ដោយ ជិន ម៉ាដេប៉ូ
ភ្នំពេញ៖ នៅសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឱ្យតែដល់ខែតុលា វិច្ឆិកា និងធ្នូ នៃចុងឆ្នាំ២០២៥ ក៏ដល់រដូវគ្រំុចំពុះទា ពងកូន ហើយក៏ជារដូវប្រមូផលផងដែរ។
របរចិញ្ចឹមគ្រុំបែបធម្មជាតិនេះ អាចនិយាយបានថា ប្រជាសហគមន៍អាចប្រមូលផលជុំ ទោះនៅក្នុងខែណាក៏អាចមានគ្រុំចំពុះទាលក់ដែរ គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ។ សម្រាប់ដល់រដូវប្រមូលផល គឺគេអាចលក់រាប់តោនទាំងការនាំចេញក្រៅប្រទេស ក៏ដូចជាកែច្នៃលក់ក្នុងស្រុក។
គ្រុំចំពុះទា ឬអ្នកស្រុកហៅថា ខ្យងចំពុះទា ដែលជាជលផលសមុទ្រដ៏សំខាន់ និងជារបរបង្គោលមួយ របស់សហគមន៍តំបន់ការពារទេសភាពពាមក្រសោប។
លោក វង្ស តារា ម្ចាស់សហគ្រាសកែច្នៃបង្គាក្រៀម និងគ្រំុចំពុះទា នៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប បានប្រាប់ឱ្យដឹងថា ជាទូទៅការចិញ្ចឹមគ្រុំចំពុះទាមានរយៈពេល១០ទៅ១២ខែ ទើបវាធំពេញវ័យអាចយកមកលក់លើទីផ្សារបាន។ សហគមន៍របស់លោកអាចផលិតគ្រំុចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ២៥០០ ដល់ជាង៤០០០តោន ក្នុងមួយរដូវ ហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំុចំពុះទា ចាប់ពីខែវិច្ឆិកា ដល់ខែមីនា ឬក៏មានការពន្យាពេលតិចតួចដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។
ម្ចាស់សហគ្រាសកែច្នៃបង្គាក្រៀម និងគ្រំុចំពុះទា បានប្រាប់ថា ចាប់តាំងពីមានសង្រ្គាមតាមព្រំដែនជាមួយថៃ មកកំណើនលក់គ្រុះចំពុះទា មានការកើនឡើងគួរកត់សម្គាល់ ទាំងនេះដោយសារមិនបាននាំចេញទៅលក់នៅប្រទេសថៃពិតមែន តែកំណើនលក់ក្នុងស្រុកមានសន្ទុះកើនឡើង ដោយសារតែភោជនីយដ្ឋានក្នុងស្រុកនានា បានងាកមកកុម្ម៉ង់នៅសហគ្រាសរបស់លោកច្រើនជាងមុន ក្នុងនេះលោកអាចលក់គ្រុំចំពុះទាស្រស់ក្នុងមួយខែប្រមាណ៣០០ ទៅ៥០០តោន។ សម្រាប់គ្រុំចំពុះទា ដែលបកហើយពាក់កណ្តាលសម្រេចអាចលក់បានប្រមាណ២៨តោនក្នុងមួយខែ។ កំណើននេះមានសន្ទុះកើនឡើង ដែលកាលពីមុនគ្រុំចំពុះទា ដែលបើកសាច់ហើយអាចលក់បានត្រឹមតែជិត១០តោក្នុងមួយខែប៉ុណ្ណោះ។
លោក សៀក សាបុន ប្រធានសហគមន៍តំបន់ការពារទេសភាពពាមក្រសោប បញ្ជាក់ប្រាប់ថា បើគិតពីទីផ្សារពេលនេះហាក់នៅទ្រឹង ឬថយចុះបន្តិចបន្តួចដោយសារតែទីផ្សារមុននេះ គ្រុំចំពុះទា ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម និងថៃ តែក្រោយផ្ទុះសង្រ្គាមថៃឈ្លានពានកម្ពុជាមកទីផ្សារប្រទេសថៃក៏ត្រូវបានបិទទាំងស្រុង តែគ្រុំចំពុះទាក៏អាចនាំចេញទៅលក់លើទីផ្សារប្រទេសវៀតណាម និងក្នុងស្រុកបានផងដែរ។ បើនិយាយទីផ្សារក្នុងស្រុកមានការពេញនិយមបរិភោគច្រើនជាងមុន។
លោកប្រធានសហគមន៍ បានឱ្យដឹងថា «ក្នុងមួយគ្រួសារៗចំណាយលើការបោះបង្គោលដើម្បីចិញ្ចឹមគ្រុំចំពុះទា ចាប់ពី១ ០០០ ទៅ២ ០០០ដើម ដោយប្រើថវិកាអស់៥០០ ទៅ១ ០០០ដុល្លារ ហើយក្នុងសម្រាប់ការប្រមូលផលវិញ ក្នុងមួយឆ្នាំៗ សម្រាប់មួយគ្រួសារអាចប្រមូលផលបានប្រមាណពី៣០ ទៅ៤០តោន។ សម្រាប់ពេលនេះ បើនិយាយពីចំណេញពិបាកបន្តិច គឺបានត្រឹមរួចខ្លួន ខ្លះខាត ឬខ្លះទៀតចំណេញតិចតួចដោយសារក្នុងអំឡុងជិតចុងឆ្នាំនេះ ទីផ្សារហាក់ស្ងប់ស្ងាត់បន្តិច តែក៏នៅដំណើរការសន្សឹមៗទៅមុខជានិច្ច»។
បើតាមលោក សៀក សាបុន គ្រុំចំពុះទានៅពេលនេះមានតម្លៃហាក់ទាបជាងមុន បានត្រឹមតែ៧០០រៀល ក្នុងមួយគីឡូក្រាម តែបើចុងឆ្នាំ ឬដើមឆ្នាំវិញ លោករំពឹងថា តម្លៃនឹងហក់ឡើងវិញ។
ជាមួយគ្នានេះដែរ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនាថ្មីៗមកនេះថា បើទោះបីកម្ពុជាមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងយ៉ាងណាក្តី ប៉ុន្តែ ផលិតផលកសិកម្ម និងសន្តិសុខស្បៀងរបស់ប្រទេសកម្ពុជា នៅតែរក្សាបានគ្រប់គ្រាន់ ពេញលេញ ហើយក៏មិនមានការឡើងថ្លៃដែរ ហើយប្រជាជននៅតែមានបន្លែបរិភោគ មានសាច់ជ្រូក សាច់មាន់ សាច់គោ សាច់ត្រី គ្រប់សព្វបែបយ៉ាង ក្នុងតម្លៃសមរម្យដដែល។
លោកជំទាវអនុរដ្ឋលេខាធិការ បានឱ្យដឹងដែរថា «ការធានាបានសន្តិសុខស្បៀង គឺជាអ្វីដែលក្រសួងកសិកម្មចង់បានសម្រាប់ប្រជាជន និងប្រទេសកម្ពុជា។ តាមរយៈស្ថានភាពនាពេលនេះដែរ យើងសឹងតែអាចនិយាយបានថា យើងមានអធិបតេយ្យស្បៀងរួចទៅហើយ លើកលែងតែផលិតផលមួយចំនួន ដែលយើងមិនអាចដាំដុះឬក៏ចិញ្ចឹមក្នុងស្រុកបាន ដែលទាមទារឱ្យមានការនាំចូលសម្រាប់បំពេញតម្រូវការក្នុងស្រុក»។
គួរបញ្ជាក់ថា គ្រំុចំពុះទាអាចរស់នៅធំធាត់ដោយស្វ័យជីវិត ក្នុងរយ:ពេល ១២ខែប៉ុណ្ណោះ។ ការរស់នៅរបស់វា អាស្រ័យដោយការតោងភ្ជាប់នឹងទងផ្ចិតជាប់ទៅនឹងមែកឈើ ឬខ្សែអ្វីមួយ ក្នុងទឹកសមុទ្រ។ ពិតណាស់គ្រំុប្រភេទនេះងាយរស់ ងាយចិញ្ចឹម ហើយក៏ងាយស្លាប់ទៅវិញដែរ៕










