តៃប៉ិ៖ ផ្លែក្រូចឃ្វិចតៃវ៉ាន់ បានត្រឡប់ចូលទីផ្សារម៉ាឡេស៊ីឡើងវិញ នៅឱកាសមុនពិធីបុណ្យចូលឆ្នាំចិន ដោយក្រូចនេះត្រូវបានផ្គត់ផ្គង់ចេញពីទីក្រុងតៃជុង (Taichung) ជាតំបន់ផលិតផលក្រូចឃ្វិចតាមរដូវកាល របស់កោះតៃវ៉ាន់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។
កម្មវិធីនាំចេញនេះ ត្រូវបានរៀបចំឡើងដោយសមាគមកសិករក្នុងស្រុក ដោយមានការគាំទ្រពីក្រសួងកសិកម្មតៃវ៉ាន់ និងការិយាល័យកសិកម្មទីក្រុងតៃជុង និងផ្តោតលើការរក្សាវត្តមាននាំចេញផលិតផលផ្លែក្រូចឃ្វិច ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសម៉ាឡេស៊ី សិង្ហបុរី និងប្រទេសប្រ៊ុយណេ។
យោងតាមអ្នករៀបចំកម្មវិធីនាំចេញ បានឱ្យដឹងថា ការដឹកជញ្ជូននាំចេញផ្លែក្រូចឃ្វិចលើកដំបូងក្នុងបរិមាណប្រហែល១៥តោន បានមកដល់ប្រទេសម៉ាឡេស៊ីរួចរាល់ហើយ។ ផ្លែក្រូចឃ្វិចទាំងនេះ ត្រូវបានចែកចាយនៅទូទាំងប្រទេស តាមរយៈបណ្តាញលក់រាយ និងផ្សារទំនើបនៅក្នុងប្រទេសម៉ាឡេស៊ី។ ចំណែកការនាំចូលផលិតផលផ្លែក្រូចនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនម៉ាឡេស៊ី។
ការិយាល័យកសិកម្មក្រុងតៃជុង បាននិយាយថា ផលិតកម្មក្រូចឃ្វិចក្នុងស្រុកឆ្នាំនេះ ផ្តល់ទិន្នផលល្អ ដោយសារកម្រិតទឹកភ្លៀងគ្រប់គ្រាន់ អាកាសធាតុអំណោយផល និងស្ថានភាពដីល្អសមស្របសម្រាប់ការដាំដុះដំណាំក្រូចឃ្វិច។ ទោះបីជាមានបញ្ហាអាកាសធាតុខ្លះក៏ដោយ ដូចជាសីតុណ្ហភាពទាប និងព្យុះទីហ្វុងក៏ដោយ ក៏បរិមាណផ្គត់ផ្គង់ និងគុណភាពផ្លែក្រូចនៅតែល្អដដែល។
លោក ចេម ចាង (James Chang) នាយកផ្នែកសេដ្ឋកិច្ចនៅការិយាល័យសេដ្ឋកិច្ច និងវប្បធម៌តៃប៉ិ ក្នុងប្រទេសម៉ាឡេស៊ី បានថ្លែងថា តម្រូវការក្រូចឃ្វិចក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅឆ្នាំនេះ មានបរិមាណច្រើនលើសពីបរិមាណអាចរកបាន ដែលបង្ហាញពីការស្រូបយកការលក់រាយប្រកបដោយស្ថិរភាព។
ដោយសារតែការពេញនិយមទទួលទាននេះ ទើបធ្វើឱ្យផ្លែក្រូចឃ្វិចតៃវ៉ាន់ត្រូវដាក់លក់នៅលើទីផ្សារ ហើយត្រូវបានចាត់ទុកថា ជាផលិតផលសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលកើតឡើងដដែលៗនៅក្នុងទីផ្សារនាំចេញមួយនេះ។ ការដឹកជញ្ជូនបច្ចុប្បន្ន បានឆ្លុះបញ្ចាំងពីការបន្តលំហូរពាណិជ្ជកម្មរវាងតៃវ៉ាន់ និងម៉ាឡេស៊ី។
ចំណែកពិធីសម្ពោធនៃការនាំចូលក្រូចឃ្វិចតៃវ៉ាន់នេះ ត្រូវបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមពីតំណាងមកពីភាគីតៃវ៉ាន់ និងម៉ាឡេស៊ី រួមមានមជ្ឈមណ្ឌលពាណិជ្ជកម្មតៃវ៉ាន់-កូឡាឡាំពួរ សមាគមកសិករ សភាពាណិជ្ជកម្ម និងឧស្សាហកម្មតៃវ៉ាន់ ប្រចាំប្រទេសម៉ាឡេស៊ី៕












