ដោយ ឡុង សារេត
ភ្នំពេញ៖ ប្រធានសមាគមកសិកម្មទំនើបសំបូរុងរឿង ខេត្តកំពង់ធំបានអះអាងថា នៅក្នុងរដូវកាលប្រមូលផលគ្រាប់ស្វាយចន្ទីនៅដើមរដូវឆ្នាំ២០២៦នេះ ស្វាយចន្ទីកំពុងមានទីផ្សារល្អជាងឆ្នាំ២០២៤និង២០២៥។
ពោលចាប់តាំងពីថ្ងៃទី២០ខែមករា រហូតដល់សប្តាហ៍ទី១ នៃខែកុម្ភៈកសិករអាចលក់គ្រាប់ស្វាយចន្ទីឆៅបានពី៦៣០០រហូតដល់ជាង៧០០០រៀលក្នុងមួយគីឡូក្រាម។
លោក ញូង ធីម ប្រធានសហគមន៍កសិកម្មទំនើបសំបូររុងរឿង បានឱ្យដឹងថា នៅប៉ុន្មានថ្ងៃកន្លងទៅនេះកសិករនៅតំបន់មួយចំនួនក្នុងខេត្តកំពុងធំបានចាប់ផ្តើមប្រមូលផលគ្រាប់ស្វាយចន្ទីលក់ឱ្យឈ្មួញបានថ្លៃ៦៣០០រៀល ហើយនៅកន្លែងខ្លះទៀតបើកសិករយកលក់ឃ្លាំងបានថ្លៃ៦៦០០រៀល និងនៅតាមដេប៉ូប្រមូលទិញគ្រាប់ស្វាយចន្ទីខ្លះហ៊ានទិញពីកសិករដល់៧២០០រៀលក្នុងមួយគីឡូក្រាម។
បើតាមប្រធានសហគមន៍ខាងលើ, ឈ្មួញកណ្តាលចាប់ផ្តើមប្រមូលទិញគ្រាប់ស្វាយចន្ទីឆៅពីកសិករក្នុងខេត្តតាំងពីថ្ងៃទី២០ខែមករា ហើយបើគិតរហូតមកដល់សប្តាហ៍ទី១នៃ ខែកុម្ភៈ សម្រាប់គ្រួសារលោក បានលក់គ្រាប់ស្វាយចន្ទីឆៅទៅឱ្យឈ្មួញបានបានប្រមាណ២០០គីឡូក្រាម ដោយក្នុងមួយគីឡូថ្លៃ៦៣០០រៀល។
លោកបន្តថា “យើងសង្កេតឃើញកសិករលក់គ្រាប់ស្វាយចន្ទីបានថ្លៃទើបនៅឆ្នាំង២០២៥-២០២៦)ខុសប្លែកពីពេលមុនៗ។ ឆ្នាំមុនតម្លៃស្វាយចន្ទីកសិករលក់បានថ្លៃជាង៥០០០រៀលក្នុងមួយគីឡូក្រាម។ ប៉ុន្តែនៅឆ្នាំនេះក្នុងពេលប្រមូលផលដើមរដូវកសិករដាំស្វាយចន្ទីលក់បានថ្លៃជាង៦០០០រៀល”។
បើតាមលោក ញូង ធីម នៅដើមរដូវប្រមូលផលស្វាយចន្ទីឆ្នាំ២០២៦នេះ គ្រាប់ស្វាយចន្ទីឆៅមានទីផ្សារល្អបែបនេះមិនថាកសិករនោះទេ សូម្បីតែរូបលោកមានសប្បាយចិត្តជាពុនពែក ហើយរំពឹងថាគ្រាប់ស្វាយចន្ទីអាចនិងឡើងថ្លៃខ្លះបន្ថែមទៀតនៅពេលខាងមុខ ខណៈការប្រមូលផលគ្រាប់ស្វាយចន្ទីរបស់កសិករដែលជាសមាជិករបស់សមាគមទើបចាប់ផ្តើមបានប្រមាណ៣០ភាគរយនៃចំនួនកសិករសរុប។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាទទួលស្គាល់ថា តាមពិតទៅស្វាយចន្ទីចាប់ផ្តើមដំបូងៗនេះវាតម្លៃល្អជាងឆ្នាំ២០២៥និងល្អជាងឆ្នាំ២០២៤កន្លងទៅ។ ព្រោះនៅឆ្នាំ២០២៤និង២០២៥កន្លងទៅកសិករអាចលក់បានថ្លៃ៦៦០០រៀលទេក្នុងមួយគីឡូក្រាម។ ប៉ុន្តែនៅឆ្នាំ២០២៦នេះ ពោលនៅថ្ងៃទី១៩ខែមករាកន្លងទៅនេះ កសិករដាំស្វាយចន្ទីនៅចំម្កាលើ លក់បាន៧៣០០រៀល។ដូចនេះតម្លៃស្វាយចន្ទីនៅដើមឆ្នាំ២០២៦នេះ ខ្ពស់ជាង២ឆ្នាំកន្លងទៅ។
បើតាមលោក អួន ស៊ីឡុត, គ្រាប់ស្វាយចន្ទីកម្ពុជាមានទីផ្សារល្អដូចពេលនេះ ដោយសារក្រសួងពាណិជ្ជកម្ម បានធ្វើពិពិធកម្មទីផ្សារបានច្រើន។ ចំណែកសមាគមស្វាយចន្ទីកម្ពុជាជាផ្នែកមួយជួយបំពេញនូវចន្លោះប្រហោងមួយចំនួន តាមរយៈការធ្វើជំនួបធុរកិច្ចរវាងអ្នកលក់និងអ្នកទិញបានចំនួនពីរដងកាលពីឆ្នាំកាលនៅចុងឆ្នាំ២០២៥ និងនៅឆ្នាំ២០២៦នេះ៕








