ភ្នំពេញ៖គម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦ហើយនេះបើតយោងតាមសេចក្តីប្រកាសព័ត៌មានរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៤៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៧៥២លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៦ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។
ក្នុងខែមករា ឆ្នាំ២០២៦ នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុន វិនិយោគមានការកើនឡើងប្រមាណ ៣,៤លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ០,៤៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៥។
យ៉ាងណាមិញ ជាការកត់សម្គាល់ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគធំៗមួយចំនួនដូចជា គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣តំបន់ ក្នុងទំហំទុនវិនិយោគដល់ទៅ ២៦០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិត អគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារ អាម៉េរិក។
គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែមករា ឆ្នាំ២០២៦ មានដូចខាងក្រោម ទី១ ក្រៅតំបន់សេដ្ឋកិច្ចពិសេស គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព១៥០ មេហ្គាវ៉ាត់ និងទី២ ហេដ្ឋារចនាសម្ព័ន្ធទីតាំង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទំហំទុនវិនិយោគប្រមាណ២០០លានដុល្លារអាម៉េរិកការបង្កើតការងារចំនួន៤២កន្លែង៕






