ហាណូយ៖ ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការនាំចេញដំឡូងមីនៅលើពិភពលោក ប៉ុន្តែខ្សែសង្វាក់ផ្គត់ផ្គង់ដំឡូងមីរបស់ខ្លួននៅតែមានបញ្ហាប្រឈមពាក់ព័ន្ធនឹងតម្លាភាពក្នុងវិស័យដាំដុះ និងការបំផ្លាញព្រៃឈើ។
តាមរយៈកិច្ចប្រជុំរៀបចំដោយសមាគមវិទ្យាសាស្ត្រសេដ្ឋកិច្ចវៀតណាមសម្រាប់កសិកម្ម និងអភិវឌ្ឍន៍ជនបទ សហការជាមួយសមាគមដំឡូងមីវៀតណាម និងអង្គការឃ្លាំមើលនិន្នាការព្រៃឈើ កាលពីថ្ងៃទី២៨ ខែមករាឆ្នាំ២០២៦នេះ បាននិយាយលើប្រធានបទខ្សែសង្វាក់ផ្គត់ផ្គង់ដំឡូងមីរបស់វៀតណាម។
លោក ងៀម មិញទៀន ប្រធានសមាគមដំឡូងមីវៀតណាម បាននិយាយថា ការផលិត ការកែច្នៃ និងពាណិជ្ជកម្មដំឡូងមី បានដើរតួនាទីយ៉ាងសំខាន់ក្នុងពាណិជ្ជកម្មកសិកម្មរបស់វៀតណាម និងជួយលើកកម្ពស់ជីវភាពរស់របស់គ្រួសារកសិករវៀតណាមប្រហែល១,២លានគ្រួសារ ដែលភាគច្រើនរស់នៅតាមតំបន់ភ្នំ និងតំបន់ជួបការលំបាក។
រួមជាមួយនឹងការប្រើប្រាស់ក្នុងស្រុក ដំឡូងមីបានបង្ហាញពីកំណើននាំចេញដ៏រឹងមាំ ដោយប្រាក់ចំណូលនៅឆ្នាំ២០២៥ ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល១,៣ពាន់លានដុល្លារ ធ្វើឱ្យវៀតណាមក្លាយជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៣របស់ពិភពលោក។
វៀតណាម ជាប្រទេសផលិតដំឡូងមីដ៏សំខាន់ និងជាមជ្ឈមណ្ឌលកែច្នៃ និងនាំចេញដ៏ធំមួយនៅក្នុងតំបន់ ហើយការផ្គត់ផ្គង់ដំឡូងមីប្រចាំឆ្នាំ មានបិរមាណជាង១៨លានតោន ក្នុងនោះប្រហែល៥៨ភាគរយ បានមកពីផលិតកម្មក្នុងស្រុក និង៤២ភាគរយបានមកពីការនាំចូល ដែលភាគច្រើននាំចូលពីប្រទេសឡាវ និងប្រទេសកម្ពុជា។ ផ្ទៃដីដាំដុះដំឡូងមីនៅប្រទេសវៀតណាមគ្របដណ្តប់លើផ្ទៃដីជាង៥០ម៉ឺនហិកតា ដែលផ្តល់ទិន្នផលប្រហែល១០លានតោន ជារៀងរាល់ឆ្នាំ ខណៈពេលការនាំចូលមានបិរមាណប្រហែល៨លានតោន។
អ្នកចូលរួមក្នុងប្រជុំនេះ បានលើកឡើងថា ទោះបីជាបរិមាណនាំចេញបានកើនឡើងយ៉ាងខ្លាំងក៏ដោយ តែតម្លៃនាំចេញបានកើនឡើងយឺតៗ។ ចំពោះដំណោះស្រាយរយៈពេលវែង គឺការបង្កើនតម្លៃបន្ថែមតាមរយៈការកែច្នៃ ដោយកាត់បន្ថយបន្តិចម្តងៗនូវការនាំចេញដំឡូងមីស្ងួត ហើយលើកទឹកចិត្តដល់ការវិនិយោគលើផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាកែច្នៃជាម្សៅ និងផលិតផលសម្រាប់វិស័យម្ហូបអាហារ ឱសថ ឧស្សាហកម្ម និងជីវថាមពល។ ដោយហេតុនេះធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និរន្តរភាព និងភាពធន់នឹងការប្រែប្រួលតម្លៃវត្ថុធាតុដើម។
ជាមួយគ្នានេះដែរ ទោះបីជាមានការធ្លាក់ចុះបន្តិចបន្តួច នៃផ្ទៃដីដាំដុះដំឡូងមីនៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ការពង្រីកនៅតែបន្តនៅក្នុងតំបន់មួយចំនួន ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់លើធនធានព្រៃឈើ។ ទីផ្សារអន្តរជាតិក៏កំពុងរឹតបន្តឹងតម្រូវការលើភាពស្របច្បាប់ ការតាមដាន និងផលិតផល ដែលគ្មានការកាប់បំផ្លាញព្រៃឈើ។ ជាពិសេសបទប្បញ្ញត្តិកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប ដែលបង្កបញ្ហាប្រឈមកាន់តែខ្លាំងឡើងសម្រាប់ការនាំចេញដំឡូងមីរបស់វៀតណាម។
ប្រធានសមាគមវិទ្យាសាស្ត្រសេដ្ឋកិច្ចវៀតណាមសម្រាប់កសិកម្ម និងអភិវឌ្ឍន៍ជនបទ បានចង្អុលបង្ហាញថា ការលំបាកធំបំផុតក្នុងការធានាការតាមដានស្ថិតនៅក្នុងដំណាក់កាលវត្ថុធាតុដើម រួមទាំងការផ្គត់ផ្គង់ពីកសិករក្នុងស្រុក និងប្រភពបរទេស។
លោក ង្វៀន វិញក្វាង (Nguyen Vinh Quang) តំណាងអង្គការឃ្លាំមើលនិន្នាការព្រៃឈើ បាននិយាយថា វិស័យដំឡូងមីត្រូវការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនឡើងវិញ ពង្រឹងការគ្រប់គ្រងលើផលិតកម្ម និងការប្រើប្រាស់ដីធ្លី ធ្វើឱ្យសកម្មភាពក្រៅផ្លូវការមានលក្ខណៈជាផ្លូវការ និងកែលម្អតម្លាភាពនៅទូទាំងខ្សែសង្វាក់ដើម្បីបំពេញតាមតម្រូវការសម្រាប់តាមដាន៕








