ខេត្តអាត់តាពឺ៖ តាមរយៈបទបង្ហាញក្នុងសម័យប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាប្រជាជនខេត្តអាត់តាពឺ (Attapeu) របស់ប្រទេសឡាវ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ប្រធានគណៈកម្មាធិការរដ្ឋបាលខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋឡាវចំនួន២៩ ២៨៩គ្រួសារ បានចាកផុតពីភាពក្រីក្រ។
ប្រធានគណៈកម្មាធិការរដ្ឋបាលខេត្ត លោក តានុសៃ ចាន់ដាណាលីត (Tanuxay Chandanalith) បានមានប្រសាសន៍នៅបទបង្ហាញថា បច្ចុប្បន្ននេះ ខេត្តអាត់តាពឺរបស់ឡាវមានប្រាំស្រុក និងមានភូមិសរុបចំនួន១៤០ ដែលមានគ្រួសារសរុបចំនួន៣២ ២៥៧គ្រួសារ។ ក្នុងចំណោមនោះ ប្រជាជនចំនួន២៩ ២៨៩គ្រួសារ មានជីវភាពធូរធាឆ្លងផុតបន្ទាត់ភាពក្រីក្រ។ ជាលទ្ធផល ភូមិចំនួន១២៧ និងស្រុកចំនួនបី របស់ខេត្តឥឡូវនេះ ត្រូវបានចាត់ថ្នាក់ជាផ្លូវការថា បានចាកផុតពីបន្ទាត់ពីភាពក្រីក្រ។
ទន្ទឹមនឹងការរីកចម្រើននេះ ជីវភាពរស់នៅទូទាំងខេត្តបានបន្តល្អប្រសើរឡើងជាលំដាប់។ ប្រជាជនសរុបចំនួន២៤,៤៥៥គ្រួសារ ត្រូវបានទទួលស្គាល់ជាគ្រួសារអភិវឌ្ឍន៍ ខណៈភូមិចំនួន៨០ទទួលបានឋានៈជាភូមិអភិវឌ្ឍន៍។ លើសពីនេះភូមិធំៗចំនួនបីនៅតាមជនបទ បានវិវត្តន៍ទៅជាទីប្រជុំជន ហើយស្រុកចំនួនបី ត្រូវបានកំណត់ជាស្រុកអភិវឌ្ឍន៍។
កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ជីវភាពគំរូ ក៏ទទួលបានសន្ទុះរីកចម្រើនផងដែរ តាមរយៈកម្មវិធីគ្រួសារគំរូ ដែលបានអនុវត្តនៅក្នុងភូមិចំនួនប្រាំពីរ។ គ្រាន់តែនៅស្រុក សាយសេដ្ឋា (Saysettha) នៃខេត្តអាត់តាពឺ មានប្រជាជនចំនួន៩៧គ្រួសារ ត្រូវបានទទួលស្គាល់ថា ជាគ្រួសារគំរូ ក្នុងនោះមានកសិករ៣០គ្រួសារ និងគ្រួសារចិញ្ចឹមសត្វចំនួន៥៣គ្រួសារ។
លោក តានុសៃ ចាន់ដាណាលីត បានកត់សម្គាល់ថា ការកាត់បន្ថយភាពក្រីក្រនៅតែជាការងារអាទិភាពបំផុត សម្រាប់រដ្ឋបាលខេត្ត។ លោកបានបន្តថា ការវិនិយោគរបស់រដ្ឋ ឥណទានធនាគារគោលនយោបាយ ជំនួយ ប្រាក់កម្ចី និងការរួមចំណែករបស់សហគមន៍ ត្រូវបានតម្រង់ទិសជាយុទ្ធសាស្ត្រឆ្ពោះទៅរកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ។
លោកប្រធានគណៈកម្មាធិការរដ្ឋបាលខេត្ត បានបន្ថែមថា វិធានការទាំងនេះបានពង្រឹងសមត្ថភាពផលិតកម្ម ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាមូលដ្ឋាន និងលើកកម្ពស់ស្ថានភាពរស់នៅ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ព្រមទាំងកសាងបានជាមូលដ្ឋានគ្រឹះកាន់តែរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងរយៈពេលវែងនៅទូទាំងខេត្តអាតាពឺ ដែលមានព្រំប្រទល់ជាខេត្តរតនគិរីរបស់ព្រះរាជាណាចក្រកម្ពុជា៕












