កណ្ឌមណ្ឌូ៖ ផលិតកម្មចេកនៅក្នុងខេត្តលុម្ពិនី (Lumbini) របស់ប្រទេសនេប៉ាល់ នាពេលបច្ចុប្បន្ននេះ បានរកចំណូលពីការលក់ផ្លែចេករហូតដល់ទឹកប្រាក់ប្រមាណ៣៧០លានរូពី ឬស្មើនឹង២,៨លានដុល្លារ ហើយបានផ្តល់ផលកម្រៃដល់
កសិករនេប៉ាល់ប្រហែល៦០០នាក់ ដែលផលិតផ្លែចេកបានជិត៣៨ ០០០តោន លើផ្ទៃដីប្រហែល៧៥០ហិកតា។
ប្រធានសមាគមសហគ្រិនដាំចេក នៅក្នុងស្រុកបាទិយ៉ា (Bardiya) នៃខេត្តលុម្ពិនី ដែលជាទឹកដីកំណើតរបស់ព្រះពុទ្ធទ្រង់ប្រសូត្រ បានមានប្រសាសន៍ថា ទិន្នផលផ្លែចេកជាមធ្យមទទួលបានប្រហែល៥០តោន ក្នុងមួយហិកតា។
សក្ដានុពលទីផ្សារផ្លែចេករបស់នេប៉ាល់ បានផ្លាស់ប្តូរក្នុងអំឡុងរដូវប្រមូលផល បន្ទាប់ពីរដ្ឋាភិបាលសម្រេចបញ្ឈប់ការនាំចូលផ្លែចេកពីប្រទេសឥណ្ឌា បន្ទាប់ពីរកឃើញជំងឺឆ្លងនៅក្នុងផ្លែចេករបស់ឥណ្ឌា។ ដំបូងឡើយ ការលក់ផ្លែចេកនៅក្នុងស្រុកមានភាពយឺតយ៉ាវបន្តិច ប៉ុន្តែបរិមាណបានផ្លាស់ប្តូរលឿនជាងមុន ក្រោយពេលបញ្ឈប់ការនាំចូល។ កសិករនេប៉ាល់ នៅពេលនេះអាចលក់ផ្លែចេកមិនទាន់ទុំក្នុងមួយកេស ស្មើប្រមាណ៣០ផ្លែ ទទួលបានតម្លៃល្អរហូតដល់៥០០រូពី ឬស្មើនឹង៣,៤៧ដុល្លារ។
ទោះបីជាមានតម្លៃខ្ពស់នៅចុងរដូវប្រមូលក៏ដោយ ប្រាក់ចំណូលរបស់កសិករនេប៉ាល់ ត្រូវបានគេរាយការណ៍ថាទទួលបានទាបជាងឆ្នាំបណ្តាមុនបន្តិច ដោយសារជួបការលំបាកក្នុងទីផ្សារបន្តិចបន្តួចនៅដើមរដូវ បន្ទាប់ពីមានភ្លៀងធ្លាក់ធ្វើឱ្យមានផ្សិតលើផ្លែចេក ដែលជិតប្រមូលផល ហើយបានកាត់បន្ថយបរិមាណផ្គត់ផ្កង់ទីផ្សារ ក៏ដូចជាផលចំណេញ។
ការដាំដំណាំចេកនៅក្នុងស្រុកបាទិយ៉ា ខេត្តលុម្ពិនី ត្រូវបានពង្រីកក្រោមកម្មវិធីគាំទ្រតំបន់ដាំចេក ដែលឥឡូវនេះបានគ្របដណ្តប់លើផ្ទៃដីប្រហែល៧៥០ហិកតា។ កាលពីឆ្នាំមុន ប្រាក់ចំណូលបានមកពីលក់ផ្លែចេកនៅក្នុងស្រុកមានចំនួនសរុបប្រហែល៤០០លានរូពី ឬស្មើនឹងបីលានដុល្លារ។
អស់រយៈពេលជាង១៤ឆ្នាំកន្លងមកហើយ កសិករដាំចេកនៅស្រុកបាទិយ៉ា ធ្លាប់បានអំពាវនាវឱ្យរដ្ឋាភិបាលនេប៉ាល់រឹតត្បិតការនាំចូលផ្លែចេករបស់ឥណ្ឌា ប៉ុន្តែរដ្ឋាភិបាលទើបតែចាត់វិធានការនៅក្នុងឆ្នាំ២០២៥។ នៅរដូវប្រមូលផលឆ្នាំ២០២៦នេះ ក្រុមអ្នកផលិតបាននាំគ្នាទៅក្រសួងកសិកម្ម និងអភិវឌ្ឍន៍បសុសត្វរបស់ប្រទេសនេប៉ាល់ ម្តងទៀត ដើម្បីស្នើសុំឱ្យហាមឃាត់ការនាំចូលផ្លែចេកពីប្រទេសឥណ្ឌា ដែលក្រោយមការនាំចូលត្រូវបានបញ្ឈប់ទាំងស្រុង បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺស្រពោនលឿង (Tropical Race 4-TR4) លើដំណាំចេកនៅក្នុងប្រទេសឥណ្ឌា។
ជាមួយនឹងការបញ្ឈប់នាំចូលផ្លែចេកឥណ្ឌានេះ កសិករនេប៉ាល់រំពឹងថា នឹងមានការពង្រីកផ្ទៃដីដាំដុំបន្ថែមទៀតនៅ ក្នុងស្រុកបាទិយ៉ា ខេត្តលុម្ពិនី។
កសិករដាំចេកម្នាក់បាននិយាយថា “ឥឡូវនេះយើងលែងបារម្ភអំពីតម្លៃទីផ្សារផ្លែចេកទៀតហើយ។ យើងកំពុងលើកទឹកចិត្តកសិករផ្សេងទៀតឱ្យចាប់យកមុខរបរកសិកម្មដាំចេកដែរ។ យើងបានរៀបចំជាមួយកសិករផ្សេងទៀត ហើយបានបង្កើតគំនិតនៃការដាំដំណាំចេកជាសហគមន៍។”
ចំណែកកសិករដាំចេក និងជាសហគ្រិនកសិកម្មម្នាក់ បាននិយាយថា ផលិតកម្មចេកនៅក្នុងខេត្តលុម្ពិនី កំពុងកើនឡើងនៅក្នុងឆ្នាំ២០២៦នេះ ដោយសារកសិករចាប់ផ្តើមពេញចិត្តចំពោះមុខរបរធ្វើកសិកម្មដាំចេក។ ទន្ទឹមនឹងការពង្រីកផលិតកម្មដំណាំចេក ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតពាក់ព័ន្ធនឹងការគ្រប់គ្រង និងការកែច្នៃផ្លែចេក នៅក្នុងស្រុកបាទិយ៉ា ក៏ត្រូវបានអភិវឌ្ឍផងដែរ ដូចជាកន្លែងសម្រាប់បន្ទប់ទុំ និងឃ្លាំងផ្ទុកផ្លែចេក ព្រមទាំងមានកម្មវិធីបណ្តុះបណ្តាលអំពីការបង្កើតជាលិកាចេក និងបង្កើតអង្គភាពកែច្នៃសរសៃអំបោះធ្វើពីដើមចេកថែមទៀតផង៕
















