ដោយ អៀវ ឈៀងនី
ភ្នំពេញ៖ ក្រៅពីដំណាំស្រូវ សហគមន៍កសិកម្មទំនើបស្រូវនាងអំ មានទីតាំងនៅភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងមមាញឹកសាងសង់ផ្ទះសំណាញ់ ដើម្បីដាំដុះបន្លែសុវត្ថិភាពបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្រោយពីចាប់ផ្តើមដំណើរការតាំងពីខែមីនា ឆ្នាំ២០២៤។
លោកស្រី ឈិន សុភាសី ប្រធានសហគមកសិកម្មទំនើបស្រូវនាងអំ បានប្រាប់ទូរទស្សន៍នអនឡាញ ARDB ថា បច្ចប្បន្ន ផ្ទះសំណាញ់ចំនួន៥០ផ្ទះ សម្រាប់ដាំដុះបន្លែសុវត្ថិភាព ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ត្រូវបានសាងសង់សម្រេចលទ្ធផល៧០ភាគរយហើយ។
លោកស្រីបន្តថា ឥឡូវនេះយើងកំពុងរៀបចំដី ក្នុងផ្ទះសំណាញ់ជាបណ្តើរៗ និងបណ្ដុះកូនដំណាំឆាប់ៗនេះ ដែលមានការដាំដុះបន្លែចំនួន៣ប្រភេទ រួមមានស្ពៃក្រញាញ់ ស្ពៃតឿ និងស្ពៃចង្កឹះ ដោយគោលដៅទីផ្សារបន្លែនេះ ផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនស្រេចតែម្ដង។
ចំពោះការដាំដុះស្រូវនាងអំវិញ សហគមន៍នៅតែបន្ត ដោយលោកស្រី ឈិន សុភាសី បានឱ្យដឹងថា ការផលិតស្រូវនាងអំចំណី ក្នុងឆ្នាំ២០២៥ បានទិន្នផលចំនួន៥៦៣,៩៦៥គីឡូក្រាម, នាងអំពូជ បានចំនួន៥១,១២៥គីឡូក្រាម និងស្រូវខា៩ បានចំនួន៨០,៧៩៣គីឡូក្រាម ដោយផ្ទៃដីដាំដុះក្នុងឆ្នាំ២០២៥ មានចំនួន៥១០ហិកតា។
លោកស្រី ឈិន សុភាសី បន្តថា មូលហេតុដែលជំរុញឱ្យលោកស្រីបង្កើតផ្ទះសំណាញ់ដាំដុះបន្លែសុវត្ថិភាពបន្ថែមនេះឡើងដោយសារតែលោកស្រីយល់ឃើញថា ការផលិតស្រូវ គឺធ្វើបានតែមួយដងក្នុងមួយឆ្នាំ ដូច្នេះហើយទើបលោកស្រី ត្រូវបង្កើតមុខរបនេះឱ្យសមាជិករបស់គាត់ មានចំណូលបន្ថែមទៀតក្រៅពីដំណាំស្រូវ។
លោកស្រីរំពឹងថា ការដាំដុះនៅក្នុងផ្ទះសំណាញ់នេះ អាចផលលិតបន្លែបានបិរមាណមួយតោនក្នុងមួយថ្ងៃ និងអាចចែកចាយនៅក្នុងខេត្តសៀមរាប ដោយអាចរួមចំណែកបំពេញតម្រូវការខ្វះខាតបន្លែសុវត្ថិភាពក្នុងកម្រិតមួយ។
ការបង្កើតសហគមន៍កសិកម្មទំនើប គឺមានគោលដៅប្រែក្លាយការធ្វើកសិកម្មពីលក្ខណៈគ្រួសារ ទៅជាកសិពាណិជ្ជកម្ម ដែលមានលទ្ធភាពប្រកួតប្រជែងខ្ពស់ទាំងថ្លៃដើម បរិមាណ និងគុណភាព ហើយកសិករជាសមាជិក គឺអាចទទួលបានអត្ថប្រយោជន៍ច្រើន។ បច្ចុប្បន្ន ការបង្កើតសហគមន៍កសិកម្មទំនើប ផ្ដល់អាទិភាពសម្រាប់តែដំណាំបួនប្រភេទប៉ុណ្ណោះ គឺស្វាយចន្ទី ស្រូវ ម្រេច និងបន្លែ។
ដើម្បីគាំទ្រដល់ផលិតកម្មបន្លែ ចិញ្ចឹមមាន់ ដំណាំម្ទេស ស្វាយចន្ទី និងស្វាយចន្ទីកែច្នៃ ធនាគារ ARDB នឹងផ្តល់ឥណទានចំនួន៦០ភាគរយ នៃផែនការវិនិយោគដល់សហគមន៍កសិកម្មទំនើប សរុបចំនួន ១១ តាមរយៈពិធីចុះហត្ថ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងមួយ ដើម្បីបំពេញបន្ថែមទុនវិនិយោគរវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) និងសហគមន៍កសិកម្មទំនើប។
បើតាមកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប បានឱ្យដឹងថា សហគមន៍កសិកម្ម គឺជាសហគ្រាសសេដ្ឋកិច្ចកសិកម្ម ដែលមានប្រជាកសិករខ្លួនឯងផ្ទាល់ រួមគ្នាធ្វើជាម្ចាស់កម្មសិទ្ធិ។ ចាប់ពីឆ្នាំ២០០៣ ដល់ ឆ្នាំ២០២២ សហគមន៍កសិកម្មនៅកម្ពុជា សរុបមានចំនួន ១ ២៥១សហគមន៍ មានសមាជិកសរុប១៧០ ២០៨នាក់ ដែល៦៣ភាគរយជាស្ត្រី ស្មើនឹង៥,៩ភារយនៃចំនួនកសិករសរុបទូទាំងប្រទេស៕








