ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម​​​ សម្រួលឱ្យរថយន្តដឹកដំឡូងមី៧០០គ្រឿងចូលទៅវៀតណាម បន្ទាប់ពី​​កកស្ទះនៅច្រកព្រំដែន

ដោយ នៅ ស៊ីវុត្ថា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួយសម្របសម្រួលជាមួយភាគីវៀតណាមរួចរាល់ហើយ ដើម្បីឱ្យមានការនាំចូលដំឡូងមីtតាមរដ្ឋថយន្តប្រមាណ៧០០គ្រឿង បន្ទាប់ពីមានការ​​កកស្ទះយ៉ាងខ្លាំងនៅច្រកព្រំដែន កាលពីចុងខែមករា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ទូរទស្សន៍អនឡាញ ARDB នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា ក្រោយពេលទទួលបានព័ត៌មានពីករណីកកស្ទះរថយន្តដឹកដំឡូងមី នៅច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ក្នុងខេត្តព្រៃវែង ខាងកម្ពុជា និងច្រកតឹនណាម​ខេត្តតៃនិញ​​ ខាងវៀតណាម  ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្ត្រីជំនាញចុះទៅដល់ទីតាំង និងសម្របសម្រួលជាមួយនឹងភាគីវៀតណាមឱ្យមានការនាំចេញភ្លាមៗជាបណ្តោះអាសន្នដោយមិនឱ្យបង្អង់យូរនោះទេ។

ឯកឧតុ្តមបានបន្តថា ទាក់ទងនឹងបញ្ហាកកស្ទះចរាចរណ៍រថយន្តដឹកដំឡូងមីនេះ មិនពាក់ព័ន្ធនឹងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមមុខទំនិញ ពីក្រសួងពាណិជ្ជកម្ម និងវិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ ។

លើសពីនេះ ឯកឧត្តមអ្នកនាំពាក្យ​បាន​​បន្ថែមថា បញ្ហាសំខាន់ គឺខាងភាគីវៀតណាមបានរិតបន្តឹងលើ “សុវត្ថិភាពចំណីអាហារ” បន្ទាប់ពីមានការលេចឡើងនូវជំងឺផ្លូវដង្ហើមនីប៉ាហ៍ ដែលកំពុងរីករាលដាលនៅក្នុងតំបន់អាស៊ី។ ក្រោយពីមានការសម្របសម្រួល ភាគីវៀតណាម បានសម្រេចអនុញ្ញាតឱ្យដឹកចូលទៅក្នុងប្រទេសរបស់ខ្លួន ស្របតាមអនុស្សារណៈយោគយល់គ្នារវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម ដែលបានទទួលទិញដំឡូងមីពីប្រទេសកម្ពុជាប្រមាណពី៩លាន ទៅ១០លានតោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេលប្រាំឆ្នាំ។

ទាក់ទិននឹងបញ្ហានេះ លោក អិល ឈិញ ប្រធានសមគមកសិករដំឡូងមីខ្មែរ ប្រាប់ទូរទស្សន៍ ARDB ដោយបានទទួលស្គាល់ដែរថា តាមរយៈការសម្របសម្រួលរបស់ក្រសួងទាំងពីរខាងលើនេះ ភាគីវៀតណាមក៏បានអនុញ្ញាតឱ្យដឹកចូលទៅកាន់ប្រទេសខ្លួនវិញ បន្ទាប់មកបានតម្រូវឱ្យធ្វើលិខិតបញ្ជាក់ជាមួយមន្ត្រីជំនាញកម្ពុជា ដែលកំពុងសម្របសម្រួលនៅកន្លែងច្រកព្រំដែននេះតែម្តង ។

បើតាមលោក អិល ឈិញ, នៅក្នុងមួយឆ្នាំៗកម្ពុជាបាននាំដំឡូងមីស្រស់ចេញទៅកាន់ប្រទេសវៀតណាមប្រមាណពី៧ទៅ ៨លានតោន ដែលទទួលបានតម្លៃប្រមាណពី៤ ០០ ទៅ៥០០រៀលក្នុងមួយគីឡូ ។ ប៉ុន្តែសម្រាប់តម្លៃដំឡូងមី ដែលឈ្មួញទិញនៅក្នុងស្រុក ដូចជានៅខេត្តកំពង់ចាម និងខេត្តស្ទឹងត្រែង មានតម្លៃ តម្លៃ៣០០រៀល និងនៅខេត្តឧត្តរមានជ័យ និងព្រះវិហារមានតម្លៃប្រមាណតែជាង១០០រៀលប៉ុណ្ណោះ។

យោងតាមសារព័ត៌មានវៀតណាមបានចុះផ្សាយថា រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានចេញបទប្បញ្ញត្តិ និងវិធានការមួយចំនួនសម្រាប់ការរៀបចំ និងណែនាំការអនុវត្តច្បាប់សុវត្ថិភាពចំណីអាហារ ចូលទៅក្នុងប្រទេសវៀតណាម ។

មាត្រា២១ និងឧបសម្ព័ន្ធទី៣ នៃបទបញ្ញ្ញតិនេះ បានចែងថា បន្លែ និងផ្លែឈើស្រស់ៗ ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ហើយត្រូវបានត្រួតពិនិត្យដោយប្រើវិធីសាស្ត្រស្តង់ដារ រួមមាន៖ ការពិនិត្យឯកសារ ការត្រួតពិនិត្យរូបវន្តនៃទំនិញ និងការយកគំរូសម្រាប់ធ្វើតេស្តសូចនាករគុណភាព និងសុវត្ថិភាពចំណីអាហារ ជាមួយនឹងពេលវេលារង់ចាំលទ្ធផលចាប់ពី៧ ទៅ១៥ថ្ងៃ អាស្រ័យលើសូចនាករ។

ទោះជាយ៉ាងណា បើយោងតាមគណៈកម្មាធិការប្រជាជនខេត្តតៃនិញរបស់វៀតណាម ការធ្វើបែបនេះមិនសមរម្យសម្រាប់ផលិតផលកសិកម្មស្រស់ៗ ដូចជា ដំឡូងមី អង្ករ អំពៅ និងផ្លែឈើស្រស់នោះទេ ព្រោះវានឹងត្រូវខូចក្នុងពេលរង់ចាំលទ្ធផលតេស្ត៕


image_2026-02-04_09-49-55
ប្រទេសចិនទទួលបានផ្លែចេកឡាវ នាំចេញដំបូងគេ តាមទូរថភ្លើងឆ្លងដែន

ក្រុងឆុងឈីង៖ រថភ្លើងដឹកទំនិញមួយគ្រឿង ដែលដឹកផ្លែចេកនាំចេញពីប្រទេសឡាវ បានមកដល់ទីក្រុងឆុងឈីង(Chongqing) កាលពីពេលថ្មីៗនេះ ដែលជាការដឹកជញ្ជូនផ្លែចេកនាំចូលលើកដំបូង ដោយដឹកជញ្ជូនតាមផ្លូវដែកបិទជិត ទៅកាន់ផ្លូវដែកអន្តរមធ្យោបាយ។ ការដឹកជញ្ជូនផ្លែចេករបស់ឡាវនេះ តាមរយៈទូកុងតឺន័រទំហំ៤០ហ្វីត ចំនួនប្រាំគ្រឿង ដែលមានទម្ងន់សរុប៨៥,៥តោន ទៅកាន់ទីក្រុងឆុងឈីង ភាគកណ្តាលប្រទេសចិន ដោយចេញដំណើរពីទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ឆ្លងតាមកំពង់ផែផ្លូវដែកម៉ូហាន (Mohan Railway Port) ក្នុងខេត្តយូណាន មុនពេលបន្តដំណើរតាមផ្លូវដែកទៅកាន់ទីក្រុងឆុងឈីងតែម្តង។ បន្ទាប់ពីបំពេញបែបបទបញ្ចេញទំនិញរបស់ភ្នាក់ងារគយ ផ្លែចេកទាំងនេះត្រូវបានចែកចាយទៅកាន់ទីផ្សារលក់ដុំផ្លែឈើ នៅក្នុងខេត្តឆុងឈីង និងតំបន់ជុំវិញ។ យោងតាមក្រុមហ៊ុននាំចូល បានឱ្យដឹងថា តម្រូវការផ្លែចេកដាំក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។ ផ្លែចេកឡាវ មានទីផ្សារនៅក្នុងប្រទេសចិន ដោយសារតែលក្ខខណ្ឌផ្គត់ផ្គង់មានស្ថេរភាព គុណភាពល្អជាប់លាប់ និងរចនាសម្ព័ន្ធថ្លៃដើមសមរម្យ ដែលរួមចំណែកដល់បរិមាណនាំចូលផ្លែចេកកាន់តែខ្ពស់ឡើងៗ។ ការដឹកជញ្ជូនបានប្រើគំរូនៃការដឹកជញ្ជូនតភ្ជាប់ពីផ្លូវដែកមួយទៅផ្លូវដែកមួយទៀត ដែលអាចគ្រប់គ្រងសីតុណ្ហភាពបានជាប្រចាំ ក្រោមការតាមដានពីដើមទីដល់ចុងទី និងការត្រួតពិនិត្យទិន្នន័យក្នុងពេលវេលាជាក់ស្តែង។ ក្រុមហ៊ុនបានរាយការណ៍ថា ថ្លៃដើមដឹកជញ្ជូនសរុប រួមទាំងថ្លៃលើកដាក់ និងថ្លៃដាក់ចុះទំនិញ បានធ្លាក់ចុះប្រហែល១៦ភាគរយ បើធៀបនឹងវិធីដឹកជញ្ជូនមុនៗ។ ដើម្បីគាំទ្រដល់ពាណិជ្ជកម្មនាំចូលផ្លែចេកឆ្លងដែន ភ្នាក់ងារគយចិន បានដាក់ចេញនូវកម្មវិធីសាកល្បងសម្រាប់ការត្រួតពិនិត្យគោលដៅ និងការដាក់ឱ្យនៅដាច់ពីគេ ក្រោមក្របខ័ណ្ឌច្រករបៀងពាណិជ្ជកម្មដីគោកអន្តរជាតិថ្មី។ ការសម្របសម្រួលត្រូវបានពង្រឹងជាមួយភ្នាក់ងារគយគុនមីង និងភ្នាក់ងារដឹកជញ្ជូននៅកំពង់ផែឆុងឈីង ជាមួយនឹងយន្តការការងាររួមគ្នា ដែលបានបង្កើតឡើង […]

photo_2026-02-04_07-28-55 (2)
សមាគមស្វាយចន្ទីកម្ពុជា លើកឡើងពីក្តីបារម្ភសម្រាប់វិស័យស្វាយចន្ទីក្នុងសន្និសីទសកល នៅទីក្រុងឌូបៃ

ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា តំណាងដោយលោក ស៊ុយ កុកធាន ជាអនុប្រធាន បានលើកឡើងពីក្តីបារម្ភសម្រាប់វិស័យចន្ទីក្នុងសន្និសីទស្វាយចន្ទីពិភពលោក (World Cashew Conference) នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីចុងខែមករា ឆ្នាំ២០២៦នេះ។ ព្រឹត្តិការណ៍នេះ មានការប្រមូលផ្តុំអ្នកជំនាញស្វាយចន្ទីសកល និងថ្នាក់ដឹកនាំឧស្សាហកម្ម ដើម្បីពិភាក្សាអំពីកំណើនប្រកបដោយនិរន្តរភាព និងបញ្ហាប្រឈមនៃទីផ្សារ។សកម្មភាព និងកិច្ចពិភាក្សាផ្ទៃក្នុង នាអំឡុងពេលសន្និសីទនេះសន្និសីទស្វាយចន្ទីពិភពលោក បាននចូលរួមយ៉ាងសកម្មជាមួយអ្នកទិញធំៗ និងភាគីពាក់ព័ន្ធ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់កសិករ និងការពង្រឹងតួនាទីរបស់កម្ពុជា ក្នុងវិស័យស្វាយចន្ទីអន្តរជាតិ។ លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ក៏បានចូលរួមក្នុងកិច្ចពិភាក្សាផ្ទៃក្នុង (បិទទ្វារ) ជាមួយបណ្តាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅ រួមមានប្រទេសតង់ហ្សានី និងប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច ដើម្បីដោះស្រាយក្តីបារម្ភ ដែលកំពុងកើនឡើងជុំវិញកម្រិតផលិតកម្មសកល។ ការព្យាករណ៍ផលិតកម្ម និងក្តីបារម្ភលើទីផ្សារ ទិន្នផលសកល ក្នុងឆ្នាំ២០២៥ ទិន្នផលគ្រាប់ស្វាយចន្ទីឆៅទូទាំងពិភពលោកសម្រេចបាន៥,៥លានតោន។ ការព្យាករណ៍បង្ហាញថា តួលេខនេះអាចកើនឡើងដល់ប្រាំពីរលានតោននៅឆ្នាំ២០៣០ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះនៃតម្លៃ។ លោកបាន​លើកឡើងថា ការរីកចម្រើននៅបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច ជាពិសេសប្រទេសនីហ្សេរីយ៉ា កំពុងរៀបចំផែនការពង្រីកទ្រង់ទ្រាយធំ ជាមួយនឹងគំនិតផ្តួចផ្តើមដាំដើមស្វាយចន្ទីថ្មីប្រមាណ១៨លានដើម។ ស្ថានភាពផលិតកម្មនៅកម្ពុជា ដែលបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅ ធំជាងគេទីពីរនៅលើពិភពលោក បានបង្ហាញសញ្ញានៃផលិតកម្មស្ថិរភាព។ […]

image_2026-02-04_08-57-47
ឥណ្ឌូណេស៊ីនាំចូលគោរស់ជាង១ ៣០០ក្បាលពីអូស្ត្រាលី ដើម្បីចិញ្ចឹមយកទឹកដោះ

ហ្សាកាតា៖ មន្ត្រីកសិកម្មឥណ្ឌូណេស៊ី បាននិយាយថា ក្នុងសប្តាហ៍នេះ ប្រទេសឥណ្ឌូណេស៊ីបាននាំចូលគោរស់ចំនួន ១,៣៨៣ក្បាលបន្ថែមទៀតពីប្រទេសអូស្ត្រាលី ដែលជាផ្នែកមួយនៃផែនការចំណាយ៣ពាន់លានដុល្លារ ដើម្បីលើកចិត្តកសិករខ្នាតតូចឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនទិន្នផលទឹកដោះគោឱ្យកើនឡើងកាន់តែច្រើន។ សេចក្តីការណ៍កាលពីឆ្នាំមុន បានលើកឡើងថា ដោយសារប្រឈមនឹងបញ្ហាមូលនិធិមានកម្រិត ទើបរដ្ឋាភិបាលឥណ្ដូណេស៊ីជំរុញឱ្យក្រុមហ៊ុនឯកជនជួយផ្តល់មូលនិធិដល់ការទិញគោនេះ ដែលជាជម្រើសមិនសូវល្អធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអាជីវកម្មចិញ្ចឹមគោក្នុងប្រទេសឥណ្ឌូណេស៊ី។ ចំណែកលោក​ អាគុង ស៊ូហ្គានដា (Agung Suganda) អគ្គនាយកទីភ្នាក់ងារបសុសត្វ និងសុខមាលភាពសត្វ របស់ក្រសួងកសិកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គោទាំងនេះមិនត្រឹមតែជាការបន្ថែមលើចំនួនគោមានស្រាប់ប៉ុណ្ណោះទេ។ វាជាការវិនិយោគបែបយុទ្ធសាស្ត្រដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការផលិតទឹកដោះគោជាតិពីកសិដ្ឋានខ្នាតតូច»។ ចំណុចសំខាន់នៃកម្មវិធីអាហារឥតគិតថ្លៃ ដែលផ្តោតសំខាន់លើកុមារ និងស្ត្រីមានផ្ទៃពោះប្រមាណ៨៣លាននាក់ នៅទូទាំងប្រទេស បានអំពាវនាវឱ្យមានការនាំចូលគោទឹកដោះយកគោចំនួនមួយលានក្បាលក្នុងរយៈពេលប្រាំឆ្នាំ ដើម្បីបង្កើនចំនួនគោយកទឹកដោះ ដែលសព្វថ្ងៃត្រឹម២២ម៉ឺនក្បាល។ ក្រសួងកសិកម្មឥណ្ឌូណេស៊ី បាននិយាយថា ការនាំចូលគោរស់នាពេលកន្លងមក រួមមានការដឹកជញ្ជូនរួមគ្នា និងការបង្កាត់ពូជ ដែលពាក់ព័ន្ធនឹងគោរបស់សហគមន៍ និងកសិករ ចាប់តាំងពីឆ្នាំមុន ដោយទិន្នផលទឹកដោះគោរបស់ពួកគាត់ នឹងបញ្ជូនទៅឱ្យឧស្សាហកម្មកែច្នៃទឹកដោះគោ ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ទឹកដោះគោ។ មន្ត្រីផ្នែកសុខភាពសត្វនៅក្រសួងកសិកម្មឥណ្ឌូណេស៊ី បាននិយាយថា ការនាំចូលគោយកទឹកដោះគោ ក្នុងពេលថ្មីៗនេះ បានជួបបញ្ហាប្រឈមនឹងការធ្វើចត្តាឡីស័ក្ត និងការត្រួតពិនិត្យរកជំងឺឆ្លងផ្សេងៗ បន្ទាប់ពីបានដឹកមកដល់ខេត្តជ្វាកណ្តាល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ដើម្បីធានាដល់សុវត្ថិភាពសត្វ ការធ្វើចត្តាឡីស័ក្តមានរយៈពេល១៤ថ្ងៃ […]

image_2026-02-02_09-56-51
រលកកម្តៅនៅអូស្ត្រាលីបំផ្លាញផ្លែស្វាយ របស់កសិករនៅភាគខាងលិច

ទីក្រុងកាណាវុន៖ ផលប៉ះពាល់នៃរលកកម្តៅ កាលពីសប្តាហ៍មុន នៅក្នុងតំបន់ភាគខាលិចប្រទេសអូស្ត្រាលី ត្រូវបានគេរំពឹងថា មិនមែនតែក្តៅខ្លាំងនៅតាមវាលប៉ុណ្ណោះទេ ដោយអ្នកដាំដំណាំហូបផ្លែនៅទីក្រុងកាណាវុន បានវាយតម្លៃអំពីទំហំខូចខាតដោយសារសីតុណ្ហភាពឡើងកម្តៅខុសពីធម្មតា។ កាលពីដើមសប្តាហ៍មុន សីតុណ្ហភាពបានកើនឡើងលើសពី៤០អង្សាសេ ដោយទីក្រុងកាណាវុន មានកម្តៅខ្លាំងបំផុតរហូត៤៧,៩អង្សាសេ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដែលជាកម្រិតកម្តៅខ្ពស់បំផុតលើសកាលពីឆ្នាំ២០១៥។ កសិករដាំស្វាយនៅក្នុងតំបន់ម្នាក់ បាននិយាយថា រលកកម្តៅបានបង្កផលប៉ះពាល់ដល់ផ្លែស្វាយរបស់គាត់ ដែលជិតដល់ពេលប្រមូលផល និងធ្វើឱ្យខាងបង់ថវិកាប្រហែល៦៦ ០០០ដុល្លារ ចំណែកវិស័យផ្លែឈើផ្សេងទៀត ជាពិសេសផ្លែទំពាំងបាយជូរ និងចេក ទំនងជាប្រឈមនឹងការខាតបង់ច្រើនដែរ។ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សីតុណ្ហភាពនៅតំបន់កាណាវុន បានធ្លាក់ចុះមកវិញដល់កម្រិតអតិបរមា២៨អង្សាសេ ប៉ុន្តែកសិករបាននិយាយថា សីតុណ្ហភាពចុះត្រជាក់យឺតពេលបន្តិចហើយ ព្រោះដំណាំរបស់ពួកគាត់បានខូចដោយសាររលកកម្តៅរួចទៅហើយ។ មន្ត្រីទីក្រុងកាណាវុន និងជាអ្នកដាំស្វាយម្នាក់ បាននិយាយថា ផ្លែស្វាយរបស់លោកបានខូចខាតច្រើនណាស់ ដោយសាររលកកម្តៅកើតឡើងតែបីថ្ងៃសោះ។ ចំណែកអ្នកវិទ្យាសាស្ត្រ ដែលធ្លាប់ធ្វើការជាមួយក្រសួងឧស្សាហកម្ម និងការអភិវឌ្ឍន៍ក្នុងតំបន់ និងជាអ្នកធ្លាប់បានស្រាវជ្រាវលក្ខខណ្ឌផលិតកម្ម នៅក្នុងតំបន់នោះ បាននិយាយថា កត្តានៅក្នុងតំបន់ក៏មានចំណែកបង្កឱ្យមានគ្រោះឡើងកម្តៅផងដែរ។ លោកស្រីបានមានប្រសាសន៍ថា យុទ្ធសាស្ត្រសំខាន់មួយនៅក្នុងទីក្រុងកាណាវុន គឺត្រូវស្រោចទឹកដំណាមឱ្យបានច្រើនបំផុតក្នុងអំឡុងពេលរលកកម្តៅ។ ប៉ុន្តែ ទឹកនៅតំបន់នេះ​មានជាតិប្រៃច្រើនណាស់ ដូច្នេះធ្វើឱ្យរុក្ខជាតិពិបាកលូតលាស់។ ជាពិសេស នៅពេលសីតុណ្ហភាពក្តៅខ្លាំងបែបនេះ ទឹកប្រៃនឹងធ្វើឱ្យដំណាំរឹតតែពិបាកលូតលាស់កាន់តែខ្លាំង។ […]

កាលវិភាគផ្សព្វផ្សាយ