ដោយ ជិន ម៉ាដេប៉ូ
ភ្នំពេញ៖ អង្គការអច្ឆរិយៈនៃទន្លេមេគង្គ (Wonders of the Mekong)បានឱ្យដឹងថា ត្រីរាជមួយក្បាលទម្ងន់៦០គីឡូក្រាម មានប្រវែង១,៧០ម៉ែត្រ ដែលជាប្រភេទត្រីកម្រជិតផុតពូជ ត្រូវអ្នកនេសាទចាប់បានដោយឧបកណ៍នេសាទ «លបឡុក»រួចមក បានរាយការណ៍ និងប្រគល់ដល់សមត្ថកិច្ចដើម្បីអភិរក្សត្រីប្រភេទនេះដល់កូនចៅជំនាន់ក្រោយបន្តទៀត។
បើតាមអង្គការអច្ឆរិយៈនៃទន្លេមេគង្គ បានឱ្យដឹងថា លោក ឈិត សេងហ៊ឹង អាយុ៥៩ឆ្នាំ រស់នៅក្នុងឃុំកំពង់ហ្លួង ស្រុក ក្រគរ ខេត្ដពោធិ៍សាត់ គឺជាអ្នកបានប្រទះឃើញត្រីរាជមួយក្បាលចូលក្នុងលបឡុករបស់គាត់។ បុរសអ្នកនេសាទរូបនេះបានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បានត្រីរាជមួយក្បាលនេះ ដើម្បីឱ្យក្រុមអភិរក្សសត្វបំពាក់ស្លាកសម្គាល់ និងលែងចូលទៅកន្លែងអភិរក្សជលផលវិញ។
ដោយឡែកត្រីគល់រាំងមួយក្បា មានទំងន់៦,២គីឡូក្រាម មានប្រវែង៦៧សង់ទីម៉ែត្រ ក៏ត្រូវបានលែងចូលក្នុងជម្រកធម្មជាតិផងដែរ នាពេលកន្លងមកថ្មីៗនេះ។ ត្រីគល់រាំងនេះត្រូវបានលោកស្រី ញឹក ស៊ីយ៉ុន អាយុ៥៨ឆ្នាំ ម្ចាស់គន្លងដាយ៤ដេ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់បាន ហើយគាត់បានប្រគល់ឱ្យសមត្ថកិច្ចដើម្បីលែងចូលក្នុងជម្រកធម្មជាតិវិញ។
គួរបញ្ជាក់ថា ត្រីគល់រាំង និងត្រូវរាជ ទាំងពីរប្រភេទនេះ ត្រូវបានលែងដោយឯកឧត្តម លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមថែរក្សាការពារ និងអភិរក្សពូជត្រីកម្រ និងជិតផុតពូជឱ្យបានគង់វង្ស។
គួរបញ្ជាក់ថា ត្រីរាជ គឺជាប្រភេទត្រីទឹកសាប ដែលចូលចិត្តរស់នៅតាមបឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ បច្ចុប្បន្នត្រីនេះ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម ជាត្រីកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង និងជិតផុតពូជ របស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ (IUCN)។ ត្រីរាជ ក៏ត្រូវបានហាមមិនឱ្យនេសាទ ទិញលក់ និងដឹកជញ្ជូន ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។
ដោយឡែកត្រីគល់រាំងវិញ គឺជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ឈ្មោះជាភាសាជាតិ ត្រីកាហោ ឬត្រីក្បាលឡាន។ ត្រីគល់រាំងជាប្រភេទត្រីមានទំហំធំជាងគេក្នុងចំណោមត្រី៣ប្រភេទនៅកម្ពុជា ក្នុងនោះមានត្រីរាជ ត្រីគល់រាំង និងត្រីបបែលយក្ស។ វាអាចមានទម្ងន់ពី១៥០ ទៅ៣០០គីឡូក្រាម និងមានប្រវែងដងខ្លួនពីពីរទៅបីម៉ែត្រ។ ជាប្រភេទត្រីមានស្រកាធំៗគ្របដណ្តប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយប៉ុណ្ណោះ។ ពណ៌សម្បុរលើដងខ្លួនទាំងមូល មើលឃើញថា មានពីរពណ៌ដាច់ដោយឡែកពីគ្នា ស្រកានៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រម៉ៅថ្លា។ ដោយឡែកស្រកាឋិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។
ត្រីប្រភេទនេះ ត្រូវបានការពារដោយក្រឹត្យច្បាប់ ស្តីពីការគ្រប់គ្រងវិស័យជលផល។ ត្រីគល់រាំងជាប្រភេទត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គេឃើញមានរស់នៅតាមដងទន្លេមេគង្គ ជាពិសេសសំបូរជាងគេនៅបឹងទន្លេសាប។ ជាងនេះទៅទៀត ត្រីគល់រាំងគេឃើញបុព្វបុរសខ្មែរយើងឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត។ក្រៅពីនេះគេនិយមយកស្រកាត្រីគល់រាំងមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរយើងទៀតផង៕












