ហាណូយ៖ ផលិតផលប្រេងឆារបស់ប្រទេសចិនកំពុងហូរចូលប្រទេសឥណ្ឌា ស្របពេលចិននៅតែបន្តនាំចូលសណ្តែកសៀងក្នុងបរិមាណច្រើនលើសលប់ពីប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង ហើយឥឡូវនេះ ចិនត្រូវនាំចូលសណ្តែកសៀងពីសហរដ្ឋអាម៉េរិក ខណៈតម្រូវការក្នុងស្រុកចាប់ផ្តើមចុះខ្សោយ។
សារព័ត៌មានវៀតណាម បានចេញផ្សាយថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ ប្រទេសចិនបាននាំចេញប្រេងសណ្តែកសៀង ចំនួន៧០ ៨៧៧តោន ដែលភាគច្រើននាំចូលទៅកាន់ប្រទេសឥណ្ឌា។ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៥ ចិនបាននាំចេញប្រេងសណ្តែកសៀងរហូតដល់៣២៩ ០០០តោន គឺជាបរិមាណច្រើនជាងជិតបីដងបើប្រៀបធៀបជាមួយបណ្តាឆ្នាំកន្លងមក។
ដោយសារប្រទេសចិនបាននិងបន្តទិញសណ្តែកសៀងពីសហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីការផ្អាកពាណិជ្ជកម្មបណ្តោះអាសន្ន ហើយស្របពេលទំនាក់ទំនងជាមួយប្រទេសឥណ្ឌាមានភាពប្រសើរឡើងវិញ ធ្វើឱ្យទំហំពាណិជ្ជកម្មនឹងកើនឡើង។
សម្រាប់ប្រទេសឥណ្ឌាវិញ ការនាំចូលប្រេងសណ្តែកសៀងពីប្រទេសចិន មានប្រយោជន៍ដល់សេដ្ឋកិច្ច និងកាត់បន្ថយតម្លៃដឹកជញ្ជូន ព្រោះប្រេងសណ្តែកសៀងរបស់ប្រទេសចិន មានគុណភាពល្អដូចគ្នានឹងប្រេសណ្តែកសៀងរបស់ប្រទេសក្នុងតំបន់អាម៉េរិកខាងត្បូង ហើយមានតម្លៃថោកជាងពី១០ ទៅ១៥ ដុល្លារក្នុងមួយតោន។
ចំណែករយៈពេលដឹកជញ្ជូនវិញ ត្រូវចំណាយត្រឹមតែពី១០ ទៅ១២ថ្ងៃប៉ុណ្ណោះ អាចចូលដល់ ភាគខាងកើតរបស់ប្រទេសឥណ្ឌា គឺលឿនជាងពី៥០ ទៅ៦០ថ្ងៃ សម្រាប់ការដឹកជញ្ជូនពីប្រទេសប្រេស៊ីល ឬពីប្រទេសអាហ្សង់ទីន។
ការនាំចូលប្រេងសណ្តែកសៀងពីប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ មានបរិមាណប្រហែល ៧០ ០០០តោន ហើយអាចកើនឡើងប្រហែល១២ ០០០តោនថែមទៀត។ ក្នុងរយៈពេលប្រាំមួយខែ ក្នុងឆ្នាំ២០២៦ ប្រទេសចិនអាចផ្គត់ផ្គង់ប្រេងសណ្តែកសៀងឱ្យប្រទេសឥណ្ឌាបានរហូតដល់៣៥០ ០០០តោន។ ដូច្នេះ ប្រទេសចិននឹងក្លាយជាប្រភពផ្គត់ផ្គង់ប្រេងសណ្តែកសៀងធំទីបីរបស់ប្រទេសឥណ្ឌា។
ប្រទេសចិនផលិតប្រេងសណ្តែកសៀងប្រហែល២០លានតោន ជារៀងរាល់ឆ្នាំ។ ប៉ុន្តែ ដោយសារប្រជាជនចិនបរិភោគអាហារនៅខាងក្រៅផ្ទះតិចជាងមុន បានបធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចថយចុះ ហើយការប្រើប្រាស់ប្រេងសណ្តែកសៀងក៏ធ្លាក់ចុះផងដែរ។ ដូច្នេះ ប្រសិនបោះគិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តុកប្រេងសណ្តែកនៅសល់ជាងមួយលានតោន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ។ ចំណែកប្រទេសឥណ្ឌាទំនងជាត្រូវការប្រេងសណ្តែកសៀងរបស់ចិនកាន់តែច្រើន នៅក្នុងពេលខាងមុខនេះ៕








