ភ្នំពេញ៖ ថ្មីៗនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្របសម្រួលនៅក្នុងការចុះកិច្ចសន្យារវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន២ នៅខេត្តកំពង់ធំ ដើម្បីផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រងែស្រាល នៅលើផ្ទៃដីប្រមាណ៦ ០០០ហិកតា។
នៅក្នុងកិច្ចសន្យាបន្ថែមក្នុងទំហំទឹកប្រាក់ជិត៧លានដុល្លារ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀត នៅខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រងែស្រាលនៅលើផ្ទៃដីប្រមាណ៦ ០០០ហិកតា ដែលធ្វើឱ្យបរិមាណស្រូវសរុប ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតងកើនដល់ជាង៤មុឺនតោន ស្មើនឹង៩,២លានដុល្លារ។
រហូតមកដល់ពេលនេះ ក្រសួងកសិកម្ម បានបញ្ចប់ការតភ្ជាប់ទីផ្សារទាំងស្រុងជូនដល់សហគមន៍កសិកម្មទំនើបដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន ព្រមទាំងបានសម្របសម្រួលឱ្យកសិករជាសមាជិកប្រមាណ២ ០០០គ្រួសារទទួលបានប្រាក់កម្ចីធ្វើជាដើមទុន ដែលមានការប្រាក់ទាប សម្រាប់ផលិតកម្មស្រូវលើផ្ទៃដីជិត១៥ ០០០ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តកំពង់ឆ្នាំង៕








