុះនៅលើផ្ទៃដី២២៧ហិកតា ដាំដុះចំនួនពីរខេត្ត និងប្រាំមួយស្រុក គឺចំនួនពីរស្រុកនៅខេត្តកែប និងបួនស្រុកនៅមានកំពត និងមានប្រាំបួនក្រុមហ៊ុន។ ចំណែកទីផ្សារម្រេចកំពត បច្ចុប្បន្នមានទីផ្សារអ៊ឺរ៉ុប ចិន និងមួយចំនួននៅអាមេរិក កាណាដា អូស្រ្តាលី និងប្រទេសផ្សេងៗទៀត ហើយម្រេចនាំចេញមានម្រេចខ្មៅ ក្រហម និងស ខណៈការប្រមូលទិញម្រេចពីកសិករ គឺម្រេចខ្មៅតម្លៃ២០ដុល្លារ ក្នុងគីឡូក្រាម ម្រេចក្រហម៣០ដុល្លារក្នុងមួយគីឡូក្រាម ម្រេចស៣២ដុល្លារ ទៅ៣៣ដុល្លារ ក្នុងមួយគីឡុក្រាម៕






