ហាណូយ៖ តាមក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាមអាចនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសបានប្រមាណ៧,៧៣លានតោន ក្នុងឆ្នាំ២០២៦ ដោយបរិមាណអង្ករភាគច្រើនបានមកពីតំបន់បង្កបង្កើនផលស្រូវតាមដីសណ្តទន្លេមេគង្គនេះ។
សារព័ត៌មានវៀតណាមថ្ងៃនេះ (Vietnam Today) បានចេញផ្សាយកាលពីចុងខែមករាថា នៅក្នុងឯកសារថ្មីៗនេះ ដែលបានផ្ញើទៅក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងការនាំចេញអង្ករ ក្នុងឆ្នាំ២០២៦ ក្រសួងកសិកម្មវៀតណាម បានចង្អុលបង្ហាញថា ផ្ទៃដីដាំដុះស្រូវសរុបទូទាំងប្រទេសបានធ្លាក់ចុះប្រហែល៣៦ ១០០ហិកតា តិចជាងឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ ទិន្នផលស្រូវសរុបនៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងខ្ពស់ជាងឆ្នាំ២០២៥ ប្រហែល ៤៥,៦លានតោន ដោយសារទិន្នផលជាមធ្យមខ្ពស់ជាង៦,១៤តោន ក្នុងមួយហិកតា។
តំបន់ដីសណ្ដទន្លេមេគង្គនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់អង្ករនាំចេញ ដោយតំបន់ដាំដុះស្រូវក្នុងតំបន់ និងផ្នែកខ្លះនៃខេត្តតៃនិញ ត្រូវបានប៉ាន់ប្រមាណថា មានផ្ទៃដីបង្កបង្កើនផលប្រហែល៣,៨៤លានហិកតា និងទិន្នផ្តល់ផលស្រូវប្រហែល២៤,៣៤លានតោន។
ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បាននិយាយទៀតថា ប្រទេសវៀតណាមនឹងមានស្រូវចំនួន១៥,៤៦លានតោន ដែលអាចរកបានក្នុងឆ្នាំ២០២៦ ដែលស្មើនឹងប្រហែល៧,៧៣លានតោន នៃអង្ករសម្រាប់នាំចេញទៅក្រៅប្រទេស។
ការនាំចេញអង្ករប្រណីត និងអង្ករក្រអូប ត្រូវបានរំពឹងថា នឹងកើនឡើងដល់ប្រមាណ៥,៨លានតោន ឬស្មើនឹង៧៥ ភាគរយនៃបរិមាណនាំចេញ។ ចំណែកការនាំចេញអង្ករដំណើបត្រូវបានព្យាករណ៍ថា នឹងមានប្រមាណ៧៧៣ ០០០តោន ឬស្មើនឹង១០ភាគរយ ដោយអង្ករនៅសល់១៥ភាគរយទៀត ត្រូវបានប្រើប្រាស់សម្រាប់ការកែច្នៃ។
ក្រសួងដដែលនេះ បានឱ្យដឹងថា ការនាំចេញអង្ករនៅឆមាសទី១ ឆ្នាំ២០២៦ ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ប្រមាណបួនលានតោន នាំចេញច្រើនបំផុតក្នុងរង្វង់ខែមករា មីនា និងមេសា ខណៈការនាំចេញនៅឆមាសទី២ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ប្រមាណ៣,៧លានតោន ដែលខ្ពស់បំផុត ក្នុងខែកក្កដា សីហា និងកញ្ញា ស្របតាមរយៈពេលប្រមូលផលធំៗ។
ព្រមជាមួយគ្នានេះដែរ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានអំពាវនាវឱ្យមានរាយការណ៍ច្បាស់លាស់បំផុត និងអភិវឌ្ឍឧបករណ៍ត្រួតពិនិត្យបែបឌីជីថល និងផ្តល់ការព្រមានជាមុន ដើម្បីគ្រប់គ្រងហានិភ័យនៃការផ្គត់ផ្គង់ និងតម្រូវការ ហើយគាំទ្រដល់ការគ្រប់គ្រងការនាំចេញ ដែលអាចបត់បែនបាន ព្រមទាំងធានាបាននូវសន្តិសុខស្បៀងផងដែរ។
ចំណែកអ្នកនាំចេញអង្ករត្រូវបានជំរុញឱ្យត្រៀមខ្លួនជាស្រេច ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក នៅពេលមានតម្រូវការសម្រាប់រក្សារស្ថិរភាពតម្លៃ។ ការលើកកម្ពស់ពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ និងផលិតផល និងការផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រង ក៏គួរតែត្រូវបានលើកកម្ពស់ផងដែរ។
ក្រសួងបានលើកឡើងទៀតថា ត្រូវសហការសម្របសម្រួលឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីធ្វើស្តង់ដារប្រមូលទិញស្រូវ ពង្រឹងបណ្តាញខ្សែច្រវាក់ផ្គត់ផ្គង់តាមរយៈកិច្ចសន្យាប្រកបដោយតម្លាភាព តម្រូវឱ្យអ្នកនាំចេញធ្វើការផ្សព្វផ្សាយតម្លៃ និងទប់ស្កាត់ការកេងចំណេញ និងត្រូវប្រមូលទិញស្រូវពីកសិករយកមកស្តុកទុកក្នុងឃ្លាំង។
យោងទិន្នន័យស្ថិតិរបស់ភ្នាក់ងារគយវៀតណាម បានបង្ហាញថា ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន៨,០៦ លានតោន ដែលមានតម្លៃ៤,១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយធ្លាក់ចុះ១០,៨ភាគរយ បើគិតជាបរិមាណ និងធ្លាក់២៧,៦ភាគរយ បើគិតជាតម្លៃ ធៀបនឹងឆ្នាំ២០២៤៕










