ដោយ ជិន ម៉ាដេប៉ូ
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល់ (CAPFISH-Capture) ដែលគាំទ្រ ថវិកាដោយសហភាពអឺរ៉ុប (EU) និងអនុវត្តរួមគ្នាដោយរដ្ឋបាលជលផល របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង អង្គការ UNIDO បានឈានទៅបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ ដោយគម្រោងមួយនេះ នាកន្លងមក បានជួយយ៉ាងច្រើនដល់វិស័យ ជលផលនៅកម្ពុជា។
តាមរយៈគម្រោងមួយនេះដែរគិត រហូតមកដល់បច្ចុប្បន្នមាន សហគ្រាសជលផលចំនួន ៥៦៨ បានទទួលការគាំទ្រជាក់លាក់លើការរៀបចំផែនការអាជីវកម្ម ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពម្ហូបអាហារ ដោយក្នុងនោះសហគ្រាសទទួលផលដឹកនាំដោយស្រ្តី មានចំនួនសរុប ៦២ភាគរយ។ក្នុងចំណោមនេះ ក៏មានសហគ្រាសចំនួន ៦៤ ផ្សេងទៀតក៏ បានកែលម្អប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតាមរយៈការធ្វើទំនើបកម្មសម្ភារ បរិក្ខារ ហេដ្ឋារចនាសម្ព័ន្ធកែច្នៃ និងការពង្រីកទីផ្សារជាដើម។
ក្រៅពីនេះក៏មានសហគ្រាសធុនតូច និងមធ្យមចំនួន ៣៣ ឈានទៅទទួលបានវិញ្ញាបនប័ត្រគុណភាពផល ផលិតផលជលផលកម្ពុជាឬហៅថា (CQS) ឬវិញ្ញាបនប័ត្រ HACCP ដែលមានការទទួលស្គាល់ជាអន្តរជាតិ ខណៈដែលសហគ្រាសចំនួន ១១ កំពុងអនុវត្តប្រព័ន្ធអង្កេតដានឌីជីថល (CamTrace) ដើម្បីត្រៀមលក្ខណៈនាំចេញ។
លោកបណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធាន ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ UNIDO បានបញ្ជាក់ក្នុង សិក្ខាសាលាបិទបញ្ចប់គម្រោងនាថ្ងៃទី៨ ខែ តុលា ឆ្នាំ ២០២៥ថា “វឌ្ឍនភាពនៃស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ វិស័យ ជលផលនៅកម្ពុជា អំពីភាពជាសារវ័ន្ត និងសក្តានុពលក្នុងការយកទៅអនុវត្តបន្ត ឬពង្រីកវិសាលភាពលើឧស្សាហកម្មកសិអាហារផ្សេងទៀត”។
លោកថា«ជីវភាពរស់នៅរបស់ម្ចាស់ និងដៃគូអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមកំពុងសម្រេចបានភាពរីកចម្រើនកាន់តែរឹងមាំ និងមានទំនុកចិត្តខ្ពស់ក្នុងការនាំចេញផលិតផលរបស់ខ្លួន”។
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងបញ្ជាក់ថា«គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ផ្តល់ភាពអង់អាចដល់សហគ្រាសជលផល ក្នុងការអភិវឌ្ឍ លូតលាស់ បោះជំហានទៅប្រកួតប្រជែងទាំងនៅលើទីផ្សារក្នុងស្រុក និងអន្តរជាតិ។
លោក ឃួន អេវីរ៉ាត ប្រធានស្តីទីផ្នែកសហប្រតិបត្តិការរបស់ប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងឱ្យដឹងថា៖ «សហភាពអឺរ៉ុប (EU) មានមោទនភាពក្នុងការគាំទ្រវិស័យជលផលរបស់កម្ពុជាតាមរយៈកម្មវិធី CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប ដោយបានរួមចំណែកកសាងមូលដ្ឋានគ្រឹះដ៏រឹងម៉ាំសម្រាប់កំណើនប្រកបដោយចីរភាព បរិយាប័ន្ន និងភាពរួចរាល់សម្រាប់ការនាំចេញ។»
បណ្ឌិត បណ្ឌិត ឈួន ចំណាន ប្រធាននាយកដ្ឋានបច្ចេកវិទ្យា កែច្នៃ និងគុណភាព តំណាងរដ្ឋបាលផលផល បាន លើកឡើងពីសារៈសំខាន់នៃកិច្ចសហការថា «ភាពជាដៃគូដែលយើង បានកសាងតាមរយៈគម្រោង “បានត្រួសត្រាយផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែង បន្តដើម្បីធានាបាននូវការគ្រប់គ្រងជលផលប្រកបដោយចីរភាព និង ការបែងចែកអត្ថប្រយោជន៍ចំណោមអ្នកកែច្នៃ និងអ្នកបរិភោគក្រោយពេល គម្រោងបញ្ចប់”។
លោកថាផលិតផលច្នៃប្រឌិតថ្មីចំនួន ៧ ដែលជាលទ្ធផលរបសង់គម្រោង ស្រាវជ្រាវត្រូវបានពង្រីក និងធ្វើពាណិជ្ជកម្ម ដែលសបញ្ជាក់អំពីអត្ថប្រយោជន៍ ការជំរុញកំណើន និងជាផែនទី បង្ហាញផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលអនាគត សំដៅធ្វើឱ្យប្រសើរ ឡើងនូវនិរន្តរភាព និងធានាសន្តិសុខស្បៀងអាហារសម្រាប់សហគមន៍ទូទាំង ព្រះរាជាណាចក្រកម្ពុជា។
ថ្វីត្បិតគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) នឹងបិទបញ្ចប់នាខែធ្នូ ឆ្នាំ២០២៥ តែមន្រ្តីក្រសួងកសិកម្ម និងអង្គការដៃគូនានា រំពឹងថាគម្រោងមួយនេះបានត្រួសត្រាយផ្លូវ សម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តនាពេលអនាគត ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារ និងការទទួលបានទីផ្សារកាន់តែប្រសើរសម្រាប់វិស័យជលផលកម្ពុជា រួមចំណែកធានាបាននូវកំណើន និងភាពធន់របស់វិស័យនេះប្រកបដោយនិរន្តរភាព។ផ្លែផ្កាដ៏ល្អរបស់គម្រោងដែលសម្រេចបាន នឹងជាមគ្គុទេសន៍សម្រាប់កិច្ចអន្តរាគមន៍បន្តរបស់គម្រោងកម្មវិធីថ្មី ការសម្របសម្រួលគោលនយោបាយ និងការចូលរួមពីវិស័យឯកជននាពេលខាងមុខ៕










