អ៊ីស្លាម៉ាបាដ៖ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បានចាប់ផ្តើមធ្វើយុទ្ធនាការ ឆ្នាំអន្តរជាតិនៃកសិករស្ត្រី ឆ្នាំ២០២៦ ដែលជាយុទ្ធនាការសកលក្នុងគោលបំណងទទួលស្គាល់ស្ត្រី ដែលមិនអាចខ្វះបាន ប៉ុន្តែជារឿយៗត្រូវបានគេមើលរំលងចំពោះការរួមចំណែកក្នុងប្រព័ន្ធកសិអាហារសកល និងដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបិទគម្លាតយេនឌ័រ។
ស្ត្រីមានសមាមាត្រយ៉ាងសំខាន់នៃកម្លាំងពលកម្មកសិកម្មរបស់ពិភពលោក និងដើរតួនាទីស្នូលក្នុងខ្សែច្រវាក់តម្លៃកសិអាហារ រាប់ចាប់ពីការផលិត ការកែច្នៃ រហូតដល់ការចែកចាយ និងពាណិជ្ជកម្ម ព្រមទាំងធានាបាននូវសន្តិសុខស្បៀងអាហារក្នុងគ្រួសារ និងអាហារូបត្ថម្ភផងដែរ។ កាលពីឆ្នាំ២០២១ ប្រព័ន្ធកសិអាហារបានជួលស្ត្រីធ្វើការចំនួន៤០ភាគរយនៃចំនួនស្ត្រីទូទាំងពិភពលោក ដែលជិតស្មើនឹងបុរស។
ថ្វីត្បិតតែតួនាទីដ៏សំខាន់បែបនេះក៏ដោយ ការរួមចំណែករបស់ស្ត្រីនៅតែខ្វះការឱ្យតម្លៃ ហើយលក្ខខណ្ឌការងាររបស់ស្ត្រីច្រើនតែមិនប្រាកដប្រជា៖ ការងារមិនទៀងទាត់ ក្រៅផ្លូវការ ការងារក្រៅម៉ោង ការងារមានប្រាក់ឈ្នួលទាប ដែលពឹងផ្អែកលើការងារច្រើន និងងាយរងគ្រោះខ្លាំង។ ស្ត្រីនៅតែបន្តប្រឈមមុខនឹងឧបសគ្គជាប្រព័ន្ធ រួមទាំងលទ្ធភាពទទួលបានដីធ្លី ហិរញ្ញវត្ថុ បច្ចេកវិទ្យា ការអប់រំ សេវាផ្សព្វផ្សាយ និងការចូលរួមក្នុងការសម្រេចចិត្តនៅគ្រប់កម្រិត។
នៅប្រទេសប៉ាគីស្ថាន ស្ត្រី និងកុមារី ប្រមាណ៧៤ភាគរយ បានចូលរួមជាកម្លាំងពលកម្មក្នុងវិស័យកសិកម្ម ដោយបង្កើតប្រាក់ចំណូលក្នុងគ្រួសារប្រមាណ៤០ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាពាក់ព័ន្ធនឹងការការពារកសិករជាស្ត្រី នៅតែមានឯកសារមិនគ្រប់គ្រាន់ និងដោះស្រាយមិនបានច្បាស់លាស់។
របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម ស្តីពីកសិករជាស្ត្រីនៅប្រទេសប៉ាគីស្ថាន បានបង្ហាញពីតម្រូវការក្នុងការធ្វើវិសោធនកម្មគោលនយោបាយការងារ និងកសិកម្មនៅថ្នាក់សហព័ន្ធ និងថ្នាក់ខេត្ត ដើម្បីទទួលស្គាល់ស្ត្រីទាំងអស់ ដែលបំពេញការងារទាក់ទងនឹងការដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ ជលផល បសុបក្សី ទឹកដោះគោ ព្រៃឈើ និងផលិតកម្ម ដោយមិនគិតថា ស្ត្រីធ្វើការពេញម៉ោង ឬក្រៅម៉ោង រួមទាំងអ្នកធ្វើការនៅកសិដ្ឋានគ្រួសារដោយគ្មានសិទ្ធិកាន់កាប់ដីធ្លីឡើយ។
របាយការណ៍ដដែលនេះ បានផ្តល់អនុសាសន៍ឱ្យកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កសិករស្ត្រី និងធានាបាននូវភាពស្មើគ្នានៃប្រាក់ឈ្នួលជាមួយកសិករបុរស សម្រាប់ការងារដែលមានតម្លៃស្មើគ្នា។ របាយការណ៍នេះក៏បានអំពាវនាវឱ្យមានការបែងចែកដីទុកចោលនៅថ្នាក់សហព័ន្ធ និងនៅថ្នាក់ខេត្ត ដើម្បីប្រគល់ឱ្យកសិករស្ត្រីតាមជនបទ ដែលគ្មានដីបង្កបង្កើនផល ព្រមទាំងទទួលបានប្រភពទឹកស្រោចស្រព និងការឧបត្ថម្ភធនធាតុចូល ដើម្បីគាំទ្រដល់ជីវភាពរស់នៅប្រកបដោយនិរន្តរភាព។
យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅឆ្នាំ២០២៤ ដែលជាឆ្នាំអន្តរជាតិ ក្នុងគោលបំណងបង្ហាញពីបញ្ហាប្រឈមរបស់កសិករស្ត្រី និងជំរុញកំណែទម្រង់គោលនយោបាយ និងការវិនិយោគ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងកសាងប្រព័ន្ធស្បៀងអាហារមានភាពធន់ជាងមុន។ អង្គការស្បៀងអាហារ និងកសិកម្ម សហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី រួមជាមួយមូលនិធិអន្តរជាតិសម្រាប់កសិកម្ម និងកម្មវិធីស្បៀងអាហារពិភពលោក នឹងសម្របសម្រួលសកម្មភាពយុទ្ធនាការពេញមួយឆ្នាំ២០២៦។
កាលពីពេលថ្មីៗកន្លងមកនេះ អង្គការស្បៀងអាហារ និងកសិកម្ម បានចេញរបាយការណ៍មួយ ដែលមានឈ្មោះថា ស្ថានភាពស្ត្រីនៅក្នុងប្រព័ន្ធកសិអាហារ និងអាកាសធាតុមិនល្អ បានបង្ហាញថា ជាទូទៅកសិករស្ត្រីដាំដុះដំណាំលើផ្ទៃដីតូចជាងបុរស ហើយទទួលបានទិន្នផល២៤ភាគរយទាបជាងបុរស បើទោះជាកសិដ្ឋានមានទំហំស្មើគ្នាក៏ដោយ៕












