ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ១២០២៦ បានឱ្យដឹងថា កសិករ និងអ្នកនេសាទ ហ្វីលីពីនជិតបីលាននាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងរបស់រដ្ឋាភិបាល ក្រោមកញ្ចប់ថវិកាច្រើនជាងមុន។
យោងតាមច្បាប់ស្តីពីការអនុគ្រោះទូទៅ ឆ្នាំ២០២៦ ក្រុមហ៊ុនសាជីវកម្មធានារ៉ាប់រងដំណាំហ្វីលីពីន (Philippine Crop Insurance Corp.) បានធានាការទូទាត់ចំនួន៦,៥ពាន់លានប៉េសូ ឬស្មើនឹង១១០លានដុល្លារ ដោយកើនឡើង៤៥ ភាគរយ ធៀបនឹងទឹកប្រាក់ទំហំ៤,៥ពាន់លានប៉េសូ ឬស្មើនឹង៧៦លានដុល្លារ កាលពីឆ្នាំ២០២៥។
តាមរយៈកញ្ចប់ថវិកាដ៏ច្រើនសម្រាប់ឆ្នាំ២០២៦នេះ ក្រុមហ៊ុនធានារ៉ាប់រងអាចការពារកសិករ និងអ្នកនេសាទ ក្នុងស្រុកបានប្រហែល២,៩៣លាននាក់ ដែលខ្ពស់ជាង២៥ភាគរយ បើធៀបនឹងអ្នកផលិតស្បៀងអាហារ ដែលមានធានារ៉ាប់រងចំនួន២,៣៥លាននាក់ នៅឆ្នាំ២០២៥។
ក្រសួងកសិកម្មហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ថវិកាបង្កើនឡើងនេះនឹងប្រែក្លាយទៅជាការធានារ៉ាប់រងខ្ពស់សម្រាប់ដំណាំស្រូវ និងពោត និងការឈានទៅបង្កើតកម្មវិធីធានារ៉ាប់រងដោយឥតគិតថ្លៃ នៅទូទាំងប្រទេសហ្វីលីពីន។
ចំណែកការទូទាត់ប្រាក់សំណងច្រើនបំផុតសម្រាប់ការខូចខាតដំណាំស្រូវ និងពោត បានកើនឡើងដល់២៥ ០០០ប៉េសូ ឬស្មើនឹង៤២៣ដុល្លារ ក្នុងមួយហិកតា ដែលខ្ពស់ជាងប្រាក់សំណងចំនួន២០ ០០០ប៉េសូ ឬស្មើនឹង៣៣៨ដុល្លារ កាលពីឆ្នាំ២០២៥។
ក្រោមការធានារ៉ាប់រងដល់ផលដំណាំនេះ ក្រុមហ៊ុននឹងទទួលខុសត្រូវសងរាល់ការខូចខាតផលដំណាំដោយសារគ្រោះធម្មជាតិ សត្វល្អិតបំផ្លាញ និងជំងឺឆ្លងរាតត្បាត។ រីឯផលិតផលផ្សេងទៀត ដែលទទួលបានការធានារ៉ាប់រងដែរ គឺដំណាំដែលមានតម្លៃខ្ពស់ ក្នុងវិស័យជលផល វារីវប្បកម្ម បសុសត្វ និងទ្រព្យសម្បត្តិកសិកម្ម ដែលមិនមែនជាដំណាំ។
ការធានារ៉ាប់រងដោយឥតគិតថ្លៃនេះ ក៏នឹងរួមបញ្ចូលផងដែរនូវកសិករដាំដូង ដែលត្រូវបានចុះបញ្ជីក្នុងប្រព័ន្ធចុះបញ្ជីកសិករដូងនៅថ្នាក់ជាតិ។
នៅទូទាំងប្រទេសហ្វីលីពីន យ៉ាងហោចណាស់មានកសិករដាំដូងចំនួន៧១៤ ០០០ នាក់ ត្រូវបានរំពឹងថា នឹងទទួលបានការធានារ៉ាប់រងនៅក្នុងឆ្នាំ២០២៦នេះ រួមជាមួយនឹងជំនួយជាទឹកប្រាក់ចំនួន៥០០លានដុល្លារ ពីមូលនិធិកសិករដាំដូង និងមូលនិធិឧស្សាហកម្មហ្វីលីពីន ដែលកាលពីឆ្នាំ២០២៥ បានកសិករដាំដូងចំនួន ៦៤០,០០០ នាក់ ដែលត្រូវបានធានារ៉ាប់រង។
កសិករ និងអ្នកនេសាទហ្វីលីពីន ត្រូវតែចុះបញ្ជីនៅក្នុងប្រព័ន្ធចុះបញ្ជីរបស់រដ្ឋាភិបាលសម្រាប់វិស័យសំខាន់ៗក្នុងផ្នែកកសិកម្ម ដើម្បីមានសិទ្ធិទទួលបានការធានារ៉ាប់រង ដែលផ្តល់មូលនិធិក្រោមច្បាប់ទូទៅនៃការឧបត្ថម្ភធនបុព្វលាភរបស់រដ្ឋាភិបាល។
សម្រាប់ឆ្នាំ២០២៦នេះ ចំនួនកសិករ និងចំនួនអ្នកនេសាទហ្វីលីពីន ដែលទទួលបានការឧបត្ថម្ភធន និងមិនទទួលបានការឧបត្ថម្ភធន ត្រូវបានព្យាករណ៍ថា មានចំនួន៣,៦៨លាននាក់ គឺកើនឡើង១២ភាគរយ ដែលកាលពីឆ្នាំមុន មានចំនួនត្រឹមតែ៣,២៩លាននាក់ប៉ុណ្ណោះ៕










