ក្រុងឆុងឈីង៖ រថភ្លើងដឹកទំនិញមួយគ្រឿង ដែលដឹកផ្លែចេកនាំចេញពីប្រទេសឡាវ បានមកដល់ទីក្រុងឆុងឈីង(Chongqing) កាលពីពេលថ្មីៗនេះ ដែលជាការដឹកជញ្ជូនផ្លែចេកនាំចូលលើកដំបូង ដោយដឹកជញ្ជូនតាមផ្លូវដែកបិទជិត ទៅកាន់ផ្លូវដែកអន្តរមធ្យោបាយ។
ការដឹកជញ្ជូនផ្លែចេករបស់ឡាវនេះ តាមរយៈទូកុងតឺន័រទំហំ៤០ហ្វីត ចំនួនប្រាំគ្រឿង ដែលមានទម្ងន់សរុប៨៥,៥តោន ទៅកាន់ទីក្រុងឆុងឈីង ភាគកណ្តាលប្រទេសចិន ដោយចេញដំណើរពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ឆ្លងតាមកំពង់ផែផ្លូវដែកម៉ូហាន (Mohan Railway Port) ក្នុងខេត្តយូណាន មុនពេលបន្តដំណើរតាមផ្លូវដែកទៅកាន់ទីក្រុងឆុងឈីងតែម្តង។
បន្ទាប់ពីបំពេញបែបបទបញ្ចេញទំនិញរបស់ភ្នាក់ងារគយ ផ្លែចេកទាំងនេះត្រូវបានចែកចាយទៅកាន់ទីផ្សារលក់ដុំផ្លែឈើ នៅក្នុងខេត្តឆុងឈីង និងតំបន់ជុំវិញ។
យោងតាមក្រុមហ៊ុននាំចូល បានឱ្យដឹងថា តម្រូវការផ្លែចេកដាំក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។ ផ្លែចេកឡាវ មានទីផ្សារនៅក្នុងប្រទេសចិន ដោយសារតែលក្ខខណ្ឌផ្គត់ផ្គង់មានស្ថេរភាព គុណភាពល្អជាប់លាប់ និងរចនាសម្ព័ន្ធថ្លៃដើមសមរម្យ ដែលរួមចំណែកដល់បរិមាណនាំចូលផ្លែចេកកាន់តែខ្ពស់ឡើងៗ។
ការដឹកជញ្ជូនបានប្រើគំរូនៃការដឹកជញ្ជូនតភ្ជាប់ពីផ្លូវដែកមួយទៅផ្លូវដែកមួយទៀត ដែលអាចគ្រប់គ្រងសីតុណ្ហភាពបានជាប្រចាំ ក្រោមការតាមដានពីដើមទីដល់ចុងទី និងការត្រួតពិនិត្យទិន្នន័យក្នុងពេលវេលាជាក់ស្តែង។
ក្រុមហ៊ុនបានរាយការណ៍ថា ថ្លៃដើមដឹកជញ្ជូនសរុប រួមទាំងថ្លៃលើកដាក់ និងថ្លៃដាក់ចុះទំនិញ បានធ្លាក់ចុះប្រហែល១៦ភាគរយ បើធៀបនឹងវិធីដឹកជញ្ជូនមុនៗ។
ដើម្បីគាំទ្រដល់ពាណិជ្ជកម្មនាំចូលផ្លែចេកឆ្លងដែន ភ្នាក់ងារគយចិន បានដាក់ចេញនូវកម្មវិធីសាកល្បងសម្រាប់ការត្រួតពិនិត្យគោលដៅ និងការដាក់ឱ្យនៅដាច់ពីគេ ក្រោមក្របខ័ណ្ឌច្រករបៀងពាណិជ្ជកម្មដីគោកអន្តរជាតិថ្មី។ ការសម្របសម្រួលត្រូវបានពង្រឹងជាមួយភ្នាក់ងារគយគុនមីង និងភ្នាក់ងារដឹកជញ្ជូននៅកំពង់ផែឆុងឈីង ជាមួយនឹងយន្តការការងាររួមគ្នា ដែលបានបង្កើតឡើង ដើម្បីផ្តល់ការណែនាំអំពីតម្រូវការគោលនយោបាយ ការផ្ទៀងផ្ទាត់អ្នកផ្គត់ផ្គង់នៅក្រៅប្រទេស និងការស្នើសុំលិខិតអនុញ្ញាតដាក់ផលិតផលផ្លែចេកឱ្យនៅដាច់ពីគេ។
លោក ចៅ កៃ (Zhao Kai) អនុប្រធាននាយកដ្ឋានចត្តាឡីស័កសត្វ និងរុក្ខជាតិ ប្រចាំជាមួយភ្នាក់ងារគយខេត្តឆុងឈីង បាននិយាយថា ផ្លូវដែកចិន-ឡាវ កាន់តែមានសារៈសំខាន់ខ្លាំងឡើងសម្រាប់ការនាំចូលកសិផលពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន។
លោកបានកត់សម្គាល់ថា ជាផ្នែកមួយនៃច្រករបៀងពាណិជ្ជកម្មតាមផ្លូវគោកអន្តរជាតិថ្មី ផ្លូវដែកចិន-ឡាវ កំពុងក្លាយជាច្រកដ៏សំខាន់សម្រាប់ផលិតផលកសិកម្មមកពីភូមិភាគអាស៊ីអាគ្នេយ៍ ដែលនាំចូលមកកាន់ទីក្រុងឆុងឈីង។
ចំណែកអាជ្ញាធរគយចិន បាននិយាយថា ការបន្តកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារអធិការកិច្ច ប្រតិបត្តិករដឹកជញ្ជូន និងអាជ្ញាធរកំពង់ផែ គឺដើម្បីគាំទ្រដល់ការនាំចូលផ្លែឈើតាមផ្លូវដែកជាប្រចាំ ដោយរក្សាការដាក់ឱ្យនៅដាច់ដោយឡែក និងការអនុលោមតាមការត្រួតពិនិត្យ។
ក្រៅនាំផលិតផលផ្លែចេកទៅកាន់ខេត្តឆុងឈីង ផ្លូវដែកចិន-ឡាវ ក៏បានតភ្ជាប់ជាមួយបណ្តាញផ្លូវដែកជាច្រើននៅក្នុងប្រទេសចិន ទៅកាន់កំពង់ផែចំនួន១២៦កន្លែង និងតាមរយៈផែនការសកម្មភាពរយៈពេលបីឆ្នាំខាងមុខ ដើម្បីពង្រីកការតភ្ជាប់ផ្លូវដែកនេះទៅកាន់ទីក្រុងជាង១៣០កន្លែង នៅត្រឹមឆ្នាំ២០២៧។ ផែនការនេះ មានគោលដៅគ្រប់គ្រងទំនិញនាំចូលឱ្យបានជាងមួយលានកុងតឹន័រ ជារៀងរាល់ឆ្នាំ ហើយកំពង់ផែនឹងពង្រឹងតួនាទីរបស់ខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ធ្វើពាណិជ្ជកម្មផ្លែឈើ និងការដឹកជញ្ជូនតាមខ្សែសង្វាក់ទូត្រជាក់។
ចំណែកកំពង់ផែរថភ្លើងនៅទីក្រុងឆេងទូ ខេត្តស៊ីឈួន នាពេលកន្លងមកមានក្រុមហ៊ុននាំចូលផ្លែឈើពីបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការនាំចូលផ្លែទុរេនស្រស់តាមរយៈកំពង់ផែសមុទ្រ ក្នុងតំបន់ស្វយ័តខេត្តក្វាងស៊ី ភាគខាងត្បូងប្រទេសចិន ក៏បានកើនឡើង៥០ភាគរយ នៅឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការផ្លែឈើក្នុងចំណោមជនជាតិចិន។
កាលពី១០ឆ្នាំមុន ក្រុមហ៊ុននាំចូលផ្លែឈើ នៅក្នុងខេត្តក្វាងស៊ី ដែលដំបូងឡើយផ្តោតលើការនាំចេញអាហារគ្រឿងសមុទ្រ បានបង្កើតក្រុមប្រចាំការនៅកំពង់ផែ ឈិនជូ ដើម្បីពង្រីកអាជីវកម្មអន្តរជាតិរបស់ខ្លួន ដែលនៅពេលនោះ បរិមាណទំនិញប្រចាំឆ្នាំមានចំនួនប្រមាណ១០០លានតោន។
នៅក្នុងឆ្នាំ២០២៤ ខេត្តក្វាងស៊ី បាននាំចូលផ្លែឈើស្រស់រហូតដល់២៣៩ប្រភេទ មានទន្ងន់សរុបចំនួន២,៤៩លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន៤,៨ពាន់លានដុល្លារ ពីបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ដែលស្មើជាងមួយភាគបីនៃការនាំចូលផ្លែឈើសរុបនៅក្នុងតំបន់។ បន្ទាប់ពីបានពង្រីកជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំ កំពង់ផែ ខេត្តឈិនជូ បានក្លាយជាច្រកនាំចូលតាមផ្លូវសមុទ្រដ៏សំខាន់មួយសម្រាប់នាំចូលផលិតផលផ្លែឈើពីប្រទេសសមាជិកសមាគមអាស៊ាន ចូលទៅក្នុងទីផ្សារប្រទេសចិន៕












