ហ្សាកាតា៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសហាមឃាត់ទាំងស្រុងលើការនាំចូលអង្ករ ស្ករស និងពោតសម្រាប់ឆ្នាំ២០២៦ ដោយលើកឡើងពីការកើនឡើងគួរឱ្យកត់សម្គាល់នៃផលិតកម្មក្នុងស្រុក និងទិសដៅយុទ្ធសាស្ត្រឆ្ពោះទៅរកភាពគ្រប់គ្រាន់នៃស្បៀងអាហារជាតិ។
លោក តាតាង យូលីអូណូ (Tatang Yuliono) មន្ត្រីជាន់ខ្ពស់នៅក្រសួងសម្របសម្រួលកិច្ចការស្បៀងអាហារ បាននិយាយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ថា រដ្ឋាភិបាលថែមទាំងបានពន្យារពេលផែនការសម្រាប់ការនាំចូលអង្ករសម្រាប់ឧស្សាហកម្ម ដែលជាធម្មតាត្រូវបានប្រើក្នុងការផ្គត់ផ្គង់ដំណើរផលិត។
លោកបានមានប្រសាសន៍ថា ប្រទេសឥណ្ឌូណេស៊ីសម្រេចបានជោគជ័យក្នុងការពឹងផ្អែកលើខ្លួនឯងលើទំនិញយុទ្ធសាស្ត្រទាំងនេះសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងច្បាស់លាស់នៃតុល្យភាពទំនិញរបស់ជាតិ នៅឆ្នាំ២០២៦។
រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក អេនឌី អំ៉រ៉ាន សូឡៃម៉ាន (Andi Amran Sulaiman) បានមានប្រសាស់សង្កត់ធ្ងន់ថា គោលនយោបាយនេះអនុវត្តតាមការណែនាំដោយផ្ទាល់ពីប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) ដើម្បីផ្តល់អាទិភាពដល់សុខុមាលភាពរបស់កសិករ និងអ្នកចិញ្ចឹមសត្វនៅក្នុប្រទេសឥណ្ឌូណេស៊ី។
តាមរយៈការបញ្ឈប់ការនាំចូលអង្ករសម្រាប់ឧស្សាហកម្ម រដ្ឋាភិបាលឥណ្ឌូណេស៊ី មានបំណងជំរុញអាជីវកម្មក្នុងស្រុកឱ្យយកវត្ថុធាតុដើមពីកសិករក្នុងស្រុក ដើម្បីលើកទឹកចិត្តពួកគាត់កែលម្អគុណភាពទិន្នផល និងស្តង់ដារកែច្នៃ។
លោក អេនឌី អំ៉រ៉ាន សូឡៃម៉ាន បានមានប្រសាសន៍ដោយកត់សម្គាល់ថា គោលនយោបាយបង្កើនទិន្នផលស្រូវក្នុងប្រទេសឥណ្ឌូណេស៊ី បានរចនាឡើងដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។
ផលិតកម្មស្ករស សម្រាប់ឆ្នាំ២០២៦ ត្រូវបានគេព្យាករណ៍ថា នឹងកើនដល់បរិមាណបីលានតោន គឺលើសពីតម្រូវការប្រចាំឆ្នាំ២០២៥ ចំនួន២,៨លានតោន ជាពិសេស នៅសល់ស្ករសកាន់តែច្រើន ប្រសិនបើបូកជាមួយស្ករសក្នុងស្តុក សម្រាប់ឆ្នាំ២០២៤ ដែលមានចំនួន១,៤លានតោន។
ស្រដៀងគ្នានេះដែរ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានរំពឹងថា នឹងទទួលបានទិន្នផលពោតចំនួន១៨លានតោន គឺលើសពីតម្រូវការរបស់ប្រទេសជាតិចំនួន១៧លានតោន។
មន្ត្រីរដ្ឋាភិបាលជឿជាក់ថា អតិរេកទាំងនេះជួយធានាបាននូវស្ថិរភាពតម្លៃ និងសន្តិសុខស្បៀង ដោយមិនពឹងផ្អែកលើទីផ្សារអន្តរជាតិ។
តុល្យភាពស្បៀងអាហារជាតិ ឆ្នាំ២០២៦ នឹងបម្រើជាផែនទីគោលសម្រាប់បង្ហាញផ្លូវក្នុងការអនុវត្តវិធានការទាំងនេះ និងតាមដានការប្រែប្រួលឆ្ពោះទៅរកភាពម្ចាស់ការផ្នែកវិស័យសិកម្ម៕












