ការ៉ាជី៖ រដ្ឋាភិបាលប៉ាគីស្ថានបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានទាក់ទងទៅប្រទេសហ្វីលីពីន ដើម្បីជំរុញឱ្យជួយទិញអង្ករបន្ថែម ពីព្រោះបច្ចុប្បន្នប៉ាគីស្ថានមានបរិមាណអង្ករលើសតម្រូវការ និងរក្សាបាននូវគុណភាពខ្ពស់។
ការប្រកាសនេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោក ចាម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហព័ន្ធប៉ាគីស្ថាន និងលោកបណ្ឌិត អេមម៉ានូអែល ហ្វេណេនដេស (Emmanuel R. Fernandez) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសប៉ាគីស្ថាន។
តាមការណែនាំរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ហ្សេសបាស ហ្សារីហ្វ (Shehbaz Sharif) ក្នុងកិច្ចជំនួបនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហព័ន្ធប៉ាគីស្ថាន បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ប្រមុខរដ្ឋាភិបាលខ្លួន ក្នុងការកំណត់ទីផ្សារអាទិភាពសម្រាប់ការនាំចេញអង្ករ និងបានស្នើសុំជាផ្លូវការឱ្យភាគីហ្វីលីពីនពិចារណាលើការជួយទិញអង្ករបន្ថែមទៀតពីប្រទេសប៉ាគីស្ថាន។
លោកបានគូសបញ្ជាក់ថា ប៉ាគីស្ថានកំពុងស្ថិតក្នុងគន្លងផលិតកម្មកសិកម្មដ៏រឹងមាំ ដោយមានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ការនាំចេញ ជាមួយនឹងការរក្សាបាននូវស្តង់ដារគុណភាពជាប់ជាប្រចាំ។
លោករដ្ឋមន្ត្រីក៏បានកត់សម្គាល់ទៀតថា ទីផ្សារអង្ករពិភពលោកកំពុងមានការផ្លាស់ប្តូរ ដោយសារការត្រឡប់មកវិញរបស់អ្នកផ្គត់ផ្គង់ធំៗ ដែលធ្វើឱ្យការប្រកួតប្រជែងតម្លៃកាន់តែមានភាពតានតឹង។ ដើម្បីឆ្លើយតបនឹងស្ថានភាពបែបនេះ រដ្ឋាភិបាលប៉ាគីស្ថានបានដាក់ចេញយន្តការ ដើម្បីធានាបាននូវការប្រកួតប្រជែងតម្លៃគោល រួមទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុនៅនឹងកន្លែង ដើម្បីឱ្យអង្ករប៉ាគីស្ថាននៅតែមានភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រសិនបើប៉ាគីស្ថានអាចផ្គូរផ្គងតម្លៃទីផ្សារបាន នោះនឹងមានឱកាសខ្លាំងក្នុងការពង្រីកពាណិជ្ជកម្មអង្ករទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតហ្វីលីពីនថា ប្រទេសប៉ាគីស្ថានបានកំណត់យកប្រទេសហ្វីលីពីន ជាដៃគូសំខាន់មួយសម្រាប់ការលើកកម្ពស់ការនាំចេញអង្ករ ហើយការសម្របសម្រួលទាន់ពេលវេលារវាងភាគីទាំងពីរ នឹងជួយបង្កើតផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងបរិបទនៃការដេញថ្លៃលទ្ធកម្មនាពេលខាងមុខនៅហ្វីលីពីន។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត អេមម៉ានូអែល ហ្វេណេនដេស បានស្វាគមន៍ការផ្តួចផ្តើមរបស់ប៉ាគីស្ថាន ដោយចាត់ទុកថា ជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
លោកបានទទួលស្គាល់ថា ប្រទេសប៉ាគីស្ថានជាអ្នកផ្គត់ផ្គង់អង្ករដ៏សំខាន់មួយក្នុងចំណោមប្រទេសបី ដែលនាំចេញអង្ករទៅកាន់ទីផ្សារហ្វីលីពីន និងមានសក្តានុពលខ្ពស់ក្នុងការរក្សា និងបង្កើនចំណែកទីផ្សាររបស់ខ្លួន។
លោកឯកអគ្គរដ្ឋទូត ក៏បានជូនដំណឹងថា សម័យប្រជុំនាពេលខាងមុខនៃគណៈកម្មការសេដ្ឋកិច្ចរួមប៉ាគីស្ថាន–ហ្វីលីពីន ដែលរំពឹងថា នឹងប្រព្រឹត្តទៅនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះ នឹងលើកយកប្រធានបទពាណិជ្ជកម្មអង្ករ ជាចំណុចអាទិភាពនៅក្នុងរបៀបវារៈ។
ក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរក៏បានពិនិត្យវឌ្ឍនភាពនៃសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន និងក្រសួងកសិកម្មហ្វីលីពីន ដែលមានគោលបំណងបើកផ្លូវឱ្យមានលទ្ធកម្មអង្កររវាងរដ្ឋាភិបាលទាំងពីរ នៅក្នុងរយៈពេលច្រើនឆ្នាំខាងមុខ។
ភាគីទាំងពីរបានកត់សម្គាល់ថា ក្រុមបច្ចេកទេសកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ ហើយគណៈប្រតិភូប៉ាគីស្ថានគ្រោងនឹងជួបជាមួយសមភាគីហ្វីលីពីន ដើម្បីពន្លឿនកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នា មុនពេលដំណើរការដេញថ្លៃអង្ករនាពេលខាងមុខ។
កិច្ចពិភាក្សាក៏បានលើកឡើងអំពីបញ្ហាពន្ធគយ និងសារៈសំខាន់នៃការដោះស្រាយភាពប្រកួតប្រជែងថ្លៃដើម ដើម្បីសម្រួលដល់កំណើនបរិមាណនាំចេញអង្កររបស់ប៉ាគីស្ថាន។ ភាគីប៉ាគីស្ថានបានសង្កត់ធ្ងន់ថា ការពន្លឿនអនុស្សរណៈនៃការយោគយល់គ្នា នៅដំណាក់កាលដំបូង នឹងជួយគ្រប់គ្រងស្តុកអង្ករលើសតម្រូវការ និងធានានូវនិរន្តរភាពនៃការផ្គត់ផ្គង់អង្ករទៅកាន់ទីផ្សារហ្វីលីពីន។
ក្រៅពីអង្ករ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប៉ាគីស្ថានក៏បានលើកឡើងពីបំណងក្នុងការពង្រីកការនាំចេញផ្លែក្រូចឃ្វិច ទៅកាន់ប្រទេសហ្វីលីពីន និងបានស្នើឱ្យពិចារណាបញ្ហាពន្ធនាំចូល តាមរយៈវេទិកាស្ថាប័នសមស្រប រួមទាំងគណៈកម្មការសេដ្ឋកិច្ចរួមផងដែរ៕








