ដោយ ឡុង សារេត
កំពត៖ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីធីខេ ៨៨៨៨ បាននិងកំពុងផលិតត្រីសាច់នៅក្នុងតង់ និងផ្គត់ផ្គង់កូនត្រីអណ្តែងពូជមួយកន្លែងនៅស្រុកកំពង់ត្រាច ខេត្តកំពត បានអំពាវនាវទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធឱ្យជួយទប់ស្កាត់ការនាំចូលត្រីមកពីប្រទេសជិតខាង ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើកសិករប្រកបមុខរបរចិញ្ចឹមត្រីនៅក្នុងស្រុក។
លោក កុយ ឃាំង ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីធីខេ បានឱ្យដឹងថា ផលប៉ះពាល់ពីការនាំចូលត្រី មកលើអ្នកចិញ្ចឹមត្រីក្នុងស្រុកចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ រហូតមកដល់ខែមករា ឆ្នាំ២០២៦នេះ ។ តួយ៉ាងតម្លៃត្រីអណ្តែងកាលពីមុន មួយគីឡូក្រាមថ្លៃ៥ ៥០០រៀល ប៉ុន្តែបច្ចុប្បន្ននេះតម្លៃនៅសល់តែ៤ ០០០រៀល។ ការធ្លាក់តម្លៃត្រីក្នុងស្រុកអស់រយៈពេលច្រើនខែកន្លងទៅនេះ បានធ្វើឱ្យម្ចាស់កសិដ្ឋានក៏ដូចជាអ្នកចិញ្ចឹមត្រីនៅក្នុងតំបន់ពិបាកក្នុងការបន្តអាជីវកម្មរបស់ខ្លួន ជាហេតុធ្វើឱ្យអ្នកចិញ្ចឹមត្រីខា្នតធំចំនួនបីកន្លែង បានផ្អាកអាជីវកម្មដោយសាររងការខាតបង់។ ដូច្នេះ លោកបានអំពាវនាវដល់រាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់ ក៏ដូចជារឹតបន្តឹងការនាំចូលត្រីមកពីខាងក្រៅប្រទេសដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកចិញ្ចឹមត្រីក្នុងស្រុក និងអំពាវនាវដល់ប្រជាជនឱ្យជួយគាំទ្រ និងប្រើប្រាស់ត្រីចិញ្ចឹមដោយកសិករក្នុងស្រុក មានប្រភពច្បាស់លាស់មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
បើតាមលោក កុយ ឃាំង, កសិដ្ឋានចិញ្ចឹមត្រីធីខេ បង្កើតឡើងនៅខែតុលា ឆ្នាំ២០២៥ មានគោលបំណងផលិតត្រីសាច់ទៅលើទីផ្សារ និងផ្គង់ផ្គង់កូនត្រីពូជជូនកសិករនៅក្នុងស្រុក។ នៅឆ្នាំ២០២៥ កសិដ្ឋានបានផ្គត់ផ្គង់កូនត្រីពូជក្នុងមួយខែបានចន្លោះពីមួយសែនទៅពីរសែនកូន តែចូលមកដល់បច្ចុប្បន្ននេះការផ្គត់ផ្គង់បានធ្លាក់ចុះមកនៅជាងមួយសែនកូនប៉ុណ្ណោះ។ ចំពោះការផ្គត់ផ្គង់ត្រីសាច់ នៅលើទីផ្សារក៏មានការធ្លាក់ចុះដូចគ្នាដែរ។
បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមត្រី ធីខេ មានអាងសម្រាប់ចិញ្ចឹមត្រីចំនួន៣៥អាង ក្នុងនោះអាងចំនួន១០ត្រូវបានទុកចោល ដោយសារតម្រូវការមានការធ្លាក់ចុះ។ តែទោះជាបែបនេះក្តី នៅពេលខាងមុខនេះ ម្ចាស់កសិដ្ឋានខាងលើនឹងបន្តផលិតត្រីសាច់ និងកូនត្រីអណ្តែងពូជ ដើម្បីផ្គត់ផ្គង់ទីផ្សារកុំឱ្យបាត់បង់នូវអាជីវកម្មរបស់ខ្លួន៕




