ហ្សាកាតា៖ មន្ត្រីកសិកម្មឥណ្ឌូណេស៊ី បាននិយាយថា ក្នុងសប្តាហ៍នេះ ប្រទេសឥណ្ឌូណេស៊ីបាននាំចូលគោរស់ចំនួន ១,៣៨៣ក្បាលបន្ថែមទៀតពីប្រទេសអូស្ត្រាលី ដែលជាផ្នែកមួយនៃផែនការចំណាយ៣ពាន់លានដុល្លារ ដើម្បីលើកចិត្តកសិករខ្នាតតូចឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទិន្នផលទឹកដោះគោឱ្យកើនឡើងកាន់តែច្រើន។
សេចក្តីការណ៍កាលពីឆ្នាំមុន បានលើកឡើងថា ដោយសារប្រឈមនឹងបញ្ហាមូលនិធិមានកម្រិត ទើបរដ្ឋាភិបាលឥណ្ដូណេស៊ីជំរុញឱ្យក្រុមហ៊ុនឯកជនជួយផ្តល់មូលនិធិដល់ការទិញគោនេះ ដែលជាជម្រើសមិនសូវល្អធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអាជីវកម្មចិញ្ចឹមគោក្នុងប្រទេសឥណ្ឌូណេស៊ី។
ចំណែកលោក អាគុង ស៊ូហ្គានដា (Agung Suganda) អគ្គនាយកទីភ្នាក់ងារបសុសត្វ និងសុខមាលភាពសត្វ របស់ក្រសួងកសិកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គោទាំងនេះមិនត្រឹមតែជាការបន្ថែមលើចំនួនគោមានស្រាប់ប៉ុណ្ណោះទេ។ វាជាការវិនិយោគបែបយុទ្ធសាស្ត្រដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការផលិតទឹកដោះគោជាតិពីកសិដ្ឋានខ្នាតតូច»។
ចំណុចសំខាន់នៃកម្មវិធីអាហារឥតគិតថ្លៃ ដែលផ្តោតសំខាន់លើកុមារ និងស្ត្រីមានផ្ទៃពោះប្រមាណ៨៣លាននាក់ នៅទូទាំងប្រទេស បានអំពាវនាវឱ្យមានការនាំចូលគោទឹកដោះយកគោចំនួនមួយលានក្បាលក្នុងរយៈពេលប្រាំឆ្នាំ ដើម្បីបង្កើនចំនួនគោយកទឹកដោះ ដែលសព្វថ្ងៃត្រឹម២២ម៉ឺនក្បាល។
ក្រសួងកសិកម្មឥណ្ឌូណេស៊ី បាននិយាយថា ការនាំចូលគោរស់នាពេលកន្លងមក រួមមានការដឹកជញ្ជូនរួមគ្នា និងការបង្កាត់ពូជ ដែលពាក់ព័ន្ធនឹងគោរបស់សហគមន៍ និងកសិករ ចាប់តាំងពីឆ្នាំមុន ដោយទិន្នផលទឹកដោះគោរបស់ពួកគាត់ នឹងបញ្ជូនទៅឱ្យឧស្សាហកម្មកែច្នៃទឹកដោះគោ ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកដោះគោ។
មន្ត្រីផ្នែកសុខភាពសត្វនៅក្រសួងកសិកម្មឥណ្ឌូណេស៊ី បាននិយាយថា ការនាំចូលគោយកទឹកដោះគោ ក្នុងពេលថ្មីៗនេះ បានជួបបញ្ហាប្រឈមនឹងការធ្វើចត្តាឡីស័ក្ត និងការត្រួតពិនិត្យរកជំងឺឆ្លងផ្សេងៗ បន្ទាប់ពីបានដឹកមកដល់ខេត្តជ្វាកណ្តាល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ដើម្បីធានាដល់សុវត្ថិភាពសត្វ ការធ្វើចត្តាឡីស័ក្តមានរយៈពេល១៤ថ្ងៃ បន្ទាប់មកនឹងត្រូវប្រមូលសំណាកពីគោទាំងអស ដើម្បីរកមើលជំងឺឆ្លងផ្សេងៗ ដូចជាជំងឺដុំពកលើស្បែក និងជំងឺអុតក្តាម។
ក្រសួងបានបន្ថែមថា ប្រទេសឥណ្ឌូណេស៊ីបាននាំចូលគោរស់ចំនួន៣៣ ៩៥៥ក្បាល ក្នុងឆ្នាំ២០២៥ ដែលក្នុងនោះមាន១៣ ៥៤៤ក្បាល ជាគោយកទឹកដោះ។
មន្ត្រីជាន់ខ្ពស់ប្រទេសឥណ្ឌូណេស៊ី កាលពីខែកក្កដា ឆ្នាំ២០២៥ ធ្លាប់បានប្រកាសថា រដ្ឋាភិបាលឥណ្ឌូណេស៊ី គ្រោងនឹងនាំចូលគោយកទឹកដោះពីបរទេសប្រមាណមួយលានក្បាល ក្នុងផែនការបង្កើតលទ្ធភាពផ្គត់ផ្គង់ទឹកដោះគោដល់ប្រជាជនខ្លួនឯងឱ្យបានគ្រប់គ្រាន់ នៅត្រឹមឆ្នាំ២០២៩។
រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបញ្ចូលផែនការបង្កើនផលិតកម្មទឹកដោះគោជាតិ នៅក្នុងផែនការយុទ្ធសាស្ត្រជាតិ និងបានរៀបចំផែនការមេសម្រាប់ធ្វើលទ្ធកម្មទឹកដោះគោស្រស់ ចន្លោះពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏បានលើកទឹកចិត្តដល់កសិករក្នុងស្រុក ត្រូវខិតខំចិញ្ចឹមគោយកទឹកដោះប្រសើរជាងការនាំចូលទឹកគោពីបរទេស ដើម្បីលើកកម្ពស់គុណភាពផលិតទឹកដោះគោក្នុងប្រទេស។
ឧស្សាហកម្មទឹកដោះគោរបស់ឥណ្ឌូនេស៊ីកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនាំឱ្យមានការកើនឡើងនៃតម្រូវការក្នុងស្រុក និងបង្កើតបានជាគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ទោះបីជាមានបញ្ហាប្រឈមខ្លះៗក៏ដោយ ដូចជាការពឹងផ្អែកលើការនាំចូលទឹកដោះគោ និងផលិតកម្មក្នុងស្រុកនៅមានកម្រិតទាបក៏ដោយ។
តម្រូវការទឹកដោះគោសម្រាប់មនុស្សម្នាក់របស់ឥណ្ឌូនេស៊ីមានកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត ប៉ុន្តែត្រូវបានគេព្យាករណ៍ថា នៅពេលខាងមុខនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ ហើយប្រទេសឥណ្ឌូណេស៊ីកំពុងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ដើម្បីបំពេញតម្រូវការនេះ។
យោងទិន្នន័យស្ថិតិ បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២៥ ត្រូវបានគេព្យាករណ៍ថា នឹងមានប្រជាជនសរុបប្រហែល២៨៥,៧លាននាក់ ដែលធ្វើឱ្យឥណ្ឌូណេស៊ីជាប្រទេសមានប្រជាជនច្រើនជាងគេទីបួន ក្នុងពិភពលោក៕
















