អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជានៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ចង្រឹតដែកដែលចិញ្ចឹមដោយប្រជាកសិករក្នុងខេត្តតាកែវ ចំនួន៦០គ្រួសារ បានកែច្នៃជាម្ស៉ៅចង្រឹតសម្រាប់នាំចេញទៅប្រទេសជប៉ុនក្នុងឆ្នំា២០២២ មានចំនួន ១៥តោនធ្វើជាមុខម្ហូបអាហារបែបថ្មី ហើយនៅក្នុងរយៈពេល ៣ឆ្នំាទៀត ជំរុញឱ្យមានអ្នកចិញ្ចឹមកើនដល់១ម៉ឺនគ្រួសារ ដើម្បីឆ្លើយតបទៅនឹងទីផ្សារ។
ឯកឧត្តម ចាន់ សុផា អគ្គនាយក វិទ្យាស្ថានស្តង់ដារកម្ពុជានៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗនេះបានឱ្យដឹងថា លក្ខខណ្ឌពាក់ព័ន្ធត្រូវបានខាងសហគមន៍អឺរ៉ុបផ្ញើមកខាងវិទ្យាស្ថានស្តង់ដារកម្ពុជារួចហើយ ហើយដើម្បីនាំចេញចង្រឹតទៅបានលុះត្រាអ្នកចិញ្ចឹមចង្រឹតទំាងអស់ គោរពបានទៅតាមនីតិវិធី បែបបទស្តង់ដារ ហើយបើសិនអាចបំពេញបាន គឺអាចចុះបញ្ជីនៅខាងសហគមន៍អឺរ៉ុបថាជាប្រទេសនាំចូលចង្រឹតបាន។
ឯកឧត្តមលើកឡើងថា« កន្លងមកកម្ពុជាបានសហការជាមួយខាងជប៉ុន សាងសង់កសិដ្ឋានចិញ្ចឹមចង្រឹតនៅខាងខេត្តតាកែវសម្រាប់ប្រជាកសិករចំនួន៦០គ្រួសារ ដោយបានស្នើឱ្យជប៉ុនផ្តល់នូវបច្ចេកទេស ចំណី របៀបរបបរក្សាអនាម័យដល់អ្នកចិញ្ចឹម ហើយយើងបានអញ្ចើញខាងភាគីជប៉ុនមកធ្វើអធិការកិច្ចចុះមកពិនិត្យមើលឃើញការចិញ្ចឹមរបស់កសិករវាស្របទៅនឹងតាមស្តង់ដារដូចបានកំណត់ ទើបជប៉ុនបើកឱ្យមានការនាំចូលបាន»។
យោងតាម អគ្គនាយក វិទ្យាស្ថានស្តង់ដារកម្ពុជា ប្រជាជននៅក្នុងស្រុក ជាទូទៅតែងតែចាត់ទុកចង្រឹតជាប្រភេទសត្វល្អិត តែគិតមកដល់សព្វថ្ងៃនេះត្រូវបានគេចាត់ទុកជាប្រភេទមុខម្ហូបអាហារបែបថ្មីនេះ ក្រៅពីមានការទទួលស្គាល់ពីទីផ្សារជប៉ុន នៅមានខាងសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងទីផ្សារអូស្ត្រាលីផងដែរ។
លោក អ៊ឹម វណ្ណស៊ី ប្រកបរបរចិញ្ចឹមចង្រឹតនៅភូមិក្បាលពោធិ៍ ស្រុកទ្រំាង ខេត្តតាកែវបានឱ្យដឹងថា អស់រយៈពេល៦ឆ្នំាកន្លងមកនេះ របរចិញ្ចឹមចង្រឹតនេះជាប្រភពនៃការផ្តល់ចំណូលមួយយ៉ាងល្អសម្រាប់គ្រួសារ ព្រោះចំណាយពេលមើលថែត្រឹមតែ៤៥ថ្ងៃ អាចប្រមូលផលបាន។
បើយោងតាម កសិករចិញ្ចឹមចង្រឹត អ៊ឹម វណ្ណស៊ី លោកចាប់ផ្តើមដំបូងជាមួយនឹងដើមទុនប្រមាណ ២០ម៉ឺនរៀល ធ្វើទ្រុងចិញ្ចឹមចង្រឹតបានចំនួន៣ ហើយមិនយូរប៉ុន្មានលោកបានបង្កើនទ្រុងចិញ្ចឹមចង្រឹតរហូតដល់៤០ទ្រុង។ ប៉ុន្តែចូលមកដល់ដើមឆ្នំា២០២៤នេះទ្រុងសម្រាប់ចិញ្ចឹមចង្រឹតរបស់លោកនៅសល់២០ទ្រុង តែទោះជាយ៉ាងនេះក្តីលោកអះអាងថានៅពេលខាងមុខនេះនឹងចាប់ផ្តើមរៀងចំទីតំាងជាថ្មីហើយ ធ្វើទ្រុងចិញ្ចឹមចង្រឹតបន្ថែមឱ្យបានដល់៤០ ឬ ៥០ទ្រុងដូចកាលចាប់ផ្តើមដំបូងៗ។
លោកបញ្ជាក់ថា « ស្របពេលការចិញ្ចឹមចង្រឹតនៅសល់ចំនួន២០ទ្រុង ដូចនៅពេលសព្វថ្ងៃលោក អាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបាន៤លានរៀលក្នុងមួយវគ្គ»។
ពាក់ព័ន្ធនឹងការនាំចេញចង្រឹតឬម្ស៉ៅចង្រឹតទៅប្រទេសជប៉ុននៅពេលកន្លងមក សម្រាប់ អ៊ឹម វណ្ណស៊ី ក៏ធ្លាប់បានចូលរួមផ្គត់ផ្គង់ចង្រឹតមួយចំណែកផងដែរ តាមរយៈអង្គការរបស់ជប៉ុន ហើយនៅពេលខាងមុខបើសិនមានអ្នកទទួលទិញចង្រឹតពីកសិករសម្រាប់កែច្នៃនាំចេញមានបរិមាណស្ថិតស្ថេរជាក់លាក់ និងធ្វើឱ្យកសិករកាន់តែមានទំនុកចិត្តលើមុខរបរចិញ្ចឹមចង្រឹតរបស់ខ្លួនគ្រប់គ្នា៕
ដោយ៖Long sareth