ដោយ ជិន ម៉ាដេប៉ូ
មណ្ឌលគិរី៖ គិតរហូតមកដល់ពាក់កណ្តាលខែធ្នូនេះបងប្អូនជនជាតិដើមភាគតិច ព្នងច្រូតកាត់ស្ទើររួចរាល់អស់ទៅហើយ ជាមួយនឹងទិន្នផលស្រូវឆ្នាំនេះល្អប្រសើរ ដោយសារតែកត្តាភ្លៀងធ្លាក់ និងអាកាសធាតុអំណោយផលផង។
តាមរយៈការដាំដុះស្រូវនេះដែរ បើទោះបីឈានដល់បច្ចុប្បន្នវិទ្យាសាស្រ្តរីកចម្រើន និងពលរដ្ឋកម្ពុជាភាគច្រើនបានងាកមកប្រើប្រាស់ការច្រូតកាត់បែបសម័យថ្មី ដោយប្រើទាំងម៉ាស៊ីនច្រូតកាត់ ម៉ាស៊ីនបោកបែនក្តី តែប្រជាពលរដ្ឋដែលជាជនជាតិភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី នៅតែជ្រើសរើសប្រើប្រាស់ប្រពៃណីបូតស្រូវដូនតា ដោយរក្សាប្រពៃណីនេះមិនឱ្យបាតបង់ឡើយ។
ការប្រមូលផលស្រូវតាមការបូតជំនួសការច្រូតនឹងកណ្តៀវ ឬម៉ាស៊ីនច្រូតស្រូវនោះទោះយឺតយាវបន្តិចតែក៏ពួកគាត់នៅតែរក្សាប្រពៃណីឥតបោះបង់ដែរ ព្រោះថា វាផ្តល់ភាពងាយស្រួលសម្រាប់ពួកគាត់។
លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានប្រាប់ ARDBឱ្យដឹងថា៖ នាដើមខែធ្នូ កន្លងមកប្រជាកសិករជនជាតិភាគតិចរស់ក្នុងភូមិរបស់លោក បានប្រមូលផលស្រូវរួចរាល់អស់ហើយ។ ក្នុងចំណោមនេះ ពួកគាត់ភាគច្រើនធ្វើស្រែសម្រាប់ទុកហូបចុក ក្នុងក្រុមគ្រួសារ មិនបានធ្វើក្នុងទ្រង់ទ្រាយធំសម្រាប់លក់ទេ។ សម្រាប់ស្រូវដែលពួកគាត់ធ្វើនោះជាស្រូវកន្ទុយដំរី ដោយក្នុងចំណោមនេះ ពួកគាត់ច្រើនប្រើប្រាស់វិធីសាស្រ្តបូតស្រូវដោយដៃរួចដាក់កាផា ស្ពាយទៅកាន់ផ្ទះសម្បែងមុនហាល ហើយបុកជាអង្ករសម្រាប់ទុកបរិភោគ។ លក្ខណៈសាមញ្ញបែបនេះងាយស្រួលសម្រាប់ស្ថានភាពគ្រួសាររបស់ពួកគាត់។
ទោះបីយ៉ាងណាក្តី លោក ស្រេវ ផាត បានប្រាប់ឱ្យដឹងដែរថា សម្រាប់ពលរដ្ឋមួយចំនួនទៀតពួកគាត់ក៏ជ្រើសរើសប្រើកណ្តៀវសម្រាប់ច្រូតកាត់ដែរ ពីព្រោះបានលឿន និង ងាយស្រួលចំណេញពេលវេលាតិច។ សម្រាប់អង្ករវិញពួកគាត់យកទៅកិននៅរោងម៉ាស៊ីន មិនបានបុកដោយដៃទៀតទេ។
លោកបានប្រាប់បន្ថែមថា ក្រៅពីធ្វើស្រែចម្ការ មុខរបររបស់បងប្អូនជនជាតិព្នង ដូចជាដាំដំឡូង ដាំបន្លែ នោះពួកគាត់ក៏មានចិញ្ចឹមសត្វផ្សេងៗ មានចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ចិញ្ចឹមគោក្របី ដែលតាមរយៈវិស័យកសិកម្មបុរាណនេះ ពួកគាត់អាចផ្គត់ផ្គង់ជីវភាព សម្រាប់បន្តការសិក្សាកូនចៅរបស់ពួកគាត់រៀងៗខ្លួន។ ជាងនេះទៅទៀត បងប្អូនជនជាតិដើមភាគតិចព្នង នៅតែថែរក្សាប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់ តាំងពីបុរាណយូរលង់មកហើយមួយទៀតនោះ គឺទាំងការដាំដុះដំណាំរូមផ្សំ និងការធ្វើស្រែចម្ការវិលជុំជាដើម។
លោក ថុល វីរៈ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរ៉ាង បានប្រាប់ថា ក្នុងមួយឆ្នាំលោកធ្វើស្រែបានស្រូវប្រមាណ១តោន។ ក្នុងការច្រូតកាត់ លោកអនុវត្តទាំងប្រើវិធីបុរាណដោយបូតស្រូវ និងឆ្នាំខ្លះប្រញាប់បានច្រូតកាត់ដោយកណ្តៀវ ដើម្បីធ្វើយ៉ាងណាឱ្យទាន់ស្រូវទុំ។ សម្រាប់អង្ករដាំបាយវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកពុំសូវទំនេរក៏បានប្រើម៉ាស៊ីនកិនស្រូវជំនួសការបុកដោយដៃ។ ទោះយ៉ាងណាការបុកអង្ករដោយត្បាល់លោកមិនបោះបង់ឡើយ។
អ្នកស្រី ស្រេវ អេត រស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង នេះដែរបានឱ្យដឹងថា ការបូតស្រូវតាមប្រពៃណីជនជាតិដើមភាគតិច គឺជាវិធីសាស្រ្តមួយ ដែលរូបអ្នកស្រីបានអនុវត្តតាមឪពុកម្តាយ។ វិធីនេះមិនត្រឹមតែងាយស្រួលទេ តែវាក៏ផ្តល់ភាពរហ័សសម្រាប់ការច្រូតកាត់សម្រាប់រូបគាត់ និងក៏ដូចជាអ្នកភូមិ។
ទោះបីយ៉ាងណាក្តី អ្នកស្រីបានប្រាប់ថា វិធីប្រមូលផលស្រូវដោយប្រពៃណីបូត ត្រូវការចំណាយពេលច្រើនថ្ងៃ ប៉ុន្តែវាជាការរក្សាប្រពៃណីតាំងពីដូនតា ដើម្បីបន្តដល់កូនចៅជំនាន់ក្រោយៗ។
ទាក់ទិនក្នុងរឿងនេះ លោក ខៀវ សំណាង ទីប្រឹក្សាផ្នែកលើកម្ពស់ជីវភាពគ្រួសារសហគមន៍មូលដ្ឋានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានឱ្យដឹងថា គម្រោងរេដបូកមានគោលបំណងសំខាន់ គឺជួយដល់បងប្អូនកសិករ ដែលមានចំនួន២១ភូមិ នៅស្រុកកែវសីមា ឱ្យមានមុខរបរបង្កើតចំណូល និងមានការងារធ្វើ។ ក្នុងការបង្កើតមុខរបរចិញ្ចឹមមាន់នេះគម្រោងមិនត្រឹមជួយថ្នាំ ចំណី សំណាញ់ និងបង្កើតទ្រុងឱ្យទេ នៅជួយផ្នែកបច្ចេកទេស ពិធីព្យាបាលមាន់ឈឺដើម្បីឱ្យការចិញ្ចឹមទទួលជោគជ័យទៀតផង។
លោក ខៀវ សំណាង បានឱ្យដឹងដែរថា ក្នុងគម្រោងរេដបូកនេះបានចាប់ផ្តើមឱ្យប្រជាកសិករចិញ្ចឹមមាន់ ដាំបន្លែ តាំងពីឆ្នាំ២០២២ រហូតមកដល់ពេលនេះ មាន២១ភូមិ ដែលគម្រោងរេដបូកបានជួយដល់កសិករ។ សម្រាប់នៅខេត្តមណ្ឌលគិរីនេះ មានស្រុកចំនួន៤ ដែលគម្រោងរេដបូកបានជួយ។ សម្រាប់ការចិញ្ចឹមសត្វ មានចិញ្ចឹមមាន់ ចិញ្ចឹមត្រី ចិញ្ចឹមគោ ចិញ្ចឹមជ្រូក ។ ក្រៅពីនេះក៏មានការដាំបន្លែ ដូចជាដាំត្រកួន ដាំត្រសក់ សណ្តែកកួរ ឆៃថាវ ការ៉ុត ជាដើម។
ឯកឧត្តម ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការងារវិស័យកសិកម្មត្រូវបានរដ្ឋបាលខេត្តយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី។សម្រាប់នៅខេត្តមណ្ឌលគិរី ក៏មានសក្តានុពលទៅលើការដាំដុះបន្លែបង្ការ និងផ្លែឈើហូបផ្លែ។ លើសពីនេះ សម្រាប់ស្ពៃក្តោប កាហ្វេ ផាសិន និងផ្លែប៊័រ នៅខេត្ត មណ្ឌលគិរី ល្បីឈ្មោះថា មានរសជាតិឆ្ងាញ់ពិសា។
គួរបញ្ជាក់ថា ជនជាតិដើមភាគតិចព្នង នៅភូមិពូរ៉ាងនេះ មានសមាជិកប្រមាណ ១៤០គ្រួសារ ឬស្មើនឹង៤៤៣នាក់។ អ្នកភូមិភាគច្រើនកាន់សាសនាព្រះសែន ដែលរួមមានការសែនព្រេន គោរពអារក្ខអ្នកតា និងព្រលឹងដូនតាជាដើម។ ក្រៅពីនេះ ពួកគាត់ក៏មានអ្នកកាន់សាសនាព្រះពុទ្ធ និងគ្រិស្តសានាមួយចំនួនផងដែរ។ សម្រាប់ការធ្វើស្រែចម្ការវិលជុំ ដាំដំឡូង និងចិញ្ចឹមសត្វ គឺជាមុខរបរស្នូលរបស់ពួកគាត់ តាំងពីដូនតារៀងរហូតមកដល់បច្ចុប្បន្ន៕






