កសិដ្ឋានខ្មែររីករាយ ត្រៀមបញ្ចេញស៊ុតទា៦០ម៉ឺនគ្រាប់ ដើម្បីត្រៀមផ្គត់ផ្គង់ទីផ្សារ ក្នុងរដូវបុណ្យចូលឆ្នាំ​ចិន​

ដោយ អ៊ីវ ឈៀងនី​

ភ្នំពេញ៖ នៅក្នុងរដូវកាលបុណ្យចូលឆ្នាំ​ចិន វៀតណាម​នៅពេលខាងមុខនេះ ក​សិដ្ឋាន​ខ្មែរ​រីករាយ​មួយស្ថិតនៅ​ក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ត្រៀមបញ្ចេញស៊ុតទា​រពីប្រាំសែនទៅ​​ប្រាំមួយសែនគ្រាប់​ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារ​។

លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានខ្មែររីករាយ ដែលចិញ្ចឹមទាយកស៊ុត បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា​ បច្ចុប្បន្ននេះ ចំនួនទាក្នុងកសិដ្ឋានរបស់លោកមានជិតមួយសែនក្បាល ដែលអាចផលិតស៊ុតប្រចាំថ្ងៃ បានចន្លោះពីជាង៧០ ០០គ្រាប់ ទៅ ៨០ ០០០គ្រាប់ក្នុងមួយថ្ងៃ ហើយនៅ​ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ លោកបានត្រៀមរៀបចំប្រមែប្រមូលពីសហគមន៍ចិញ្ចឹមទាយកពងទូទាំងស្រុកខ្សាច់កណ្តាល ដើម្បីយកមកផ្គត់ផ្គង់ និងបំពេញតម្រូវអតិថិជនមិនឱ្យខកចិត្តនោះទេ។

ចំពោះការចែកចាយទៅកាន់ទីផ្សារនាពេលបច្ចុប្បន្ន លោកបានឱ្យដឹងទៀតថា ទីផ្សារអទិភាពមុនគេ គឺនៅរាជធានីភ្នំពេញ បន្ទាប់មកគឺតាមបណ្តាខេត្តមួយចំនួន ដូចជាទីផ្សារខេត្តកំពង់ស្ពឺ ក្រុងព្រះសីហនុ កោះកុង វាលវែង អូសោម ប៉ោយប៉ែត សៀមរាប ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ លោកបានបន្តថា ចំពោះតម្លៃពងទានាពេលបច្ចុប្បន្ននៅក្នុងទ្រុង គឺពងទាលេខ១ មានតម្លៃ៣៥០រៀលក្នុងមួយគ្រាប់ ចំណែកឯពងទាប្រភេទលេខ២ តម្លៃ៣៣០រៀលក្នុងមួយគ្រាប់។ ហើយតម្លៃនៅលើទីផ្សារនានាក្នុងព្រះរាជាណាចក្រកម្ពុជា គឺចន្លោះពី៣៧០ ទៅដល់៤០០រៀលក្នុងមួយគ្រាប់។

លោក សៀវ វិសុទ្ធ បានបន្តថា តម្រូវការទីផ្សារក្នុងព្រះរាជាចក្រកម្ពុជា មានការប្រែប្រួលបន្តិចដែរ ដោយសារប្រទេសជាតិទទួលរងបញ្ហានៅឯព្រំដែន ហើយស្ថានភាពនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ ក៏ដូចជាសហគ្រាស ភោជនីយដ្ឋាន ហាងមួយចំនួនក៏ត្រូវបានអាក់ខាន អញ្ចឹងសង្វាក់ផលិតកម្មនៃការប្រើប្រាស់ស៊ុតទា ក៏មានការថយចុះដែរ។ ចំពោះការផលិត បន្ទាប់ពីតម្លៃរាងធ្លាក់ចុះនៅរដូវកាលត្រីត្រូវ រដូវកាលប្រមូលផលនេះ ខាងកសិកររបស់លោកមិនបានបង្កើនចំនួនទាចិញ្ចឹមទេ គឺមានន័យថា គាត់បន្ថយការចិញ្ចឹម ហើយម្យ៉ាងទៀត ក៏ដល់រដូវកាលមួយ ដែលត្រូវដោះដូរចំនួនមេទា មានន័យថា មេទារបស់គាត់នៅតាមទ្រុងនីមួយៗ ក៏ដល់វ័យចាស់ហើយដែរ ដែលត្រូវលក់ចេញទៅកាន់កុងស៊ី ឬអ្នកកាប់សាច់។

ចំពោះតម្រូវការទីផ្សារស៊ុត នាពេលបច្ចុប្បន្ន និងទៅអនាគត់ លោកគិតថា នៅតែអាចដំណើរការបាន ដោយសារប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ កំណើនប្រជាពលរដ្ឋចេះតែកើន តម្រូវការក្នុងស្រុកនៅតែត្រូវការ ដែលមានន័យថា មិនអាចកាត់ផ្តាច់បាន ឬថមថយនៃការប្រើស៊ុតនោះទេ ពីព្រោះវាជាអាហាររូបត្ថម ដែលមានតម្រូវការចាំបាច់ មិនអាចខ្វះបាន។ ហើយនៅក្នុងរដូវកាលចូលឆ្នាំចិនខាងមុខនេះដែរ កសិដ្ឋានរបស់លោកក៏បានត្រៀមរៀបចំប្រមែប្រមូលស៊ុតទាពីសហគមន៍ចិញ្ចឹមទានៅទូទាំងស្រុកខ្សាច់កណ្តាល ដើម្បីផ្គត់ផ្គង់ស៊ុតទា ក្នុងចំនួនសមរម្យបំពេញតម្រូវការ មិនឱ្យអតិថិជនកុំឱ្យខ្វះស៊ុតប្រើប្រាស់ក្នុងឱកាសបុណ្យជាតិធំៗឡើយ មិនថាបុណ្យចូលឆ្នាំចិននោះទេ ឱ្យតែមានការប្រើប្រាស់ស៊ុតទា ស៊ុតមាន់នោះ គឺកសិដ្ឋានរបស់លោកបានដើរតួយ៉ាងសំខាន់លើវិស័យមួយនេះ។

សម្រាប់ទីផ្សារស៊ុតនៅឆ្នាំ២០២៦នេះ លោក សៀវ វិសុទ្ធ គិតថា តម្រូវការស៊ុតនឹងមានកំណើនកើនឡើង ព្រោះលោកយល់ឃើញថា ឱកាសនៃការក្រោកឈរដ៏រឹងមាំរបស់ប្រជាកសិករខ្មែរ គឺជាពេលវេលាមួយ ដែលប្រជាជនកម្ពុជាធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ប្រទេសថៃ ដូច្នេះកំណើននៃការគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក នឹងមានការកើនឡើង ដែលជំរុញដល់ការលើកទឹកចិត្តប្រជាកសិករ ឱ្យខិតខំផលិត និងបង្កើនការចិញ្ចឹមសត្វ ឆ្លើយតបនិងតម្រូវការក្នុងស្រុក ដែលចេះតែកើនឡើងជាលំដាប់។

លោក សៀវ វិសុទ្ធ បានជំរុញ និងលើកចិត្តដល់ប្រជាកសិករអ្នកប្រកបរបរចិញ្ចឹមទាយកពង អ្នកប្រកបរបរចិញ្ចឹមកូនទា ទាពូជទាំងអស់ ឱ្យពង្រឹងសមត្ថភាព ក៏ដូចជាបង្កើនការយកចិត្តទុកដាក់ជួយផ្សព្វផ្សាយ ជួយគាំទ្រសង្វាក់ផលិតកម្មមួយនេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរ មានទំនុកចិត្ត មានជំនឿចិត្តថា ប្រជាកសិករយើងមានសមត្ថភាពក្នុងការផលិត និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានគ្រប់ចំនួន តាមតម្រូវការប្រទេសជាតិ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួយនាំគ្នាគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដែលជាផលិតផលជាតិទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យសង្វាក់ផលិតកម្មរបស់ជាតិមួយនេះ មានចលនាផុលផុស រស់រវើក ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែល្អប្រសើរឡើង៕


image_2026-02-10_12-49-13
អេហ្ស៊ីប ត្រូវបានអនុញ្ញាតឱ្យនាំចូលខ្ទឹមបារាំង និងខ្ទឹមស ចូលទីផ្សារវៀតណាម

គែរ៖ ក្រសួងកសិកម្ម និងដីធ្លីរបស់អេហ្ស៊ីប បានចេញសេចក្តីប្រកាសថា ប្រទេសអេហ្ស៊ីប ទទួលបានអនុញ្ញាតឱ្យនាំចូលខ្ទឹមបារាំង និងខ្ទឹមសចូលទីផ្សារវៀតណាម​ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី កាលពីពេលថ្មីៗកន្លងមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងកសិកម្ម និងដីធ្លីរបស់ប្រទេសអេហ្ស៊ីប បានបញ្ជាក់ថា លោករដ្ឋមន្ត្រី អាឡា ហ្វារ៉ូក (Alaa Farouq) បានអនុម័តការបើកទីផ្សារនៅរដូវកាលនាំចេញថ្មី ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការពង្រីកការនាំចេញកសិផលរបស់ខ្លួនទៅកាន់ទីផ្សារអាស៊ីអគ្នេយ៍។ ការសម្រេចបាននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍រួមពីលោក អាមេត អូសសាម (Ahmed Ossam) ប្រធានផ្នែកសេវាកម្មកសិកម្ម និងការតាមដានវិស័យកសិកម្ម និងលោក ម៉ូហាម៉េត អែល ម៉ានស៊ី (Mohamed El-Mansi) ប្រធានរដ្ឋបាលកណ្តាលនៃការធ្វើចត្តាឡីស័កកសិកម្មរបស់អេហ្ស៊ីប។ របាយការណ៍នេះ បានរៀបរាប់ពីការងារបច្ចេកទេស និងបទប្បញ្ញត្តិ ដែលបានអនុវត្តអស់រយៈពេលជាងពីរឆ្នាំ ដោយសហការជាមួយស្ថានទូតអេហ្ស៊ីប នៅទីក្រុងហាណូយ ដែលបានបញ្ចុះបញ្ចូលឱ្យប្រទេសវៀតណាមព្រមទទួលស្គាល់ប្រព័ន្ធភូតគាមអនាម័យរបស់អេហ្ស៊ីបសម្រាប់ខ្ទឹមបារាំង និងខ្ទឹមស។ យោងតាមក្រសួងកសិកម្ម និងដីធ្លី បានឱ្យដឹងទៀតថា ការធ្វើចត្តាឡីស័កកសិកម្មអេហ្ស៊ីប បានសម្របសម្រួលការផ្លាស់ប្តូរបច្ចេកទេសជាមួយអាជ្ញាធរវៀតណាម ដើម្បីដោះស្រាយតម្រូវការសុខភាពរបស់ដំណាំ និងពិធីសារត្រួតពិនិត្យ។ ភាគីវៀតណាម […]

photo_2026-02-10_14-07-56
កម្ពុជា-ចិន ចាប់ផ្តើមកិច្ចសន្ទនាលើកទី១ រវាងរដ្ឋ និងឯកជន ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្ម

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាថ្មីៗនេះបានដឹកនាំកិច្ចសន្ទនាលើកទី១ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនចិនចំនួន ៨០ មកពីសមាគម សភាពាណិជ្ជកម្មចិននៅកម្ពុជា ថ្នាក់ដឹកនាំតំណាងអន្តរក្រសួងស្ថាប័នជាសមាជិកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ថ្លែងក្នុងកម្មវិធីនាព្រឹកថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាកិច្ចសន្ទនានេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសដល់វិនិយោគិនចិនដែលកំពុងវិនិយោគនៅកម្ពុជា អាចលើកឡើងពីបញ្ហាប្រឈមនានា ក្នុងគោលដៅស្វែងរកដំណោះស្រាយសមស្រប សំដៅពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកសាងទំនុកចិត្តពីសហគមន៍ធុរកិច្ចចិន។  ឯកឧត្តមបានបន្ថែមថា កិច្ចសន្ទនានេះនឹងរៀបចំជាប្រចាំរៀងរាល់ប្រាំមួយខែម្តង ដើម្បីតាមដានការដោះស្រាយបញ្ហាប្រឈម ដោយគូសបញ្ជាក់ថាប្រទេសចិនគឺជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញសេចក្ដីសោមនស្សរីករាយចំពោះការសហការរៀបចំកិច្ចសន្ទនានេះ ក្នុងគោលដៅរួមពិនិត្យ និងពិភាក្សាអំពីការចូលរួមកែលម្អធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកវត្តមានសហគ្រាសចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា កិច្ចសន្ទនានេះមានសារៈសំខាន់ព្រោះអាចជួយវិនិយោគិនដោះស្រាយឧបសគ្គនានា ខណៈដែលការវិនិយោគរបស់ចិនបានបង្កើតការងារជាង ១លានកន្លែង កំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជាជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត។ ជាទិដ្ឋភាពរួម អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងប្រកបដោយការទទួលខុសត្រូវខ្ពស់ […]

1535709406_1573612195b8910de541ae6.10692859
ប៉ាគីស្ថានសុំឱ្យហ្វីលីពីនជួយទិញអង្ករថែមទៀត

ការ៉ាជី៖ រដ្ឋាភិបាលប៉ាគីស្ថានបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានទាក់ទងទៅប្រទេសហ្វីលីពីន ដើម្បីជំរុញឱ្យជួយទិញអង្ករបន្ថែម ពីព្រោះបច្ចុប្បន្នប៉ាគីស្ថានមានបរិមាណអង្ករលើសតម្រូវការ និងរក្សាបាននូវគុណភាពខ្ពស់។ ការប្រកាសនេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ចាម កាម៉ាល់​ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហព័ន្ធប៉ាគីស្ថាន និងលោកបណ្ឌិត អេមម៉ានូអែល ហ្វេណេនដេស (Emmanuel R. Fernandez) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសប៉ាគីស្ថាន។ តាមការណែនាំរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ហ្សេសបាស ហ្សារីហ្វ (Shehbaz  Sharif)  ក្នុងកិច្ចជំនួបនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហព័ន្ធប៉ាគីស្ថាន បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ប្រមុខរដ្ឋាភិបាលខ្លួន ក្នុងការកំណត់ទីផ្សារអាទិភាពសម្រាប់ការនាំចេញអង្ករ និងបានស្នើសុំជាផ្លូវការឱ្យភាគីហ្វីលីពីនពិចារណាលើការជួយទិញអង្ករបន្ថែមទៀតពីប្រទេសប៉ាគីស្ថាន។ លោកបានគូសបញ្ជាក់ថា ប៉ាគីស្ថានកំពុងស្ថិតក្នុងគន្លងផលិតកម្មកសិកម្មដ៏រឹងមាំ ដោយមានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ការនាំចេញ ជាមួយនឹងការរក្សាបាននូវស្តង់ដារគុណភាពជាប់ជាប្រចាំ។ លោករដ្ឋមន្ត្រីក៏បានកត់សម្គាល់ទៀតថា ទីផ្សារអង្ករពិភពលោកកំពុងមានការផ្លាស់ប្តូរ ដោយសារការត្រឡប់មកវិញរបស់អ្នកផ្គត់ផ្គង់ធំៗ ដែលធ្វើឱ្យការប្រកួតប្រជែងតម្លៃកាន់តែមានភាពតានតឹង។ ដើម្បីឆ្លើយតបនឹងស្ថានភាពបែបនេះ រដ្ឋាភិបាលប៉ាគីស្ថានបានដាក់ចេញយន្តការ ដើម្បីធានាបាននូវការប្រកួតប្រជែងតម្លៃគោល រួមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុនៅនឹងកន្លែង ដើម្បីឱ្យអង្ករប៉ាគីស្ថាននៅតែមានភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រសិនបើប៉ាគីស្ថានអាចផ្គូរផ្គងតម្លៃទីផ្សារបាន នោះនឹងមានឱកាសខ្លាំងក្នុងការពង្រីកពាណិជ្ជកម្មអង្ករទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតហ្វីលីពីនថា ប្រទេសប៉ាគីស្ថានបានកំណត់យកប្រទេសហ្វីលីពីន ជាដៃគូសំខាន់មួយសម្រាប់ការលើកកម្ពស់ការនាំចេញអង្ករ ហើយការសម្របសម្រួលទាន់ពេលវេលារវាងភាគីទាំងពីរ នឹងជួយបង្កើតផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងបរិបទនៃការដេញថ្លៃលទ្ធកម្មនាពេលខាងមុខនៅហ្វីលីពីន។ […]

san_1
វៀតណាមជាប់ចំណាត់ថ្នាក់លេខ៣ក្នុងការនាំចេញដំឡូងមីលើពិភពលោក

ហាណូយ៖ ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការនាំចេញដំឡូងមីនៅលើពិភពលោក ប៉ុន្តែខ្សែសង្វាក់ផ្គត់ផ្គង់ដំឡូងមីរបស់ខ្លួននៅតែមានបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្លាភាពក្នុងវិស័យដាំដុះ និងការបំផ្លាញព្រៃឈើ។ តាមរយៈកិច្ចប្រជុំរៀបចំដោយសមាគមវិទ្យាសាស្ត្រសេដ្ឋកិច្ចវៀតណាមសម្រាប់កសិកម្ម និងអភិវឌ្ឍន៍ជនបទ សហការជាមួយសមាគមដំឡូងមីវៀតណាម និងអង្គការឃ្លាំមើលនិន្នាការព្រៃឈើ កាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៦នេះ បាននិយាយលើប្រធានបទខ្សែសង្វាក់ផ្គត់ផ្គង់ដំឡូងមីរបស់វៀតណាម។ លោក ងៀម មិញទៀន ប្រធានសមាគមដំឡូងមីវៀតណាម បាននិយាយថា ការផលិត ការកែច្នៃ និងពាណិជ្ជកម្មដំឡូងមី បានដើរតួនាទីយ៉ាងសំខាន់ក្នុងពាណិជ្ជកម្មកសិកម្មរបស់វៀតណាម និងជួយលើកកម្ពស់ជីវភាពរស់របស់គ្រួសារកសិករវៀតណាមប្រហែល១,២លានគ្រួសារ ដែលភាគច្រើនរស់នៅតាមតំបន់ភ្នំ និងតំបន់ជួបការលំបាក។ រួមជាមួយនឹងការប្រើប្រាស់ក្នុងស្រុក ដំឡូងមីបានបង្ហាញពីកំណើននាំចេញដ៏រឹងមាំ ដោយប្រាក់ចំណូលនៅឆ្នាំ២០២៥ ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល១,៣ពាន់លានដុល្លារ ធ្វើឱ្យវៀតណាមក្លាយជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៣របស់ពិភពលោក។ វៀតណាម ជាប្រទេសផលិតដំឡូងមីដ៏សំខាន់ និងជាមជ្ឈមណ្ឌលកែច្នៃ និងនាំចេញដ៏ធំមួយនៅក្នុងតំបន់ ហើយការផ្គត់ផ្គង់ដំឡូងមីប្រចាំឆ្នាំ មានបិរមាណជាង១៨លានតោន ក្នុងនោះប្រហែល៥៨ភាគរយ បានមកពីផលិតកម្មក្នុងស្រុក និង៤២ភាគរយបានមកពីការនាំចូល ដែលភាគច្រើននាំចូលពីប្រទេសឡាវ និងប្រទេសកម្ពុជា។ ផ្ទៃដីដាំដុះដំឡូងមីនៅប្រទេសវៀតណាមគ្របដណ្តប់លើផ្ទៃដីជាង៥០ម៉ឺនហិកតា ដែលផ្តល់ទិន្នផលប្រហែល១០លានតោន ជារៀងរាល់ឆ្នាំ ខណៈពេលការនាំចូលមានបិរមាណប្រហែល៨លានតោន។ អ្នកចូលរួមក្នុងប្រជុំនេះ បានលើកឡើងថា ទោះបីជាបរិមាណនាំចេញបានកើនឡើងយ៉ាងខ្លាំងក៏ដោយ តែតម្លៃនាំចេញបានកើនឡើងយឺតៗ។ ចំពោះដំណោះស្រាយរយៈពេលវែង គឺការបង្កើនតម្លៃបន្ថែមតាមរយៈការកែច្នៃ ដោយកាត់បន្ថយបន្តិចម្តងៗនូវការនាំចេញដំឡូងមីស្ងួត ហើយលើកទឹកចិត្តដល់ការវិនិយោគលើផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាកែច្នៃជាម្សៅ និងផលិតផលសម្រាប់វិស័យម្ហូបអាហារ […]

កាលវិភាគផ្សព្វផ្សាយ