សេអូល៖ ការនាំចេញផ្លែស្ត្របឺរីរបស់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០២៤ បានដឹកជញ្ជូនទៅក្រៅប្រទេសមានតម្លៃទំហំទឹកប្រាក់សរុបប្រហែល៩៩,៣ពាន់លានវ៉ុន ស្មើនឹង៧៤,៨លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ផ្លែស្ត្របឺរីលំដាប់លេខមួយ ក្នុងចំណោមទំនិញនាំចេញកសិកម្មរបស់កូរ៉េ។
ទីផ្សារតំបន់អាស៊ីអាគ្នេយ៍ មានបានស្រូបយកចំនួន៩០ភាគរយនៃបរិមាណនាំចេញ ហើយនៅតែរក្សាបានជាទីផ្សារធំចម្បងគេ ក្នុងនោះប្រទេសសិង្ហបុរី វៀតណាម និងប្រទេសឥណ្ឌូនេស៊ី បានចាត់ទុកផ្លែស្ត្របឺរីរបស់កូរ៉េខាងត្បូង ជាផលិតផលកសិកម្មលំដាប់ខ្ពស់។
នៅទូទាំងពិភពលោក ប្រទេសនាំចេញផ្លែស្ត្របឺរីធំជាងគេបំផុត គឺប្រទេសម៉ិកស៊ិក អេស្ប៉ាញ និងសហរដ្ឋអាម៉េរិក។ ទោះបីជាយ៉ាងណាក៏ដោយ កំណើនតម្រូវការនៅទីផ្សារអាស៊ីអាគ្នេយ៍ ក៏មាននិន្នាការពេញចិត្តលើការផ្គត់ផ្គង់របស់កូរ៉េខាងត្បូង។
អ្នកនាំចេញផ្លែស្ត្របឺរីកូរ៉េខាងត្បូង បាននិយាយថា «ផ្លែស្ត្របឺរីដាំមិនលូតលាស់ល្អទេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទេ។ ចំណែកនៅសហរដ្ឋអាម៉េរិក និងអូស្ត្រាលី ស្ត្របឺរី ត្រូវបានដាំដុះនៅតាមចម្ការក្នុងវាលស្រែ ដូច្នេះគុណភាពគុណភាពផ្លែស្ត្របឺរី មិនដូចគ្នាទេ។ ប៉ុន្តែ មិនអាចប្រៀបបានទេ ចំពោះគុណភាព និងជាតិផ្អែមរបស់ផ្លែស្ត្របឺរីប្រទេសកូរ៉េខាងត្បូង»។
ផ្លែស្ត្របឺរី នាំចេញនាបច្ចុប្បន្នរបស់កូរ៉េខាងត្បូង គឺជាផលិតផលផ្លែស្ត្របឺរីរបស់ពូជទើបបង្កាត់ក្នុងស្រុក ដែលបានចាប់ផ្តើមបង្កើតនៅដើមទសវត្សរ៍ឆ្នាំ២០០០ ដែលនៅពេលនោះ៩០ភាគរយនៃផ្លែស្ត្របឺរី ដែលផលិតបាននៅក្នុងប្រទេសកូរ៉េ គឺជាពូជស្ត្របឺរីរបស់ជប៉ុន ឈ្មោះថា អាគីហ៊ីមេ (Akihime)។ ប៉ុន្តែ នៅពេលប្រទេសជប៉ុនស្វះស្វែងប្រឹងទាមទារថ្លៃសួយសារអាករពីប្រទេសកូរ៉េ អំពីពូជស្ត្របឺរីរបស់ជប៉ុន ឈ្មោះថា អាគីហ៊ីមេ ពេលនោះស្ថាប័នស្រាវជ្រាវរបស់កូរ៉ បានពន្លឿនកម្មវិធីបង្កាត់ពូជថ្មី ដែលជាពូជរបស់ខ្លួន។
ក្រុមអ្នកស្រាវជ្រាវ បានយកពូជស្ត្របឺរីរបស់កូរ៉េ ឈ្មោះ សឿលយ៉ាង (Seolhyang) មកបង្កាត់ចេញជាពូជថ្មី នៅក្នុងឆ្នាំ២០០៥។ ពូជស្ត្របឺរីរបស់កូរ៉េមួយនេះ ត្រូវបានអ្នកជំនាញពិពណ៌នាថា ជាពូជសមស្របសម្រាប់ការផលិតផ្លែស្ត្របឺរីក្នុងរដូវរងា ដែលអាចគ្រប់គ្រងបានក្នុងការដាំដុះ ហើយផ្លែមានទំហំធំជាងពូជរបស់ជប៉ុន។ ចំណែកពូជបន្ទាប់បន្សំផ្សេងទៀត ដូចជាឈ្មោះ មេយ៉ាង (Maehyang) ឈ្មោះ ជឺមស៊ីល (Geumsil) និងពូជឈ្មោះ ឃីងបឺរី (Kingsberry) ត្រូវបានដាំដុះសម្រាប់ធ្វើពាណិជ្ជកម្មចាប់តាំងពីពេលនោះមក។
អ្នកពាក់ព័ន្ធកត់សម្គាល់ថា ការពឹងផ្អែកលើពូជតែមួយ ឬពីរ ដែលដាំដុះពីតំបន់ជាក់លាក់មួយ ក៏អាចរឹតបន្តឹងបរិមាណនាំចេញផងដែរ នៅពេលកសិដ្ឋានជួបប្រទះបញ្ហាខាតបង់បង្កឡើងដោយកត្តាអាកាសធាតុ ឬត្រូវសត្វល្អិតបំផ្លាញ និងមានជំងឺឆ្លងរាលដាលលើដំណាំ។
កាលពីឆ្នាំ២០២៤ អាកាសធាតុមិនអំណោយនៅក្នុងតំបន់ដាំដុះស្ត្របឺរី បានបណ្តាលឱ្យធ្លាក់ចុះទិន្នផល២,៦ភាគរយនៃបរិមាណនាំចេញផ្លែស្ត្របឺរី បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។
ពាក់ព័ន្ធករណីនេះ ប្រធានក្រុមនៅវិទ្យាស្ថានស្រាវជ្រាវស្ត្របឺរី កូរ៉េខាងត្បូង បានមានប្រសាសន៍ថា «សម្រាប់ពូជថ្មី វាពិបាកក្នុងការបង្កើនចំណែកទីផ្សារ សូម្បីតែមួយភាគរយ។ ការគាំទ្រសម្រាប់បុគ្គលិកស្រាវជ្រាវ គឺត្រូវការជាចាំបាច់ ហើយបន្ទាប់ពីការអភិវឌ្ឍពូជថ្មីរួចហើយ ការគាំទ្រផ្នែកបច្ចេកវិទ្យាដាំដុះ ត្រូវតែធ្វើរួមគ្នាតែម្តង»៕









