ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ឆ្លើយតបទៅនឹងការកើនឡើងសហគមន៍កសិកម្ម និងការដាំដុះក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានធ្វើឱ្យមានតម្រូវការបញ្ជាទិញសំណាញ់យកទៅសាងសង់រោង ឬផ្ទះសំណាញ់សម្រាប់ដំាដុះបន្លែ និងកសិកម្មជាច្រើនផ្សេងទៀត សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុក។
លោក ជាវ សេងហាក់ អ្នកផ្គង់ផ្តង់សំណាញ់កសិកម្ម បានប្រាប់ទូរទស្សន៍ ARDBថា តម្រូវការផ្គត់ផ្គង់ផ្ទះសំណាញ់របស់លោកជូនដល់កសិករ និងសហគមន៍កសិកម្មនៅទូទាំងប្រទេសមានកំណើនគួរឱ្យកត់សម្គាល់។ ប៉ុន្តែកំណើននេះ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់កសិករនៅឡើយទេ ពីព្រោះនៅកម្ពុជាមានការកើនឡើងនៃសហគមន៍កសិកម្មច្រើន និងកសិករមួយចំនួនធំទៀត បានចាប់ផ្តើមងាកមកប្រើប្រាស់ផ្ទះសំណាញ់ក្នុងការដាំដុះផលិតផលកសិកម្មរបស់ពួកគាត់។
លោកបានសង្កត់ធ្ងន់ទៀតថា ការងាកមកប្រើប្រាស់ផ្ទះសំណាញ់នេះ បានធ្វើឱ្យលោកងាកមកផ្គត់ផ្គត់សំណាញ់ជូនកសិករ និងសហគមន៍ ដើម្បីយកទៅប្រើប្រាស់ឱ្យទទួលបានទិន្នផលខ្ពស់ និងតម្លៃសមរម្យ ជាពិសេសបន្លែដែលមានសុវត្ថិភាព និងគុណភាពខ្ពស់។ ជាក់ស្តែងសហគមន៍កសិកម្ម នៅក្នុងស្រុកត្រាំកក់ ក្នុងខេត្តតាកែវ និងបាត់ដំបង មានតម្រូវការសំណាញ់ខ្ពស់យកទៅសាងសង់ផ្ទះសំណាញ់ជាងខេត្តផ្សេងទៀត ។ ជារួមកសិកររបស់កម្ពុជានាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមប្រើប្រាស់ផ្ទះសំណាញ់នេះច្រើន ស្ទើតែគ្រប់រាជធានីខេត្តនៅទូទាំងប្រទេស។
ទាក់ទិននឹងបញ្ហានេះ អ្នកស្រី ហ៊ុច ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Greenleaf Farming Cooperative ដែលជាក្រុមហ៊ុនតម្លើងផ្ទះសំណាញ់បានប្រាប់ទូរទស្សន៍ ARDB ដោយទទួលស្គាល់ថា តម្រូវការសំណាញ់សាងសង់រោងសម្រាប់កសិកម្ម ពិតជាមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។
លើសពីនេះទៀត អ្នកស្រីរំពឹងថា មិនថាបច្ចុប្បន្ន និងទៅអនាគត ផ្ទះសំណាញ់នឹងនៅតែបន្តមានតម្រូវការខ្ពស់ពីសំណាក់កសិករ ពីព្រោះនៅពេលមានផ្ទះសំណាញ់នេះ កសិករអាចផលិត ឬបន្លែ ពេញមួយឆ្នាំតែម្តង។
លោកស្រីបន្ថែមថា នៅពេលដែលកសិករផលិតកសិកម្មបានទៀងទាត់តាមរយៈការប្រើប្រាស់ផ្ទះសំណាញ់នេះនឹងទទួលបានការបញ្ជាទិញពីឈ្មួញ ឬអ្នកបោះដុំ ក្នុងតម្លៃមួយសមរម្យ ជាពិសេសរក្សាបានបន្លែ ឬដំណាំដែលមានគុណភាពខ្ពស់លក់ជូនអតិថិជន។
ចំណែក លោកស្រី នុច ចាន់សុខី ប្រធានសហគមន៍កសិកម្មរីកចម្រើនទួលអម្ពិលនៅខេត្តកំពង់ស្ពឺ បានប្រាប់ទូរទស្សន៍ ARDB ថា ការធ្វើដំណាំនៅក្នុងរដូវប្រាំង បានផលដូចគ្នាទាំងការធ្វើនៅក្រោមផ្ទះសំណាញ់ និងនៅទីវាល ឱ្យតែអនុវត្តទៅតាមបច្ចេកទេសបានត្រឹមត្រូវ។
ទោះជាយ៉ាណា លោកស្រីថា នៅក្នុងរដូវវស្សាវិញ ការដាំដំណាំនៅទីវាលអាចប្រឈមមុខនៃបញ្ហាផ្សេងៗ ដូចជាជំងឺរលួយដើម ឡើងផ្សិត សត្វល្អិតបំផ្លាញ និងផលប៉ះពាល់ដល់ស្លឹកជាដើម។ ប៉ុន្តែ វាល្អសម្រាប់ការដំានៅក្នុងរោងផ្ទះសំណាញ់ ព្រោះវាបានជួយការពារទឹកភ្លៀង និងមិនបង្កឱ្យកើតជំងឺផ្សិតច្រើន ព្រមទាំងការពារសត្វល្អិតជាដើម។
បើតាមលោកស្រី នុត ចាន់សុខី ការដំាដំណាំ ឬបន្លែងនៅក្នុងរោងសុវត្ថិភាព នឹងធ្វើឱ្យដំណាំ និងបន្លែផ្សេងៗមានសុត្ថិភាព ព្រោះតាមបច្ចេកទេស គឺមិនប្រើថ្នាំគីមីសម្រាប់បាញ់សម្លាប់សត្វល្អិត ឬស្មៅនោះទេ ព្រមទាំងមានភាពងាយស្រួលថែទាំជាងដាំបន្លែ។
ផ្ទះសំណាញ់ គឺជាសំណង់កសិកម្ម ដែលគេគ្របដោយសំណាញ់ ដើម្បីការពារដំណាំ និងគ្រប់គ្រងបរិស្ថានក្នុងកម្រិតមួយ។ គោលបំណងសំខាន់ៗនៃការប្រើប្រាស់ផ្ទះសំណាញ់នេះ គឺ ទប់ស្កាត់សត្វល្អិត កាត់បន្ថយកម្តៅ និងពន្លឺខ្លាំង អនុញ្ញាតឱ្យខ្យល់ចេញចូលល្អ និងជួយឱ្យដំណាំលូតលាស់ល្អ និងកាត់បន្ថយការប្រើថ្នាំពុល៕








