ញូវដេលី៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា បានមានប្រសាសន៍ កាលពីពេលថ្មីៗកន្លងមកនេះថា ប្រទេសអូស្ត្រាលីនឹងមិនគិតពន្ធចំពោះការនាំចេញទាំងអស់របស់ឥណ្ឌា ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ដូច្នេះថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ប្រទេសអូស្ត្រាលី នឹងមិនគិតពន្ធ១០០ភាគរយ សម្រាប់ការនាំចេញរបស់ឥណ្ឌាទេ។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ កិច្ចព្រមព្រៀងនេះ បានផ្តល់នូវកំណើននាំចេញប្រកបដោយចីរភាព ការចូលប្រើប្រាស់ទីផ្សារកាន់តែស៊ីជម្រៅ និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែរឹងមាំ ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកនាំចេញរបស់ឥណ្ឌា មានដូចជា សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាកសិករ និងកម្មករផងដែរ»។
ឥណ្ឌា និងអូស្ត្រាលី បានអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ហើយប្រទេសទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចផ្សេងៗទៀត។
កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាកិច្ចព្រមព្រៀង ដែលគ្របដណ្តប់លើបញ្ហាមួយចំនួនទាក់ទងនឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរកំពុងចូលរួមក្នុងការចរចាសម្រាប់កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលនឹងមានវិសាលភាពកាន់តែទូលំទូលាយ និងស៊ីជម្រៅ។
យោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសអូស្ត្រាលីបានកើនឡើងចំនួនប្រាំបីភាគរយ ក្នុងឆ្នាំ២០២៤ និង២០២៥ ដែលធ្វើឲ្យតុល្យភាពពាណិជ្ជកម្មរបស់ឥណ្ឌាបានល្អប្រសើរឡើង ដោយមានកំណើនយ៉ាងខ្លាំងនៅក្នុងវិស័យផលិតកម្ម សារធាតុគីមី វាយនភណ្ឌ ផ្លាស្ទិច ឱសថ ផលិតផលប្រេងកាត ត្បូងមានតម្លៃ និងគ្រឿងអលង្ការ។
លោកបានមានប្រសាសន៍ថា «ការនាំចេញកសិឧស្សាហកម្មមានកំណើនយ៉ាងខ្ពស់ រួមជាមួយនឹងការកើនឡើងយ៉ាងខ្លាំងនៃផលិតផលបន្លែ និងផ្លែឈើ ផលិតផលសមុទ្រ គ្រឿងទេស និងកំណើនពិសេសនៃផលិតផលកាហ្វេ» របស់ប្រទេសឥណ្ឌា៕












