ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា ប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេថា តម្រូវការជ្រូវខ្វៃ និងជ្រូកកាប់សាច់នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ និងម្ចាស់កសិដ្ឋានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
លោក ស្រ៊ុន ពៅ បន្ថែមថា ទាំងកសិករ និងទាំងម្ចាស់កសិដ្ឋាន បានសារទរចំពោះការកើនឡើងនៃតម្លៃជ្រូករស់ កើនឡើងជាង១០ ០០០រៀល ក្នុងមួយគីឡូក្រាមនៅមុនចូលឆ្នាំចូលឆ្នាំចិន-វៀតណាមនេះ ព្រោះពួកគាត់បានខាតបង់អស់ច្រើនឆ្នាំមកហើយ។ បើតម្លៃនេះ នៅថេរបន្តទៀត ពួកគាត់នឹងបន្តចិញ្ចឹមទៀត។
ទោះបីតម្លៃជ្រូករស់បានកើនឡើងថ្លៃខ្ពស់ក៏ដោយ ក៏ប៉ុន្តែលោកថា តម្លៃនេះពុំទាន់អាចឱ្យកសិករទទួលបានប្រាក់ចំណេញនៅឡើយទេ ព្រោះកសិករបានរងការខាតបង់យ៉ាងធ្ងន់ធ្ងររួចទៅហើយ ក្នុងអំឡុងពេលជ្រូកជួបវិបត្តិជំងឺ និងតម្លៃធ្លាក់ចុះនាពេលកន្លងទៅ។
បើតាមលោក ស្រ៊ុន ពៅ បច្ចុប្បន្នកម្ពុជាត្រូវការជ្រូករស់ប្រមាណ៩ ០០០ក្បាល ឬស្មើនឹង៩០ម៉ឺនគីឡូក្រាម ក្នុងមួយថ្ងៃសម្រាប់បំពេញតម្រូវការប្រើប្រាស់។
កសិករម្នាក់ក្នុងចំណោមកសិករដែលជាអ្នកចិញ្ចឹមជ្រូកផ្គត់ផ្តគ់ទីផ្សារ និងជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកភ្នំវល្លិ ក្នុងខេត្តកំពត លោកស្រី ម៉ន ម៉ារិនី បានប្រាប់ទូរទស្សន៍ ARDBថា តម្រូវការជ្រូកនៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន-វៀតណាម គឺមានកំណើនខ្ពស់ ព្រោះគេយកទៅខ្វៃសម្រាប់ទុកសែន និងកាប់សាច់លក់។
លោកស្រីបន្ថែមថា ជ្រូករបស់លោកស្រីត្រូវបានទទួលការបញ្ជាទិញពីឈ្មួញកណ្តាល អស់ហើយនៅមុនពេលចូលឆ្នាំប្រពៃណីចិន-វៀតណាមឈានចូលមកកដល់ ដើម្បីត្រៀមយកទៅខ្វៃសម្រាប់សែន និងកាប់សាច់លក់ ដោយលក់ក្នុងតម្លៃប្រមាណ ១០ ០០០រៀល និង១០ ៥០០រៀល ហើយតម្លៃនេះ គឺជាតម្លៃសរម្យសម្រាប់លោកស្រី ដែលអាចដោះស្រាយជីវភាពប្រចំាថ្ងៃ និងថ្លៃចំណាយផ្សេងៗ។
ទាក់ទិននឹងតម្រូវការជ្រូកខ្វៃនារដូវបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមនេះដែរ លោក ឯម សុខា ម្ចាស់អាជីវកម្ម សុខាជ្រូកខ្វៃ ទាខ្វៃពិសេស និងជ្រូកកណ្តុរធម្មជាតិ ដែលមានសាខានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា អាជីវកម្មរបស់លោកបានបញ្ជាទិញជ្រូកពីកសិករនៅតាមបណ្តាខេត្តនានា នៅក្នុងប្រទេសប្រមាណជាង២០០ក្បាល សម្រាប់ខ្វៃផ្គត់ផ្គង់នារដូវកាលដ៏សំខាន់នេះ។
លោកបញ្ជាក់ទៀតថា សម្រាប់រដូវកាលចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅក្នុងឆ្នាំនេះរំពឹងថា នឹងមានតម្រូវការខ្ពស់ ព្រោះប្រជាជនខ្មែរជាសែស្រឡាយចិន និងវៀតណាម និងមានការបញ្ជាទិញយកទៅសែនកុងម៉ា របស់ខ្លួននៅតាមគេហដ្ឋាន ច្រើន។
ចំពោះតម្លៃវិញ លោក ឯម សុខា បានឱ្យដឹងថា អាចនឹងមានការឡើងថ្លៃខ្លះ ពីព្រោះនៅតាមបណ្តាផ្សារនានា ទាំងបន្លែ ត្រីសាច់ គ្រឿងទេស និងសម្ភារៈផ្សេងទៀត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ក៏មានការឡើងថ្លៃខ្លះដែរ។ ដូច្នេះ ហើយលោកក៏អាចនឹងលក់ឡើងថ្លៃខ្លះតែមិនខ្ពស់ហួសប្រមាណនោះទេ។ ប៉ុន្តែ តម្លៃនាពេលបច្ចុប្បន្ននេះ មិនទាន់មានការដំឡើងថ្លៃនៅឡើយទេ៕







