ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានធ្វើសេចក្តីរាយការណ៍ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ថា ប្រទេសវៀតណាមរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញអង្ករចំនួន២,៥លានតោនទៅកាន់ប្រទេសហ្វីលីពីននៅឆ្នាំនេះ។
ប្រទេសហ្វីលីពីន ដែលជាទីផ្សារធំបំផុតរបស់វៀតណាមសម្រាប់អង្ករ បានផ្អាកការនាំចូលអង្ករក្នុងអំឡុងពេលបួនខែចុងក្រោយនៃឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ផលិតកម្មស្រូវនៅក្នុងស្រុក។
វិទ្យុសំឡេងវៀតណាម (Voice of Vietnam) បានធ្វើសេចក្តីរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីស្ថានទូតវៀតណាមប្រចាំប្រទេសហ្វីលីពីនថា ខ្លួនគ្រោងនឹងនាំចូលអង្ករចំនួន៣,៦លានតោននៅឆ្នាំ២០២៦នេះ ដោយភាគច្រើននៃអង្ករនឹងត្រូវយកពីប្រទេសវៀតណាម។
ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងលោក ហ្វ្រេនស៊ីស្កូ ធៀប ឡូរ៉ែល (Francisco Tiu Laurel) រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន និងលោក ឡឺ ហ្វូគួង ( Le Phu Cuong) ទីប្រឹក្សាពាណិជ្ជកម្មរបស់ស្ថានទូតវៀតណាមប្រចាំប្រទេសហ្វីលីពីន។
សេចក្តីរបាយការណ៍ដដែលនេះ បានបន្ថែមថា ប្រទេសហ្វីលីពីននឹងអនុវត្តវិធានការគ្រប់គ្រងបរិមាណនាំចូលអង្ករនៅឆ្នាំ២០២៦នេះ រួមទាំងពន្ធគយនាំចូលផងដែរ។
ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនអាចនឹងនាំចូលអង្ករប្រមាណ៣,៨ លានតោន ក្នុងឆ្នាំ២០២៦ ដោយសារទិន្នផលិតកម្មស្រូវនៅក្នុងប្រទេស ត្រូវបានគេរំពឹងថា នឹងនៅទ្រឹងដដែលមិនអាចបំពេញតម្រូវការឱ្យបានពេញលេញ។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល បានមានប្រសាសន៍ថា តម្រូវការអង្ករនាំចូលសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានគេព្យាករណ៍ថា យ៉ាងហោចមានបរិមាណពីចំនួន៣,៦លានតោន រហូតដល់៣,៨លានតោន ដោយសន្មតថា កម្រិតផលិតកម្មស្រូវនៅក្នុងប្រទេសទទួលបានទិន្នផលដូចឆ្នាំ២០២៥។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ការនាំចូលអង្ករនឹងធ្វើតាមការព្យាករណ៍របស់យើងសម្រាប់ឆ្នាំ២០២៦ ដោយសារផលិតកម្មស្រូវរបស់យើងនៅតែមានបរិមាណដដែល ដូចកាលពីឆ្នាំមុន គឺត្រូវការអង្ករនាំចូលតិចបំផុត៣,៦លានតោន ឬច្រើនបំផុតប្រហែល៣,៨លានតោន ដោយសារចំនួនប្រជាជនរបស់យើងកំពុងកើនឡើង»។
ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា ការនាំចូលអង្ករនៅក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះពី៤,៨លានតោន ក្នុងឆ្នាំ២០២៤ មកនៅត្រឹម៣,៣លានតោន។
លោកបានមានប្រសាសន៍ទៀតថា ក្រសួងកសិកម្មហ្វីលីពីនកំពុងប្រឹងទប់ស្កាត់ការឡើងថ្លៃអង្ករ ដោយប្រឹងអនុវត្តកម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម។
លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈកម្មវិធីនេះ គ្រួសារប្រជាជនហ្វីលីពីននឹងទទួលបានការអនុញ្ញាតឱ្យទិញអង្កររហូតដល់១០គីឡូក្រាមក្នុងមួយខែ ដើម្បីជួយទប់ស្កាត់សម្ពាធអតិផរណា។
កម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម កំពុងអនុវត្តក្រោមការប្រកាសអាសន្នផ្នែកសន្តិសុខស្បៀងអាហាររបស់ក្រសួងកសិកម្មហ្វីលីពីន។
លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉េល បានបញ្ជាក់ថា ថវិកាជាតិឆ្នាំ២០២៦ បានបែងចែកទឹកប្រាក់ចំនួន១៦៨,៧២លានដុល្លារ សម្រាប់កម្មវិធីឧបត្ថម្ភធនដល់ផលិតកម្មស្រូវ និងថវិកានៅសល់ចំនួន៦៧,៤៨លានដុល្លារទៀត ដែលមិនទាន់បានប្រើប្រាស់នៅក្នុងឆ្នាំ២០២៥។
លោកក៏បានបញ្ជាក់ផងដែរថា ពន្ធអង្ករនាំចូលត្រូវបានដំឡើងដល់២០ភាគរយ ដោយការដំឡើងនេះនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ៕








