ដោយ ជិន ម៉ាដេប៉ូ
កំពង់ស្ពឺ៖ តាមរយៈការកែច្នៃទីធ្លាមុខផ្ទះ និងចំហៀងផ្ទះ ដែលសល់ដីទំនេរចោល បានជួយឱ្យកសិករមួយរូប នៅខេត្តកំពង់ស្ពឺ មិនត្រឹមតែអាចធ្វើកសិកម្មដាំដុះបន្លែច្រើនមុខសម្រាប់ទុកលក់រកចំណូលបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយឱ្យគាត់អាចទុកបរិភោគបន្លែធម្មជាតិក្នុងក្រុមគ្រួសារថែមទៀត។
ក្នុងរងបន្លែខ្វាត់ខ្វែង ដែលមានទំហំប្រមាណជាងមួយពាន់ម៉ែត្រការ៉េ បន្លែប្រមាណជាង១០មុខ ត្រូវបានរីកដុះខៀវបៃតង ល្មមអាចកាត់លក់បាន ធ្វើឱ្យអតិថិជនមិនថា អ្នកភូមិ ឬអ្នកធ្វើដំណើរតាមផ្លូវខ្លះចូលទៅទិញសម្រាប់យកទៅចម្អិនធ្វើម្ហូបអាហារ។
លោក ព្រហ្ម ថា សព្វថ្ងៃរស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ថា ចៀសវាងទុកទំនេរ ក្រុមគ្រួសាររបស់លោកបាននាំគ្នាសាកល្បងដាំដំណាំជាបន្លែបង្កា នៅលើដីក្បែរផ្ទះ និងមុខផ្ទះ ហើយឥឡូវនេះ បានហុចផលមកគួរជាទីគាប់ចិត្ត។
ក្នុងការដាំត្រឹមតែរយៈពេលមួយខែ ពេលនេះមិនថា ជាស្ពៃ ត្រកួន សណ្តែកកួរជាដើម កំពុងហុចផលល្អណាស់ ដោយលោកអាចកាត់លក់បានរៀងរាល់ថ្ងៃ។ បន្លែមិនថា ជាស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្រញាញ់ ត្រកួន សណ្តែកកួរ កំពុងផ្លែ លោកអាចកាត់លក់បានយ៉ាងសប្បាយចិត្ត។
ក្នុងវ័យ៤០ឆ្នាំប្លាយ លោក ព្រហ្ម ថា បានប្រាប់ឱ្យដឹងដែរថា សម្រាប់ស្ពៃចង្កឹះ ឬស្ពៃតឿ លោកអាចលក់បានក្នុងមួយគីឡូក្រាមថ្លៃ២ ០០០ ទៅ២៥០០រៀល។ ដោយឡែកត្រកួនលក់បាន២ ០០០រៀល និងសណ្តែកកួរវិញ ថ្លៃ៤ ០០០ ទៅ៥០០០រៀល ធ្វើឱ្យលោកសប្បាយចិត្តណាស់។ ទោះបីជាការលក់នេះមិនចំណេញច្រើនក្តី តែលោកសប្បាយចិត្តពីព្រោះថា បានដាំបន្លែធម្មជាតិសម្រាប់លក់ ហើយពិសេសបន្លែទាំងនេះលោកបេះយកទៅធ្វើម្ហូបក្នុងគ្រួសារដោយឥតព្រួយបារម្ភពីសារជាតិគីមី ទៀតផង។
តាមរយៈប្រាក់ចំណូលបានមកពីការលក់បន្លែ ក្បែរផ្ទះនេះដែរ លោកបានឱ្យដឹងផងថា លោកអាចយកមួយចំណែកទៅផ្គត់ផ្គង់គ្រួសារ ហើយអ្វីដែលោកសប្បាយចិត្តបំផុតនោះ គឺនៅពេលឃើញបន្លែរបស់លោកដុះលូតលាស់ល្អ ហើយមានអតិថិជនចូលមករទិញរៀងរាល់ថ្ងៃ។
លោក ព្រហ្ម ថា ក៏បានប្រាប់ដែរថា ការដាំបន្លែនៅផ្បែរផ្ទះនេះ គឺលោកទើបសាកល្បងបានប៉ុន្មានខែប៉ុណ្ណោះ ឃើញថាពេលនេះហុចលទ្ធផលល្អប្រសើរ ធ្វើឱ្យលោកមានកម្លាំងចិត្តក្នុងការដាំដុះបន្តទៀត។ ក្នុងនេះយ៉ាងហោចណាស់ជួយឱ្យលោករកចំណូលបានប្រមាណមួយលានក្នុងការដាំមួយវគ្គៗថែមទៀត។
ចំណែកអ្នកស្រី សឿន ប៉ិច ជាអ្នករស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ដែលបានមកទិញស្ពៃ របស់លោក ព្រហ្ម ថាបានប្រាប់ឱ្យដឹងថា អ្នកស្រីសប្បាយចិត្ត ដែលមានអ្នកភូមិដាំបន្លែ ពីព្រោះថា ក្រៅពីមានតម្លៃថោកហើយ នៅជាស្ពៃល្អ គ្មានសារជាតិគីមី ដែលមិនប៉ះពាល់សុខភាព។
ស្រ្តីទិញបន្លែរូបនេះបានបញ្ជាក់ប្រាប់បន្ថែមថា ចង់ឃើញអ្នកភូមិដាំដំណាំ ជាបន្លែ ផ្លែឈើសម្រាប់ទុកបរិភោគ ពីព្រោះថា ក្រៅពីជួយឱ្យរកចំណូលដល់ពួកគាត់ហើយ ជាពិសេសយើងគ្រប់គ្នាមិនរងគ្រោះដោយសារតែបន្លែគីមីនាំចូលពីក្រៅប្រទេសផង។
ដោយឡែក ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានថ្លែងបញ្ជាក់ប្រាប់ថា នៅពេលនេះក្នុងចំណោមសហគមន៍ទំនើបចំនួន៣០ ដែលក្រសួងទើបបានបង្កើតឡើងមានប្រមាណ១០សហគមន៍ហើយ ដែលជាសហគមន៍ដាំបន្លែ។ សម្រាប់នាពេលខាងមុខក្រសួងគ្រោងនឹងបង្កើតសហគមន៍ដាំបន្លែ និងជំរុញដល់ពលរដ្ឋធ្វើការដាំបន្លែដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារទាំងស្រុក ដោយមិនចាំបាច់ពឹងផ្អែកលើបន្លែនាំចូលពីក្រៅប្រទេសទៀតឡើយ។
បើតាមការលើកឡើងពីសំណាក់ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS)នាកន្លងមក បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចូលបន្លែពីក្រៅប្រទេសមានចំនួនប្រមាណ២០០តោន ទៅជាង៤០០តោន ក្នុងមួយថ្ងៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ បន្លែទាំងនោះភាគច្រើននាំចូលពីប្រទេសវៀតណាម និងថៃ។
ជាមួយគ្នានេះ លោកបានឱ្យដឹងដែរថា ការនាំចូលបន្លែ គេបានធ្វើការបែងចែកជា៣រដូវកាល ក្នុងនោះកម្ពុជានាំចូលជាង២០០តោន នៅរដូវត្រជាក់ ចន្លោះពីខែធ្នូ ដល់ខែកុម្ភៈ។ ចំណែករដូវប្រាំង និងរដូវវស្សា កម្ពុជានាំចូលបន្លែរហូតដល់៤០០តោនក្នុងមួយថ្ងៃ ដែលភាគច្រើននាំចូលពីប្រទេសវៀតណាម ហើយប្រទេសកម្ពុជា ចំណាយថវិកាជាង២០០លានដុល្លារសម្រាប់ទិញបន្លែក្នុងមួយឆ្នាំៗ ក្នុងការនាំចូលបន្លែពីបរទេស មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក៕








